តំណាងរាស្រ្ត២រូប របស់ CNRP ប្តឹងក្រុមបាតុករពីបទ «ប៉ុនប៉ងឃាតកម្ម គិតទុកជាមុន» ហើយទាមទារសំណង់ ២០០លានរៀល

ភ្នំពេញ ៖ តំណាងរាស្រ្ត២រូប របស់គណបក្សសង្រ្គោះជាតិ ដែលរងការវាយដំ អំឡុងបាតុកម្មនៅខាងមុខរដ្ឋសភា បានដាក់ពាក្យបណ្តឹង នៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ ពីបទ «ប៉ុនប៉ងឃាតកម្មគិតទុកជាមុន» ហើយទាមទារសំណងចំនួន២០០លានរៀល។ នេះបើតាម លោក ជួង ជូងី មេធាវីការពារក្តី ឱ្យគណបក្សសង្រ្គោះជាតិ។

លោក ជួង ជូងី បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ថា បណ្តឹងនេះ មាន២ករណី រួមមានបទ «ប៉ុនប៉ងឃាតកម្មគិតទុកជាមុន» និងបទ «ធ្វើឱ្យខូចខាត ដោយចេតនាមានស្ថានទម្ងន់ទោស» ដោយមិនបានប្តឹងទៅបុគ្គលណាម្នាក់នោះទេ គឺប្តឹងក្រុមបាតុករតែម្តង។ តំណាងរាស្រ្តរងគ្រោះទាំង២រូប បានទាមទារសំណង ម្នាក់១០០លានរៀល ។

លោកថា៖ «យើងប្តឹងក្រុមបាតុករ យើងអត់ចង្អុលថាបុគ្គលណាមួយនោះទេ ហើយទុកឱ្យសមត្ថកិច្ចគេស្រាវជ្រាវទៅ ពីបទ "ប៉ុនប៉ងឃាតកម្មគិតទុកជាមុន" និង "ធ្វើឱ្យខូចខាត ដោយចេតនាមានស្ថានទម្ងន់ទោស"...និងប្តឹងរដ្ឋប្បវេនី១០០លានរៀល ក្នុងម្នាក់ៗ»។

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ កន្លងទៅ បន្ទាប់ពីមានបាតុកម្មទម្លាក់លោក កឹម សុខា ចេញពីអនុប្រធានទី១ នៃរដ្ឋសភាបានបញ្ចប់ មានក្រុមបាតុករមួយក្រុម បានព្រួតគ្នាវាយតំណាងរាស្រ្ត២រូប របស់គណបក្សសង្រ្គោះជាតិ គឺលោក គង់ សភា តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង និងលោក ញ៉យ ចំរើន តំណាងរាស្រ្ត មណ្ឌលខេត្តកំពង់ចាម បណ្តាលឱ្យរងរបួសធ្ងន់។

ក្រោយមក នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ជនដៃដល់៣នាក់ ដែលភាគច្រើនត្រូវបានមហាជន បង្ហោះបង្ហាញនៅលើបណ្តាញទំនាក់ទំនងមួយចំនួន បានចូលសារភាព នៅចំពោះមុខសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។ ជនដៃដល់ទាំងនោះ រួមមានទី១៖ ឈ្មោះ ចាយ សារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល , ទី២៖ ឈ្មោះ ម៉ៅ ហឿន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង និង ទី៣៖ ឈ្មោះ ស៊ុត វណ្ណនី ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចោទប្រកាន់ជនដៃដល់ទាំង៣នាក់ ចំនួនពីរបទល្មើសរួមមាន បទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងបទ ធ្វើឱ្យខូចខាត ទ្រព្យសម្បត្ដិដោយចេតនាមានស្ថានទម្ងន់ទោស ហើយសម្រេចឃុំខ្លួន នៅពន្ធនាគារព្រៃស ជាបណ្ដោះអាសន្ន ដើម្បីធ្វើការស៊ើបអង្ដេតបន្ដ៕

តំណាងរាស្រ្ត២រូប របស់ CNRP ប្តឹងក្រុមបាតុករពីបទ «ប៉ុនប៉ងឃាតកម្ម គិតទុកជាមុន» ហើយទាមទារសំណង់ ២០០លានរៀល

តំណាងរាស្រ្ត២រូប របស់ CNRP ប្តឹងក្រុមបាតុករពីបទ «ប៉ុនប៉ងឃាតកម្ម គិតទុកជាមុន» ហើយទាមទារសំណង់ ២០០លានរៀល