លោក អ៊ូ វីរៈ ស្នើ​ឲ្យ​អ្នក​នយោបាយ​បញ្ចប់​ការ​ប្រើ​ភាសា​ប្រឆាំង​វៀតណាម

ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ ស្នើ​អោយ​អ្នក​នយោបាយ​ខ្មែរ ទប់ស្កាត់​ការ​ប្រើប្រាស់​ភាសា​ប្រឆាំង​វៀតណាម ត​ទៅ​ទៀត។ នេះ​គឺ​ជា​គោលនយោបាយ​ការបរទេស​ដែល​លោក អ៊ូ វីរៈ សង្ឃឹម​ថា កម្ពុជា និង​វៀតណាម អាច​រស់​នៅ​សុខដុម​ជាមួយ​គ្នា​ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​តានតឹង​ជា​ប្រវត្តិសាស្ត្រ​ជា​ច្រើន​លើក​រួច​មក។ ប៉ុន្តែ​គណបក្ស​នយោបាយ​មួយ​ចំនួន​យល់​ថា គោល​នយោបាយ​នេះ​មិន​អាច​យក​ទៅ​ពិចារណា​បាន​ឡើយ។

អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​លើក​ឡើង​ថា ប្រជាជន​វៀតណាម បាន​កើន​ឡើង​វិញ​នៅ​ក្រុង​ភ្នំពេញ និង​ជុំវិញ​បឹង​ទន្លេសាប ចាប់​តាំង​ពី​អំឡុង​ពេល​នៃ​ការ​គ្រប់គ្រង​របស់​វៀតណាម មក​លើ​ប្រទេស​កម្ពុជា ក្នុង​ទសវត្សរ៍​ទី​៨០ ហើយ​និន្នាការ​ប្រឆាំង​ជនជាតិ​វៀតណាម បាន​បន្ត​ពុះ​កម្ដៅ និង​ឆាបឆេះ ចាប់​តាំង​ពី​នោះ​មក ជាពិសេស​ការ​ខ្វែង​គំនិត​គ្នា​លើ​បញ្ហា​ព្រំដែន និង​ក្នុង​អំឡុង​ពេល​បោះឆ្នោត។

​បទពិសោធន៍​តានតឹង​ទាំង​នេះ​ហើយ​ដែល​ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ ជំរុញ​ឲ្យ​ភាគី​ទាំង​អស់ ជាពិសេស​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បង្កើត​គោលនយោបាយ​ការបរទេស​រួម ដើម្បី​អនុវត្ត​ឲ្យ​បាន​ស្រប​គ្នា។ ក្នុង​នោះ គឺ​ភាគី​ទាំង​អស់ គឺ​ត្រូវ​រារាំង​មិន​អោយ​មាន​ការ​ញុះញង់​បង្ក​ហិង្សា ការ​ស្អប់​ខ្ពើម និង​ការ​រើស​អើ​ជាតិ​សាសន៍ ព្រម​ទាំង​ធានា​សន្តិភាព គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​វៀតណាម ក៏​ជា​អាទិភាព​គោលនយោបាយ​ការបរទេស។ ជាង​នេះ​ទៅ​ទៀត គឺ​កម្ពុជា ត្រូវ​ទទួល​ស្គាល់​សិទ្ធិ​ជា​មូលដ្ឋាន និង​ជា​សាកល​សម្រាប់​មនុស្ស​ទាំង​អស់​ដែល​នៅ​ក្នុង​ប្រទេស​កម្ពុជា។

​ទាក់ទង​ការ​លើក​ឡើង​នេះ ត្រូវ​បាន​គណបក្ស​នយោបាយ​មួយ​ចំនួន​អះអាង​ថា គ្រាន់តែ​ជា​ការ​សម្ដែង​មតិ​របស់​បុគ្គល​ម្នាក់​ដែល​មិន​អាច​យក​ទៅ​ពិចារណា​បាន​ឡើយ។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ទំនាក់ទំនង​កម្ពុជា និង​វៀតណាម គ្មាន​បញ្ហា​ល្អក់​កករ​ធំដុំ​នោះ​ទេ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា អ្នក​នយោបាយ​មួយ​ចំនួន​បាន​អនុវត្ត​វប្បធម៌​លាប​ពណ៌​ដែល​មិន​អាច​យក​ជា​ការ​បាន​ឡើយ ហើយ​គណបក្ស​កាន់​អំណាច​ក៏​ធ្លាប់​អំពាវនាវ​ឲ្យ​បញ្ចប់​ការ​ប្រឌិត​ពាក្យ​ចចាមអារ៉ាម និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ថា រដ្ឋាភិបាល​ជា​អាយ៉ង​របស់​វៀតណាម។

​លោក សុខ ឥសាន៖ «ឥឡូវ​យើង​រក​ចំណុច​ណា​មួយ​ដែល​ថា រដ្ឋាភិបាល​អា​យ៉ង​យួន ធ្វើការ​ដើម្បី​ផលប្រយោជន៍​យួន បើ​ធ្វើការ​ដើម្បី​ផលប្រយោជន៍​យួន​នោះ មិន​មែន​បញ្ហា​ព្រំដែន​ពន្យារ​ពេល​រហូត​មក​ដល់​ពេល​នេះ​ទេ គឺ​មាន​ការ​តស៊ូ​ជាមួយគ្នា​ខ្លាំងក្លា​ណាស់។ អា​ហ្នឹង​ហើយ​ឆ្លុះ​បញ្ចាំង​ថា រដ្ឋាភិបាល​កម្ពុជា មិន​បាន​រណប​រដ្ឋាភិបាល​ប្រទេស​ណា​មួយ​ទេ»

ដោយ​ឡែក ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម អះអាង​ថា លោក​មិន​ទាន់​ឃើញ​លិខិត​របស់​លោក អ៊ូ វីរៈ នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​លើក​ឡើង​ថា អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ទាក់ទង​នឹង​ជនជាតិ​វៀតណាម ខុស​ច្បាប់​នោះ គឺ​ស្រប​នឹង​ច្បាប់​អន្តោប្រវេសន៍​របស់​កម្ពុជា។ ម្យ៉ាង​វិញ​ទៀត គណបក្ស​សង្គ្រោះ​ជាតិ មាន​គោលនយោបាយ​ទំនាក់​ទំនងជា​អន្តរជាតិ​រួច​ទៅ​ហើយ ដែល​មាន​ករណី​កិច្ច​ការពារ​ផលប្រយោជន៍​ប្រជាជាតិ និង​ប្រជាជន​របស់​ខ្លួន។

លោក ប៉ុល ហំម៖ «ទំនាក់​ទំនងជា​លក្ខណៈ​អន្តរជាតិ រួម​ទាំង​ប្រទេស​ជិត​ខាង​ដទៃ​ទៀត​នោះ គឺ​យើង​ធ្វើ​យ៉ាង​ណា​អោយ​មាន​ទំនាក់ទំនង​ល្អ និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក កុំ​អោយ​ប្រទេស​ណា​មួយ​កេង​ចំណេញ​ទៅ​លើ​ប្រទេស​ណា​មួយ​ទៀត»

​លិខិត​ចំហ​មួយ​មាន​កម្រាស់ ១៦​ទំព័រ ដែល​លោក អ៊ូ វីរៈ ផ្ញើ​ទៅ​កាន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ក្នុង​ឱកាស​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា បាន​បរិយាយ​ថា កម្ពុជា និង​វៀតណាម បាន​ពើប​ប្រទះ​ស្ថានភាព​តានតឹង​ជាមួយ​គ្នា​ញឹកញយ។

​ក្នុង​ខែ​មករា ឆ្នាំ​២០១៤ បន្ទាប់​ពី​ជម្លោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធី​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បង្ហាញ​ពី​សញ្ញា​អាសន្ន​អំពី​ការ​ប្រើប្រាស់​ភាសា​ប្រឆាំង​ជនជាតិ​វៀតណាម។

មិន​យូរ​ប៉ុន្មាន​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៤ អ្នក​ប្រឆាំង​បាន​វាយ​បំផ្លិចបំផ្លាញ​អាជីវកម្ម​ដែល​មាន​ម្ចាស់​ជា​ជន​ជាតិ​វៀតណាម ក្នុង​ក្រុង​ភ្នំពេញ និង​មាន​ការ​ដុត​ទង់ជាតិ​វៀតណាម នៅ​ក្រៅ​ស្ថានទូត​វៀតណាម។ ធ្ងន់ធ្ងរ​ជាង​នេះ គឺ​ជនជាតិ​ខ្មែរ-​វៀតណាម​ម្នាក់ ត្រូវ​បាន​គេ​វាយ​សម្លាប់​ដែរ។ បន្ទាប់​មក​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៥ នេះ សកម្មជន​នយោបាយ​កម្ពុជា បាន​ប៉ះទង្គិច​គ្នា​ជាមួយ​អ្នក​ភូមិ និង​ទាហាន​វៀតណាម នៅ​ក្បែរ​ព្រំដែន ហើយ​បាន​បញ្ឆេះ​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​ជា​ថ្មី​ទៀត។

ម្ល៉ោះ​ហើយ ប្រធាន​វេទិកា​អនាគត លោក អ៊ូ វីរៈ យល់​ថា ការ​បង្កើត​គោលនយោបាយ​ការ​បរទេស​ស្រប​គ្នា​របស់​គណបក្ស​នយោបាយ​ទាំង​អស់​នៅ​កម្ពុជា គឺ​ជា​ទិសដៅ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ និង​ធ្វើ​ឲ្យ​កម្ពុជា មាន​ស្ថិរភាព​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។