បុគ្គលិក​ធនាគារ​អេស៊ីលីដា ជិះ​ម៉ូតូ​ដួល​ស្លាប់​គ្មាន​អ្នកណា​ដឹង​

ព្រៃវែង: យុវជន​ម្នាក់​ជា​បុគ្គលិក​ធនាគារ​អេស៊ីលីដា បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ជិះ​ម៉ូតូដួល​ខ្លួនឯង បណ្ដាល​ឲ្យ​ស្លាប់​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​យប់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១១ ចំណុច​ខាងកើត​ស្ពាន​ទី​៣ ប្រហែល​១៥០ម៉ែត្រ ស្ថិតក្នុង​ភូមិ​បារាយ​ខាងកើត សង្កាត់​បារាយ ក្រុង​-​ខេត្តព្រៃវែង​។​

 សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹងថា ជនរងគ្រោះដែល​ដួល​ម៉ូតូ​ស្លាប់ ឈ្មោះ​វ៉ែន ចិ​ត្រា  អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត​នៅភូមិ​ជម្រុះ ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង មានមុខរ​បរជា​បុគ្គលិក​ធនាគារអេស៊ីលីដា​សាខា​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។​ជនរងគ្រោះជិះម៉ូតូ តូ​ម៉ាកហុងដា សេ​១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ព្រៃវែង​1B-4085ពី​ជើង​ទៅ​ត្បូង ដោយបើកបរ​ក្នុង​ល្បឿន​លឿន រួច​ក៏​បើក​ធ្លាក់​ជើងទេ​ថ្នល់ ហើយ​បាន​បោក​ខ្លួន​ផ្កាប់មុខទៅនឹង​ជើងទេ​ថ្នល់​តែម្នាក់ឯង​។​

​ដោយគ្មានអ្នកណាមួយ​ដឹង ណាមួយទីនោះ​ជា​កន្លែង​ស្ងាត់ ហើយ​នៅ​កណ្ដាលយប់ទៀត​ទើប​បណ្ដាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​តែម្នាក់ឯង​យ៉ា​អាណោចអាធ័ម​។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​១០វិច្ឆិកា ទើប​មាន​ប្រជាពលរដ្ឋ​ប្រទះឃើញ ហើយ​រាយការណ៍មក​សមត្ថកិច្ច​។ ភ្លាមៗ សមត្ថកិច្ច​ក៏បាន​ចុះ​ដល់​កន្លែងកើតហេតុ ហើយឆែក​ឃើញ​មាន​លុយ​មួយចំនួន​ទូរស័ព្ទដៃ​១​គ្រឿង សម្ភារៈប្រើប្រាស់​កាត​គ្រី ម៉ូតូអត្តសញ្ញាណប័ណ្ណ និង​ស្រាវជ្រាវ​ជូនដំណឹង​ទៅ​ក្រុមគ្រួសារ​។ ក្រោយមកក្រុមគ្រួសារ​បានមក​យក​សព​ជនរងគ្រោះ​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕​