លោក សម រង្ស៊ី បង្ហោះ​រូបថត​ជាមួយ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ខណៈ​លោកស្រី ស៊ូ​ជី ទទួល​ជ័យជម្នះ

ខណៈដែល​គណបក្សប្រឆាំង​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី កំពុង​ទទួលបាន​សំឡេងឆ្នោត​នៅ​មី​យ៉ាន់​ម៉ា​ភ្លូកទឹកភ្លូកដី​នោះ លោក សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង​នៅ​កម្ពុជា​នេះ​វិញ ក៏បាន​បង្ហោះ​រូបថត​អនុស្សាវរីយ៍​ជាមួយ​លោកស្រី អ៊ុង​សាន ស៊ូ​ជី។ រូបថត​ចំនួន២សន្លឹក ដែល​លោក សម រង្ស៊ី បាន​ជួប​ជាមួយ​លោកស្រី អ៊ុង​សាន ស៊ូ​ជី នោះ​គឺ​នៅក្នុង​ឆ្នាំ១៩៩៦ និង​ឆ្នាំ២០១៣ ។

ភ្ជាប់​ជាមួយ​រូបថត​នោះ​លោក សម រង្ស៊ី ក៏បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ទៀតថា៖«ជ័យជម្នះ ភ្លូកទឹកភ្លូកដី របស់លោក​ស្រី អ៊ុង សាន ស៊ូ ជី និង​គណបក្ស "សម្ព័ន្ធភាព​ជាតិ ដើម្បី​លទ្ធិប្រជាធិបតេយ្យ" របស់លោក​ស្រី ក្នុងការ​បោះឆ្នោត កាលពី​ថ្ងៃ ៨ វិច្ឆិកា ២០១៥ នៅ​ប្រទេស​ភូមា គឺជា​ដំណឹង​ល្អ សម្រាប់​លទ្ធិប្រជាធិបតេយ្យ ទូទាំង​ពិភពលោក ជាពិសេស សម្រាប់ ប្រទេស​កម្ពុជា»។