គ.ជ.ប​មាន​ជំនឿ​លើ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ

ការ​អនុវត្ត​ចុះ​ឈ្មោះ​បោះឆ្នោត​សាក​ល្បង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ទំនើប​ជា​លើក​ដំបូង របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) មាន​រយៈ​ពេល ៩​ថ្ងៃ​ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​៩ វិច្ឆិកា។ មន្ត្រី​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត ទាំង​មន្ត្រី គ.ជ.ប និង​អង្គការ​មិន​មែន​រដ្ឋាភិបាល មើល​ឃើញ​ប្រព័ន្ធ​សាកល្បង​នេះ​ដំណើរការ​ទៅ​ល្អ។

មន្ត្រី​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត រំពឹង​ថា ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ទំនើប រយៈ​ពេល ៩​ថ្ងៃ​កន្លង​មក​នេះ នឹង​អាច​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧ ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​ជឿ​ទុក​ចិត្ត​បាន។

ទន្ទឹម​គ្នា​នេះ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា ថ្លែង​ថា រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​៩ វិច្ឆិកា ការ​ចុះ​ឈ្មោះ​បាន​ចំនួន ១២.០០០​នាក់​ហើយ ក្នុង​គម្រោង​ជាង ៣០.០០០​នាក់ តែ​មាន​បញ្ហា​ខ្លះៗ៖ «បញ្ហា​ប្រឈម គឺ​កន្លែង​ខ្លះ​អត់​មាន​អគ្គិសនី កន្លែង​ខ្លះ​អត់​អ៊ិនធឺណិត ហើយ​បញ្ហា​ភ្លៀង បញ្ហា​ប្រជាពលរដ្ឋ​លោក​ចប់​ម៉ោង​ធ្វើការ​បាន​មក​ចុះ​ឈ្មោះ​ល្ងាច​ជ្រុល​ដែល​ជា​ម៉ោង​បិទ​ការិយាល័យ​ចុះ​ឈ្មោះ​របស់​ក្រុម​ចុះ​ឈ្មោះ​សាកល្បង ហើយ​មាន​ប្រជាពលរដ្ឋ​លោក​សាកល្បង​ចង់​ដឹង​អំពី​ការ​ចុះ​ឈ្មោះ​លើស​ពី​មួយ​កន្លែង។ ក្នុង​ឃុំ​សង្កាត់​មួយ គាត់​ចុះ​ទៅ​កុំព្យូទ័រ​ឆ្លើយ​ដឹង ក៏​ប៉ុន្តែ​គាត់​រត់​ទៅ​ចុះ​នៅ​ឃុំ​ផ្សេង​ខេត្ត​ផ្សេង កុំព្យូទ័រ​អត់​ដឹង​ទេ​នៅ​ទី​នោះ។ ប៉ុន្តែ​ដល់​បញ្ជូន​ឈ្មោះ​មក​កុំព្យូទ័រ គ.ជ.ប គឺ គ.ជ.ប បាន​រក​ឃើញ។ ខ្ញុំ​ថា នេះ​ជា​ការ​ល្អ ពី​ព្រោះ​ទុក​ឱ្យ​ប្រជាពលរដ្ឋ​លោក​សាកល្បង​ចុះ បើ​ប្រជាពលរដ្ឋ​លោក​មិន​មាន​ជំនឿ លោក​អាច​សាកល្បង​បាន​តើ»

ស្រដៀង​គ្នា​នេះ មន្ត្រី​ផ្នែក​អង្កេត​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​ថា ខុមហ្វ្រែល (COMFREL) ដែល​ធ្វើការ​ខាង​ឃ្លាំ​មើល​កិច្ចការ​បោះឆ្នោត លោក ស៊ិន ទិត្យសីហា មាន​ប្រសាសន៍​ថា ការ​តាមដាន​របស់​លោក​ជា​បឋម​ចំពោះ​ការ​ចុះ​ឈ្មោះ​សាកល្បង​នៅ​ខេត្ត​ចំនួន ៣ គឺ​ខេត្ត​ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ ស្ថានភាព​ជា​ទូទៅ​ដំណើរ​ការ​ល្អ។

លោក ស៊ិន ទិត្យសីហា៖ «ទី​មួយ មន្ត្រី​នោះ​គាត់​អត់​មាន​សរសេរ​ដៃ​ពី​ថ្នាក់​ឃុំ ហើយ​បញ្ជូន​មក គ.ជ.ប ហើយ គ.ជ.ប បញ្ចូល​ទិន្នន័យ​ទៀត​ទេ។ អ៊ីចឹង​កន្លែង​ហ្នឹង យើង​គិត​ថា អាច​កាត់​បន្ថយ​បញ្ហា​ខុស​ទិន្នន័យ​ខុស​អី ព្រោះ​ឈ្មោះ​គេ​បញ្ចូល​តាំង​ពី​មូលដ្ឋាន​មក​តែ​ម្ដង ហើយ​មួយ​ទៀត ប្រព័ន្ធ​ថ្មី​ហ្នឹង​យើង​ឃើញ​មាន​ការ​ប្រើប្រាស់​រូបថត ហើយ​និង​ការ​ស្កែន​ស្នាម​មេ​ដៃ​អ្នក​ចុះ​បោះឆ្នោត​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ហ្នឹង ហើយ​នៅ​ឃុំ​ខ្លះ​ដែល​ខ្ញុំ​ចុះ​ទៅ​ហ្នឹង គាត់​ក៏​បាន​សាកល្បង​ដែរ។ គាត់​ឱ្យ​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​រួច​ហើយ​ហ្នឹង មក​ចុះ​មួយ​សា​ទៀត។ អ៊ីចឹង នៅ​ពេល​ដែល​គាត់​ផ្ដិត​មេដៃ​ទៅ ប្រព័ន្ធ​ហ្នឹង​ឆ្លើយ​ថា ឈ្មោះ​ម្នាក់​ហ្នឹង​បាន​ចុះ​រួច​ហើយ។ អ៊ីចឹង​ម្នាក់​ហ្នឹង​គាត់​ចុះ​ឈ្មោះ​បាន​ម្ដង​ទៀត​ទេ»

លោក ស៊ិន ទិត្យសីហា បញ្ជាក់​ថា មន្ត្រី​ចុះ​ឈ្មោះ​ខ្លះ​ជួប​ការ​លំបាក​ចំពោះ​កម្មវិធី​កុំព្យូទ័រ​ពេល​ដំបូង។ ប៉ុន្តែ​បន្ទាប់​មក ពួក​គាត់​យល់​ថា កម្មវិធី​ប្រព័ន្ធ​កុំព្យូទ័រ​នេះ​ងាយ​ស្រួល​ជាង​មុន។ ទោះ​ជា​ដូច្នេះ​ក្ដី ខាង​លោក​នៅ​មិន​ទាន់​អាច​វាយ​តម្លៃ​ការ​ចុះ​ឈ្មោះ​សាក​ល្បង​នេះ​ជា​រួម​បាន​ទេ ព្រោះ​មិន​ទាន់​បាន​បូក​សរុប​លទ្ធផល​ពី​គ្រប់​ការិយាល័យ​សាកល្បង​នៅ​ឡើយ។

មន្ត្រី​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ទៀត​ថា គ.ជ.ប នឹង​មាន​វិធានការ​ដោះស្រាយ​បញ្ហា ដែល​កំពុង​ជួប​ប្រទះ​នៅ​ពេល​នេះ សម្រាប់​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ៖ «យើង​ដោះស្រាយ​តាម​ហ្នឹង​ទៀត ឧទាហរណ៍​ថា បញ្ហា​អ៊ិនធឺណិត​ខ្សោយ ឬ​អត់​មាន​អ៊ិនធឺណិត នៅ​ឆ្នាំ​២០១៦ យើង​អាច​ទិញ​អ៊ិនធឺណិត​ពី​ក្រុមហ៊ុន​ណា​មួយ​ដោយ​ទិញ​ស្ពីត (Speed) ឱ្យ​លឿន​បំផុត សម្រាប់​បម្រើ​ការងារ​ចុះ​ឈ្មោះ​បី​ខែ ហើយ​កន្លែង​អត់​អគ្គិសនី យើង​គ្រោង​នឹង​ទិញ​នូវ​ម៉ាស៊ីន​ភ្លើង ដើម្បី​ឱ្យ​ក្រុម​ចុះ​ឈ្មោះ​ហ្នឹង លោក​មាន​ម៉ាស៊ីន​ភ្លើង​ប្រើ»

ការ​អនុវត្ត​ការ​ចុះ​ឈ្មោះ​សាកល្បង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ទំនើប​នេះ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ វិច្ឆិកា ហើយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៥ វិច្ឆិកា។ ការ​ចុះ​ឈ្មោះ​សាកល្បង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ពេល​នេះ គឺ​ជា​បច្ចេកទេស​ទំនើប​លើក​ដំបូង​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ជិត ៣​ទសវត្ស​កន្លង​មក ដែល​ធ្លាប់​តែ​រៀបចំ​ឡើង​ដោយ​ដៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។