គួច សុកុម្ភៈ ​​សង្ឃឹម​៧០​%​លើក​ពានលីក ទោះ​ជួប​​ក្លិប​ចាស់​ភ្នំពេញ​ក្រោន​

គួច សុកុម្ភៈ ​​សង្ឃឹម​៧០​%​លើក​ពានលីក ទោះ​ជួប​​ក្លិប​ចាស់​ភ្នំពេញ​ក្រោន​

គួច សុកុម្ភៈ ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ណាហ្គាវើល​បាន​និយាយ​ថា​រូបគេ​មាន​សង្ឃឹម​ខ្ពស់​រហូត​ដល់​ទៅ​៧០​% ក្នុង​ការ​លើក​ពាន​រង្វាន់​លីក​កំពូល​កម្ពុជា​មិត្តហ្វូន​ខេមបូឌាន​លីក​ឆ្នាំ​២០១៥​ បើ​ទោះ​បី​ជា​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ត្រូវ​ប៉ះ​ក្លិប​ចាស់​របស់​ខ្លួន​ភ្នំពេញ​ក្រោន​ក៏​ដោយ។

 

គួច សុកុម្ភៈ ​​សង្ឃឹម​៧០​%​លើក​ពានលីក ទោះ​ជួប​​ក្លិប​ចាស់​ភ្នំពេញ​ក្រោន​

 

សុកុម្ភៈ បាន​ក្លាយ​ជា​វិរបុរស​របស់​ក្រុម​ណាហ្គាវើល​ក្នុង​រដូវ​កាល​នេះ បន្ទាប់​ពី​រក​បាន​មួយ​គ្រាប់​នៅ​ចុង​ម៉ោង​នាទី​៨៦ ក្នុង​ការ​ប្រកួត​ជើង​ទី​២​វគ្គ​ Play Off ​ជាមួយ​ក្រុម​បឹងកេត​អង្គរ ដោយ​មួយ​គ្រាន់​នោះ​គឺ​ជា​គ្រាប់​បាល់​ជួយ​ក្រុម​ណាហ្គាវើល​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ប៉ះ​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន (ព្រោះ​គិត​ទាំង​ពីរ​ជើង ណាហ្គាវើល ៤-៣ បឹង​កេត​អង្គរ​)។

 

ដោយ​ត្រូវ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ពាន​រង្វាន់​ជាមួយ​ក្លិប​ចាស់​របស់​ខ្លួន គួច សុកុម្ភៈ ​បាន​និយាយ​ថា​ខ្លួន​មិន​ច្បាស់​ថា​អាច​ធ្វើ​អ្វី​បាន​ខ្លះ​នោះ​ទេ ប៉ុន្តែ​ក្នុង​ចិត្ត​របស់​គេ​មាន​សង្ឃឹម​ដល់​ទៅ​៧០​%​ទៅ​ហើយ ​ក្នុង​ការ​ដណ្ដើម​យក​ពាន​រង្វាន់​លីក​កំពូល​កម្ពុជា​នេះ។

 

“លេង​ជាមួយ​បឹង​កេត​ ក្រុម​ខ្ញុំ​លេង​ប្រឹង​ពេក ទើប​បណ្ដាល​ឱ្យ​មាន​ចន្លោះ​ប្រហោង​អាច​ឱ្យ​បឹង​កេត​រក​គ្រាប់​បាល់​បាន។ តែ​ប្រកួត​ជាមួយ​ក្រោន​ខ្ញុំ​នឹង​ប្រឹង​បន្ថែម​ទៀត​ជាមួយ​សមាជិក​ក្នុង​ទាំង​អស់ ដើម្បី​ឈ្នះ​ការ​ប្រកួត។ អ្វី​ក៏​អាច​កើត​មាន​បាន… ដូច្នេះ​ខ្ញុំ​មាន​សង្ឃឹម​៧០​%​ក្នុង​ការ​លើក​ពាន​លីក​កំពូល”។ ខ្សែ​ប្រយុទ្ធ​មក​ពី​ខេត្ត​កំពង់​ធំ បាន​បញ្ជាក់​បន្ថែម។

 

ខ្សែ​ប្រយុទ្ធ​ដែល​ជាប់​ជម្រើស​ជាតិ​កម្ពុជា​តាំង​ពី​ឆ្នាំ​២០០៦​ខាង​លើ ​គឺ​ជា​អតីត​កីឡាករ​របស់​ក្លិប​ភ្នំពេញ​ក្រោន ដែល​ទើប​តែ​ចាកចេញ​ពី​ក្លិប​នៅ​ចុង​រដូវ​កាល​២០១៤​​ ខណៈ​ដែល​ប្រកួត​ផ្ដាច់ព្រ័ត្រ​រូប​គេ​នឹង​ប្រកួត​ជាមួយ​ក្លិប​ចាស់​នៅ​ថ្ងៃ​ទី​២២​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥ ក្នុង​ជំនួប​ជើង​ទី​១ វេលា​ម៉ោង​៦:០០​ល្ងាច ខណៈ​ដែល​ជើង​ទី​២​ដែល​ជា​ប្រកួត​ចុង​ក្រោយ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២​ខែ​ធ្នូ ឆ្នាំ​២០១៥។ ការ​ប្រកួត​វគ្គផ្ដាច់ព្រ័ត្រ​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ជាតិ​​អូឡាំពិក​ទាំង​ពីរ​ជើង៕

 

អត្ថបទ៖ មុន្នី រម្យ