ជនសង្ស័យ​សម្លាប់​ក្មេងស្រី​ប្លន់​ក្រវិល​អាច​ជាប់ពន្ធនាគា​រ​ពី​១៥​ឆ្នាំ​ដល់​៣០​ឆ្នាំ

ខេត្តកណ្ដាល​៖​ជនសង្ស័យ​ជា​យុវតី​អាយុ​១៦​ឆ្នាំ​ដែល​ធ្វើ​សកម្មភាព​ច្របាច់​.​ក​សម្លាប់ ក្មេងស្រី​អាយុ​៨​ឆ្នាំ​ប្លន់​ក្រវិល និង​ចិញ្ចៀន​នៅ​ស្រុក​អង្គស្នួល​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ពី​១៥​ឆ្នាំ​ដល់​៣០​ឆ្នាំ ខណៈដែល​យុវតី ឈ្មោះ អឿន សុភាព ជា​ជនសង្ស័យ​ត្រូវបាន​លោក គឹម ម៉េង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​កាលពី​ល្ងាច​ថ្ងៃទី​៩ ខែវិច្ឆិកា​។ 

​    ​យោងតាម ព្រះរាជអាជ្ញារង ឡាប ឡាយ​មុនី បាន​បញ្ជាក់ថា ជនសង្ស័យ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ឃាតកម្ម មាន​ស្ថាន​ទម្ងន់ទោស​តាម​មាត្រា​២០២ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​បទល្មើស​នេះ​នឹងធ្វើ​ឲ្យ​យុវតី​ជាប់ចោទ​អាច​ប្រឈមមុខ​នឹង​ការជាប់ ពន្ធនាគារ​ពី​១៥​ឆ្នាំ ដល់​៣០​ឆ្នាំ ប្រសិនបើ​តុលាការ​រកឃើញថា មាន​ពិរុទ្ធភាព​ដូច​ការចោទប្រកាន់​នេះ​មែន​។ ហេតុការណ៍​ឃាតកម្ម​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​វាលស្រែ​ភូមិ​ព្រៃ​សំរោង ឃុំ​ដំណាក់​អម្ពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល ដោយ​ជនរងគ្រោះ​ឈ្មោះ គៀត សៀវ​លី ភេទ​ស្រី​អាយុ​៨​ឆ្នាំ ជា​សិស្ស​ម​ត្តេ​យ្យ រស់នៅ​ក្នុងភូមិ​ទន្លាប​ខ្ពស់​ជើង ឃុំ​ដំណាក់​អម្ពិល ស្រុក​អង្គស្នួល​។ 

​    ​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា យោងតាម​ចម្លើយសារភាព​របស់​យុវតី​ជាប់ចោទ​បាន​រៀបរាប់ថា នៅ​ថ្ងៃកើតហេតុ​ខ្លួន​បានឃើញ​ជនរងគ្រោះ​ពាក់​ក្រវិល​មាស និង​ចិញ្ចៀន​ប្លា​ទីន​១​វង់ កំពុង​ឈរ​លេង​ខាងមុខផ្ទះ តែម្នាក់ឯង​ក្បែរ​វាលស្រែ ទើប​ខ្លួន​មក​ផ្ទះ​យក​កង់​ជិះ​មក​បបួល​ជនរងគ្រោះ​ទៅ​ងូតទឹក​ប្រឡាយ​។ ជនរងគ្រោះ​ក៏​ព្រម​ឡើង​ជិះ​កង់​ទៅជា​មួយពេល​ទៅដល់​កន្លែង​កើតហេតុ ខ្លួន​បានធ្វើ​សកម្មភាព​ចាប់​ច្របាច់ក​ជនរងគ្រោះ​រហូតដល់​ស្លាប់ ទើប​ដោះយក​មាន​ក្រវិល​មាស​ទម្ងន់​៣​ហ៊ុន ចិញ្ចៀន​ប្លា​ទីន​១​វង់ តម្លៃ​ប្រហែល​៣០​ដុល្លារ ទៅ​លក់​នៅ​ផ្សារ​ថ្នល់ទទឹង បាន​លុយ​សរុប​ជាង​១០​ម៉ឺន​រៀល​។ លុះដល់​ម៉ោង​៤​ល្ងាច ថ្ងៃទី​៦ ខែវិច្ឆិកា ខ្លួន​មកពីផ្សារ​ថ្នល់ទទឹង​ឃើញ​ក្រុមគ្រួសារ​ជនរងគ្រោះ​ដើររក​ជនសង្ស័យ សម្លាប់​ជនរងគ្រោះ ខ្លួន​ក៏​បន្លំ​ធ្វើជា​ជួយ​ដើររក​ផងដែរ​។ រហូតដល់​ម៉ោង​៧​យប់ ទើប​ចូល​ផ្ទះ​សម្ងំ​ដេក​រហូតដល់​ម៉ោង​១២​យប់ មាន​សមត្ថកិច្ច​មករ​ក ខ្លួន​ក៏​ពួន​នៅក្រោយ​ផ្ទះ​។ ប៉ុន្តែ​មកដល់​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ខ្លួន​ចូល​ផ្ទះ​វិញ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្ដង​៕

ជនសង្ស័យ​សម្លាប់​ក្មេងស្រី​ប្លន់​ក្រវិល​អាច​ជាប់ពន្ធនាគា​រ​ពី​១៥​ឆ្នាំ​ដល់​៣០​ឆ្នាំ
ជនសង្ស័យ​សម្លាប់​ក្មេងស្រី​ប្លន់​ក្រវិល​អាច​ជាប់ពន្ធនាគា​រ​ពី​១៥​ឆ្នាំ​ដល់​៣០​ឆ្នាំ