ព្រូដិនសលកម្ពុជា ៖ កាលានុវត្តភាព ធានារ៉ាប់រង កាន់តែច្រើន សម្រាប់កម្ពុជា ក្នុងសន្និសីទរ៉ាប់រង អាស៊ានលើកទី ១០

ភ្នំពេញ៖ ក្រុមហ៊ុនព្រូដិនសល កម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះឱកាសកាន់តែច្រើន សម្រាប់ប្រទេសកម្ពុជា នៅក្នុងកិច្ចប្រជុំថ្នាក់ តំបន់មួយ ដែលមានការចួលរួម បណ្តាក្រុមហ៊ុនធានារ៉ាប់រង ជាច្រើនមកប្រទេសអាស៊ាន ដើម្បីរួមចំណែកវិស័យនេះ។

សេចក្តីថ្លែងការណ៍របស់ព្រូដិនសលកម្ពុជា ចេញផ្សាយនៅថ្ងៃអង្គារ៍ ១០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានចាត់ខែតុលា ឆ្នាំ ២០១៥ ជាពេលវេលាដ៏វិសេសវិសាល សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដោយសារតែកិច្ចប្រជុំក្នុង វិស័យធានា រ៉ាប់រង ក្របខណ្ឌអាស៊ានសំខាន់ៗ ត្រូវបានរៀបចំឡើងនៅក្នុងប្រទេស។ កាលានុវត្តភាពថ្មីនេះក៏បានបង្ហាញ ឲ្យ ឃើញពី ការអភិវឌ្ឍន៍ជាក់ ស្តែងនៃវិស័យធានារ៉ាប់រង ទាំងនៅកម្ពុជា និងនៅក្នុងតំបន់អាស៊ាន ។

នាថ្ងៃទី២៦ ខែតុលា នៅឯសណ្ឋាគារសុខា សន្និសីទធានារ៉ាប់រងអាស៊ានលើកទី ១០ បានប្រព្រឹត្តិទៅក្រោម ប្រធាន បទ “ពិភពលោកថ្មី” ។ តាមពិតទៅ វត្ថុបំណងសំខាន់នៃសន្និសីទអាស៊ាននេះ គឺដើម្បីគាំទ្រដល់ការធ្វើ សមាហរណកម្ម បទដ្ឋាន និងការអនុវត្តន៍ល្អក្នុងចំណោមសមាជិកសហគមន៍ធានារ៉ាប់រងអាស៊ាន និងដើម្បីធ្វើ ជាវេទិកាសម្រាប់ផ្លាស់ប្ដូរគំនិត និងចំណេះដឹង ជាមួយនឹងបណ្ដាអ្នកជំនាញផ្សេងទៀត។ អំឡុងពេលសន្និសីទនេះ វាគ្មិនជាច្រើនរូបបានផ្ដល់នូវបទបង្ហាញជាគន្លឹះ និងបានរៀបចំជាកិច្ចពិភាក្សាពេញអង្គផងដែរ ។

សម្រាប់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា លោក Looi Pueychyan នាយកផ្នែកប្រតិបត្តិការ និងព័ត៌មានវិទ្យា និងលោក Annadurai A. នាយកផ្នែកលក់ និងចែកចាយ បានចូលរួមក្នុងនាមជាវាគ្មិនសំខាន់ ជាមួយនឹងសមាជិកថ្នាក់ គ្រប់គ្រង ជាន់ខ្ពស់ ១២រូបផ្សេងទៀត។ លោក Looi ជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការចែកចាយជា សកល៖ កាលានុវត្តភាពថ្មី ការប្រឈមថ្មី” ហើយលោក Annadurai ជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “កំណើននៃការលំបាក បញ្ហាប្រឈមនៃទីផ្សារថ្មី” ។

ចាប់ពីថ្ងៃទី២៧ ដល់២៩ ខែតុលា  នៅសណ្ឋាគារសុខា កិច្ចប្រជុំក្រុមប្រឹក្សាធានារ៉ាប់រងអាស៊ានលើកទី ៤១ និង កិច្ចប្រជុំបញ្ញត្តិករធានារ៉ាប់រងលើកទី ១៨ ត្រូវបានរៀបចំឡើងយ៉ាងឧឡារិកដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមធានារ៉ាប់រងកម្ពុជា។ កិច្ចប្រជុំទាំងពីរ ត្រូវបានរៀបចំព្រមគ្នា ដោយមានការចូលរួមពីភ្ញៀវកិត្តិយស មកពីប្រទេសសមាជិកអាស៊ាន ទាំងផ្នែកវិស័យឯកជន និងទាំងបញ្ញត្តិករ។

ពិធីបើកកិច្ចប្រជុំបានប្រព្រឹត្តិ ទៅក្រោមអធិបតីភាពរបស់លោកអូន ព័ន្ធមុនីរ័ត្ន  រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ហើយលោក Pankaj Banerjee អគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជា បានចូលរួមក្នុងនាមជាប្រតិភូ មកពីប្រទេសកម្ពុជា ។

យោងតាម សុន្ទរកឋារបស់ឯកឧត្តមរដ្ឋមន្ត្រី កិច្ចសហការ និងសហប្រតិបត្តិការក្នុងចំណោមរដ្ឋសមាជិក អាស៊ាន ពិតជារួមចំណែកដល់កំណើននៃវិស័យធានារ៉ាប់រង និងការលូតលាស់នៃសហគមន៍អាស៊ាន។

ក្រុមហ៊ុន ព្រូដិនសលកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំព្រឹត្តិការណ៍សំខាន់ៗទាំងនេះ ចាប់តាំងពីដំណើរ ការរៀបចំ ដំបូងមកម្លេះ។ យើងបានផ្ដល់បុគ្គលិកបច្ចេកទេសសំខាន់ៗ ដើម្បីចូលរួមក្នុងគណៈកម្មការរៀបចំ កិច្ចប្រជុំ ដែលដឹកនាំដោយសមាគមធានារ៉ាប់រងកម្ពុជា។ ជាងនេះទៅទៀត យើង បានជួយគាំទ្រជាសម្ភារៈ មួយចំនួន ដើម្បី ញ៉ាំងឲ្យការរៀបចំព្រឹត្តិការណ៍នេះបានរលូន និងជោគជ័យ ។

កិច្ចប្រជុំដ៏វិសេសវិសាល ដែលត្រូវបានរៀបចំក្នុងព្រះរាជាណាចក្រកម្ពុជានេះ គឺជាមោទនភាពសម្រាប់ ប្រទេស កម្ពុជាផង និងសម្រាប់ប្រជាពលរដ្ឋគ្រប់ៗគ្នាផងដែរ។ ព្រូដិនសលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងសមាគមធានារ៉ាប់រងកម្ពុជា ដែលបានផ្ដល់ឱកាសដល់ក្រុមហ៊ុន បានចូលរួម ក្នុងព្រឹត្តិការណ៍ដ៏សំខាន់ទាំងនេះ ហើយសូមអបអរសាទរដល់ជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕