WCS ជំរុញ​ឲ្យ​អាជ្ញាធរ​ស្វែ​ករក​ឃាតករ​សម្លាប់​មន្ត្រី​អភិរក្ស​ព្រៃឈើ​ឲ្យ​ឃើញ​

​អង្គការ​សមាគមន៍​អភិរក្ស​សត្វព្រៃ​កម្ពុជា​(WCS) នៅ​ថ្ងៃទី​៩​ខែវិច្ឆិកា បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​សម្តែង​ការសោកស្តាយ​ចំពោះ​ការ​អំពើ​ឃាតកម្ម​ដែល​បាន​កើតឡើង​ចំពោះ​មន្ត្រី​អភិរក្ស​ព្រៃឈើ និង​នគរបាល ក្នុង​ខេត្តព្រះវិហារ​។ ក្រៅពី​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​ជនរងគ្រោះ អង្គការ​WCS ដែល​បានចាត់ទុក​ជនរងគ្រោះ​ជា​វីរបុរស​ការពារ​ព្រៃឈើ ក៏​ជំរុញ​ឲ្យ​អាជ្ញាធរ​ស្វែងរក​ឃាតករ​យកមក​ផ្តន្ទាទោស​ផងដែរ ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ ។

​លោក រ៉ូ​ស ស៊ីន​ក្លែ​រ៍​(Ross Sinclair)​ប្រធាន​អង្គការ​WCS បាន​មានប្រសាសន៍ថា​៖«​យើង​នឹង​បន្ត​គាំទ្រ​រាជរដ្ឋាភិបាល និង​សហគមន៍​ដែលជា​ដៃគូ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង បញ្ឈប់​ការកាប់​ឈើ និង​ការ​បរបាញ់​ខុសច្បាប់ និង​ស្វែងរក​ឃាតករ​មក​ផ្តន្ទាទោស​»​។ លោក​បន្តថា​៖«​យើង​មិនគួរ​បណ្តោយ​ឲ្យ​ឧក្រិដ្ឋជន​មក​បំផ្លាញ គំរាមកំហែង និង​សម្លាប់​អ្នក​ខិតខំ​ធ្វើការ​ដោយ​មិន​ខ្លាច​នឿយហត់ ដើម្បី​ការពារ​សម្បត្តិ​ព្រៃឈើ​របស់​កម្ពុជា​បានទេ​»​។​

​ពាក់ព័ន្ធ​នឹង​ករណីនេះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រ​ក្ខា​ប្រមាញ់ និង​នេសាទ និង​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក៏បាន​ចេញមុខ​ថ្កោលទោស និង​ទាមទារ​ឲ្យ​អាជ្ញាធរ​ស្រាវជ្រាវ​រក​ជនល្មើស យកមក​ផ្តន្ទាទោស​តាមច្បាប់ ឲ្យ​បាន​ដាច់ខាត​ផងដែរ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ និង​បង្ហាញ​ពី​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​។

​សូមបញ្ជាក់ថា  មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់ និង​នគរបាល​ម្នាក់​បាន​ស្លាប់ ដោយសារ​ការបាញ់ប្រហា​រ​ពី​ជន​មិន​ស្គាល់មុខ កាលពី​ម៉ោង​ប្រមាណ​១​យប់​រំលង​អា​ធ្រា​តុ ឈានចូល​ថ្ងៃទី​៧ ខែវិច្ឆិកា​។ ករណី​បាញ់ប្រហារ​នេះ​កើតឡើង​នៅ​ចំណុច​ភូមិ​សែន​រុងរឿង​៣ ឃុំ​មរតក ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។  ជនរងគ្រោះ មានឈ្មោះ សៀង ណា​រ៉ុង ជា​ប្រធាន​ក្រុម​ល្បាត​រដ្ឋបាល​ព្រៃឈើ និង​ឈ្មោះ សាប់ យស់ ជា​មន្ត្រីនគរបាល​ស្រុក​ឆែប​។ ហេតុការណ៍​នេះ​កើតឡើង​ក្រោយ​ពេលដែល​ក្រុម​ល្បាត ចុះ​ចាប់​ម៉ាស៊ីន​អារឈើ​ពី​ក្រុម​ឈ្មួញ​ខុសច្បាប់​៕