​ធនាគារអភិវឌ្ឍន៍អាស៊ី ផ្តល់ប្រាក់​កម្ចី​ជំនួយឥតសំណង ៦៤ លាន​ដុល្លារ ដើម្បី​កែលំអ​ប្រព័ន្ធធារាសាស្ត្រ និង​ប្រព័ន្ធ​ទប់ស្កាត់​ជំងឺឆ្លង​

ភ្នំពេញ: ​នៅ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ប្រទេស​កម្ពុជា និង​ធនាគារអភិវឌ្ឍន៍អាស៊ី (​ដែល​ហៅ​កាត់​ថា ADB) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កម្ចី និង​ជំនួយឥតសំណង​ក្នុង​ទឹកប្រាក់​សរុប ៦៤ លាន​ដុល្លារ​សម្រាប់​គម្រោង​ចំនួន ២ ដែល​នឹង​កែលំអ​ប្រព័ន្ធធារាសាស្ត្រ និង​ប្រព័ន្ធ​ទប់ស្កាត់ និង​តាមដាន​ជំងឺគ្រុនចាញ់​របស់​ប្រទេស​នេះ​។​

​កិច្ចព្រមព្រៀង​ទាំងពីរ ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​កម្ពុជា លោក អូន ព័ន្ធមុន្នីរ័ត្ន និង លោក Jan Hansen មន្ត្រី​តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា គ្របដណ្តប់​លើក​ម្ចី​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធធារាសាស្ត្រ​តំបន់​ខ្ពង់រាប និង​ការគ្រប់គ្រង​វិស័យ​ធនធានទឹក និង​ជំនួញ​ឥត​សំណង​បន្ថែម សម្រាប់ គម្រោង​ទប់ស្កាត់​ជំងឺឆ្លង​ក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ​ជំ​ហ៊ាន​ទី​២​។​

​លោក Hansen មានប្រសាសន៍ថា “​គម្រោង​ទាំងពីរ​នឹង​បង្កើន​ផលិតភាព​នៃ​ការ​បង្កបង្កើនផល ក៏ដូចជា​បង្កើន​ចំណូល​របស់​កសិករ​តាមរយៈ​ការកែលំអ​ប្រព័ន្ធធារាសាស្ត្រ និង​ជួយ​រដ្ឋាភិបាល​ពង្រឹង​សេវាកម្ម​សុខាភិបាល​ដើម្បី​បង្ការ​ការឆ្លង​រាលដាល​ជំងឺគ្រុនចាញ់​”​។​

​កម្ចី​ក្នុង​ទឹកប្រាក់ ៦០ លាន​ដុល្លារ សម្រាប់​គម្រោង អភិវឌ្ឍន៍​ប្រព័ន្ធធារាសាស្ត្រ​តំបន់​ខ្ពង់រាប និង​ការគ្រប់គ្រង​វិស័យ​ធនធានទឹក នឹង​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល ក្នុងការ​បង្កើន​ផលិតកម្ម​កសិកម្ម តាមរយៈ​ការ​ស្តារឡើងវិញ និង​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធធារាសាស្ត្រ​ដែល​ធន់​នឹង​អាកាសធាតុ ក្នុង​ខេត្តកំពង់ធំ និង​ខេត្តបាត់ដំបង​។ គិត​ត្រឹម​ឆ្នាំ ២០២១ តំបន់​បង្កបង្កើនផល​សរុប សម្រាប់​រដូវប្រាំង និង​រដូវវស្សា នឹង​កើនឡើង​ទ្វេដង​ដល់ ២៩.៥០០ ហិច​តា ពី ១៣.៥០០ ហិច​តា ក្នុង​ឆ្នាំ​២០១៥ ហើយ​ប្រព័ន្ធធារាសាស្ត្រ​ចំនួន ៣ នឹង​បង្កើន​ប្រសិទ្ធភាព ១០០​ភាគរយ​។​

​ជំនួយឥតសំណង​ក្នុង​ទឹកប្រាក់ ៤ លាន​ដុល្លារ ដែល​ត្រូវបាន​បែក​ចែក​បន្ថែម​សម្រាប់​កម្ពុជា​ក្រោម​ហិរញ្ញប្បទាន​បន្ថែម​សម្រាប់ គម្រោង​ទប់ស្កាត់​ជំងឺឆ្លង​ក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ​ជំ​ហ៊ាន​ទី​២ ដែល​ផ្តល់​ដោយ​មូលនិធិ​ត្រាស់​ហ្វា​ន់​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ និង​ជំងឺឆ្លង​ផ្សេងទៀត​ថ្នាក់​តំបន់ នឹង​ពង្រឹង​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ក៏ដូចជា​ពង្រីក​ប្រព័ន្ធ​តាមដាន និង​ឆ្លើយតប​ចំពោះ​ជំងឺគ្រុនចាញ់​ថ្នាក់​តំបន់ ដោយ​ផ្តោតលើ​ស្រុក​តាម​ព្រំដែន និង​ការផ្តោះប្តូរ​ព័ត៌មាន​រវាង​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​។​

​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ានីល ធនាគារអភិវឌ្ឍន៍អាស៊ី​ប្ដេជ្ញា​កាត់បន្ថយ​ភាពក្រីក្រ នៅ​អាស៊ី និង​ប៉ាស៊ីហ្វិក តាមរយៈ​កំណើនសេដ្ឋកិច្ច​ដើម្បី​ទាំងអស់គ្នា កំណើន​ដែល​ធានា​និរន្ដរភាព​បរិស្ថាន និង​សមាហរណកម្ម​តំបន់​។ បង្កើតឡើង​នៅក្នុង​ឆ្នាំ ១៩៦៦ ធនាគារ​នេះ​គឺជា​កម្មសិទ្ធិ​របស់​សមា​ជិ​ក​ចំនួន ៦៧ ប្រទេស ដែល​ក្នុងនោះ​មាន ៤៨ ប្រទេស មកពី​តំបន់​នេះ​។ នៅក្នុង​ឆ្នាំ ២០១៤ ជំនួយ​ដែល​ផ្តល់​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី​សរុប​មាន​ចំនួន ២២,៩ ពាន់​លាន​ដុល្លារ បូករួម​ទាំង​សហ​ប្រទាន​ចំនួន ៩,២ ពាន់​លាន​ដុល្លារ​ផង​៕

​ធនាគារអភិវឌ្ឍន៍អាស៊ី ផ្តល់ប្រាក់​កម្ចី​ជំនួយឥតសំណង ៦៤ លាន​ដុល្លារ ដើម្បី​កែលំអ​ប្រព័ន្ធធារាសាស្ត្រ និង​ប្រព័ន្ធ​ទប់ស្កាត់​ជំងឺឆ្លង​

​ធនាគារអភិវឌ្ឍន៍អាស៊ី ផ្តល់ប្រាក់​កម្ចី​ជំនួយឥតសំណង ៦៤ លាន​ដុល្លារ ដើម្បី​កែលំអ​ប្រព័ន្ធធារាសាស្ត្រ និង​ប្រព័ន្ធ​ទប់ស្កាត់​ជំងឺឆ្លង​