រាជរដ្ឋាភិបាល ប្តេជ្ញាការពារ បូរណភាពទឹកដី កម្ពុជា

-រដ្ឋមន្រ្តីការបរទេសកម្ពុជា លើកឡើងពីការឈា្លនពាន របស់ថៃមក ប្រាសាទព្រះវិហារ

ភ្នំពេញ៖ ជាថ្មីម្តងទៀត លោក ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស កម្ពុជា បានបញ្ជាក់ ពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹក មិនឲ្យបាត់បង់មួយចង្អាមឡើយ ទាំងផ្នែក ខាងលិច កើត ជើង។

ការលើកឡើងរបស់លោកនេះ បានធ្វើឡើងក្នុងវេទិកាបឋកថា ស្តីពី  “ បទពិសោធន៍នៃយុទ្ធសាស្រ្តផ្លូវច្បាប់ ដើម្បី ការពារប្រាសាទ និងតំបន់ប្រាសាទព្រះវិហារ នៅតុលាការយុត្តិធម៌អន្តរជាតិ នៅក្នុងរយៈពេលកន្លងមក នៅព្រឹក ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ដែលប្រាព្ធឡើងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលា តិចណូ)។

ពិធីនេះ  ដើម្បីអបអរសាទរខួប២ឆ្នាំ (ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣) នៃថ្ងៃជ័យជំនះរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុង សំណើសុំឲ្យតុលាការយុត្តិធម៌អន្តរជាតិបកស្រាយ សាលក្រមថ្ងៃទី១៥ មិថុនា ១៩៦២ ស្តីពីប្រាសាទព្រះវិហារ។

លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា “ការបកស្រាយនៅតុលាការយុត្តិធម៌ អន្តរជាតិ បានបញ្ជាក់ឲ្យឃើញ យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្តេជ្ញាការពារបូរណភាពទឹកដី របស់ កម្ពុជាទាំងខាងលិច ខាងកើត និងខាងជើង សូម្បីផ្ទៃដី៤,៦គម២ ក៏ចំណាយថវិកា និងពេលវេលាទៅតវ៉ានៅ តុលាការ យុត្តិធម៌អន្តរជាតិ(ICJ)ដែរ”។   

ព្រមជាមួយគ្នានេះដែរ ក្នុងបឋកថា លោកឧបនាយករដ្ឋមន្រ្តី  ហោ ណាំហុង បានរំលឹកឡើងវិញពីការឈ្លានពាន របស់ថៃចូលកាន់កាប់ប្រាសាទព្រះវិហារក្នុងឆ្នាំ១៩៥៤ និងសាលក្រមឆ្នាំ១៩៦២ របស់តុលាការយុត្តិធម៌ អន្តរជាតិ។

លោកបន្តថា ក្រោយប្រទេសកម្ពុជាបានទទួលឯករាជ្យពីបារាំងនៅថ្ងៃ៩ វិច្ឆិកា ១៩៥៣ ថៃបានចូលកាន់កាប់ ប្រាសាទ ព្រះវិហារ នៅឆ្នាំ១៩៥៤។  ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ បានប្តឹងទៅតុលាការយុត្តិធម៌ អន្តរជាតិ នៅថ្ងៃទី៦ តុលា ១៩៥៩ ។

សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ថ្ងៃ១៥ មិថុនា ១៩៦២ រួមមានៈ តុលាការបានសំអាងថា ថៃបានទទួល យកផែនទី ឧបសម្ព័ន្ធ១ មានន័យថាបាន ទទួលស្គាល់ខ្សែនៅលើផែនទីនោះថាជាខ្សែព្រំដែនរវាងប្រទេសទាំងពីរ។ ថៃពុំបានតវ៉ាឡើយ ហើយបានស្នើសុំ១៥ច្បាប់បន្ថែមទៀត។ ក្នុងឱកាសទស្សនកិច្ចនៅប្រាសាទព្រះវិហារ ក្នុងឆ្នាំ ១៩៣០ របស់ព្រះអង្គម្ចាស់ដាមរ៉ុង (Damrong) បារាំងបានទទួលនៅប្រាសាទព្រះវិហារដោយមានទង់ជាតិ របស់ បារាំង។ អនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ បានបង្កើតគណៈកម្មការចំរុះមួយ ដើម្បីធ្វើការ ខណ្ឌសីមាព្រំដែន ហើយ គណៈកម្មការនេះបានគូសផែនទីឧបសម្ព័ន្ធ១ នៅឆ្នាំ ១៩០៨។  តុលាការ បដិសេធទឡ្ហីករណ៍ថៃដែលថាខ្សែព្រំដែន ដើរតាម ខ្សែបែងចែកទឹក ដូច បានលើកឡើងក្នុងអនុសញ្ញាឆ្នាំ១៩០៤។
 
អង្គច្បាប់(Dispositif) ប្រាសាទព្រះវិហារ ស្ថិតក្នុងទឹកដី ក្រោមអធិបតេយ្យភាពរបស់កម្ពុជា។ ប្រទេសថៃ មានកាតព្វកិច្ច ដកទ័ព ប៉ូលីស និងកំលាំងយាមល្បាតរបស់ខ្លួនចេញពី ប្រាសាទ និងតំបន់ជុំវិញប្រាសាទ ក្នុងទឹកដីកម្ពុជា៕

រាជរដ្ឋាភិបាល ប្តេជ្ញាការពារ បូរណភាពទឹកដី កម្ពុជា

រាជរដ្ឋាភិបាល ប្តេជ្ញាការពារ បូរណភាពទឹកដី កម្ពុជា

រាជរដ្ឋាភិបាល ប្តេជ្ញាការពារ បូរណភាពទឹកដី កម្ពុជា

រាជរដ្ឋាភិបាល ប្តេជ្ញាការពារ បូរណភាពទឹកដី កម្ពុជា

រាជរដ្ឋាភិបាល ប្តេជ្ញាការពារ បូរណភាពទឹកដី កម្ពុជា