ADB ផ្តល់ប្រាក់កម្ចី និងជំនួយ ឥតសំណង ៦៤លានដុល្លារ ដើម្បីកែលំអ ប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធ ទប់ស្កាត់ជំងឺឆ្លង

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃនេះទទួល បានប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៦៤ លានដុល្លារបន្ថែមទៀត ពីធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB ដើម្បីធ្វើការកែលំអប្រព័ន្ធ ធារា សាស្រ្ត និង ទប់ស្កាត់ជំងឺឆ្លងនៅក្នុងប្រទេសកម្ពុជា។ ទឹកប្រាក់ ៦៤លានដុល្លារនេះ ត្រូវបានគេរំពឹងថា នឹងជួយពង្រីកវិសាលភាព នៃប្រព័ន្ធស្រោច ស្រព និងបង្កើនទំហំ នៃការបង្កបង្កើនផល ព្រមទាំងទប់ ស្កាត់ជំងឺឆ្លង និង ជំងឺគ្រុនចាញ់នៅកម្ពុជាផងដែរ។

ប្រាក់កម្ចី និងជំនួយឥតសំណងនេះ ត្រូវចុះហត្ថលេខាទទួល និងប្រគោលដោយរដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច និងហិ រញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន និង លោក Jan Hansen មន្ត្រីតំណាងធនាគារអភិវឌ្ឍន៍ អាស៊ីប្រចាំប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

លោក Hansen មានថ្លែងក្នុងពិធីចុះហត្ថលេខានោះថា «គម្រោងទាំងពីរ នឹងបង្កើនផលិតភាព នៃការ បង្កបង្កើនផល ក៏ដូចជាបង្កើនចំណូលរបស់កសិករតាមរយៈការកែលំអប្រព័ន្ធធារាសាស្ត្រ និង ជួយ រដ្ឋាភិបាលពង្រឹងសេវាកម្មសុខាភិបាល ដើម្បីបង្ការការឆ្លងរាលដាលជំងឺគ្រុនចាញ់»។

សូមបញ្ជាក់ថា ទឹកប្រាក់ចុះហត្ថលេខាទទួលនាព្រឹកមិញនេះ បែងចែកជាពីរគម្រោង ក្នុងនោះទឹកប្រាក់ ៦០លានដុល្លារ ដែលជាប្រាក់កម្ចី នឹងយកទៅអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រតំបន់ខ្ពង់រាប និងការគ្រប់ គ្រងវិស័យធនធានទឹក និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការបង្កើនផលិតកម្មក សិកម្ម តាមរយៈការស្តារឡើងវិញ និងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រធន់នឹងអាកាសធាតុ ក្នុង ខេត្តកំពង់ធំ និងខេត្តបាត់ដំបង។

តាមទឹកប្រាក់ជំនួយនេះ ADB រំពឹងថា តំបន់បង្កបង្កើនផលសរុបសម្រាប់រដូវប្រាំង និងរដូវវស្សា នឹងកើនឡើងទ្វេ ដងដល់ ២៩.៥០០ហិកតា គិតត្រឹមឆ្នាំ២០២១ ខណៈឆ្នាំ២០១៥ មានត្រឹម ១៣.៥០០ហិកតា ហើយប្រព័ន្ធធារាសាស្ត្រចំនួន៣ នឹងបង្កើនប្រសិទ្ធភាព ១០០%។

ដោយឡែកជំនួយឥតសំណងក្នុងទឹកប្រាក់ ៤លានដុល្លារ ដែលត្រូវបានបែកចែកបន្ថែមសម្រាប់កម្ពុជា ក្រោមហិរ ញ្ញប្បទានបន្ថែម សម្រាប់គម្រោងទប់ស្កាត់ជំងឺឆ្លងក្នុងមហាអនុតំបន់ទន្លេមេគង្គជំហ៊ានទី២ ដែលផ្តល់ដោយមូល និធិត្រាស់ហ្វាន់ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងជំងឺឆ្លងផ្សេងទៀតថ្នាក់តំបន់ នឹងពង្រឹងកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក៏ដូចជាពង្រីកប្រព័ន្ធតាមដាន និងឆ្លើយតប ចំពោះជំងឺគ្រុនចាញ់ថ្នាក់តំបន់ ដោយផ្តោតលើស្រុកតាមព្រំដែន និងការផ្តោះប្តូរព័ត៌មានរវាងប្រទេស កម្ពុជា ឡាវ និងវៀតណាម។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ កម្ពុជាទទួលបានហិរញ្ញប្បទានទាំងកម្ចី ជំនួយឥតសំណង និង ជំនួយបច្ចេក ទេស ពីធនាគារអភិវឌ្ឍន៍អាស៊ីចំនួន ២,១១ពាន់លានដុល្លារ៕

ADB ផ្តល់ប្រាក់កម្ចី និងជំនួយ ឥតសំណង ៦៤លានដុល្លារ ដើម្បីកែលំអ ប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធ ទប់ស្កាត់ជំងឺឆ្លង

ADB ផ្តល់ប្រាក់កម្ចី និងជំនួយ ឥតសំណង ៦៤លានដុល្លារ ដើម្បីកែលំអ ប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធ ទប់ស្កាត់ជំងឺឆ្លង