តំណាងរាស្ត្រ​រងរបួស ២ រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ ដាក់ពាក្យ​ប្តឹង​ក្រុមបាតុករ កាលពី​ថ្ងៃទី​២៦​តុលា​

ភ្នំពេញ: ​ពាក្យបណ្តឹង​ប្រឆាំងនឹង​បាតុករ កាលពី​ព្រឹក​ថ្ងៃទី​២៦​តុលា បានធ្វើ​ឡើង តាមរយៈ​លោក ជូង ជូងី មេធាវី​ការពារ​ក្តី របស់​តំណាងរាស្ត្រ​រងរបួស ២ រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ទៅកាន់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ តំណាងរាស្ត្រ​ទាំង ២​រូបនោះ គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ដែល​បាន​ទទួលរង​នូវ​ការវាយដំ ក្រោយពី​មាន​បាតុកម្ម នៅខាងមុខ​រដ្ឋសភា ទាមទារ​ឲ្យ​លោក​កឹម​សុខា ចុះ​ចេញពី​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃទី​២៦​តុលា​។​

​ក្នុង​ពាក្យបណ្តឹង ដែល​ដាក់​ទៅកាន់​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ គឺ​ប្តឹង​បាតុករ ពីបទ "​ប៉ុនប៉ង​ឃាតកម្ម​គិតទុក​ជាមុន​" និង​បទ "​ធ្វើឱ្យ​ខូចខាត ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​"​។ ក្នុង​បណ្តឹង​នោះ ក្រៅពី​ទាមទារ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ជនល្មើស​តាមច្បាប់ តំណាងរាស្ត្រ​ទាំងពីរ ក៏បាន​ទាមទារ​សំណង ចំនួន ២០០ លាន​រៀល​។  

​យ៉ាងណាក៏ដោយ ក្រោយពី​ព្រឹត្តិការណ៍​បាតុកម្ម ហើយ​កើតមាន​អំពើហិង្សា កាលពី​ថ្ងៃទី​២៦​តុលា​ភ្លាមៗ មេដឹកនាំ​បាតុកម្ម រួមទាំង​អាជ្ញាធរ បានប្រកាសថា បាតុករ​កាលពី​ព្រឹក​ថ្ងៃទី​២៦​តុលា គឺ​មិន​ពាក់ព័ន្ធ​នឹង​បាតុកម្ម ទាមទារ​ទម្លាក់​លោក​កឹម​សុខា នោះទេ​។​

​រហូតដល់​ល្ងាច​ថ្ងៃទី​៣​វិច្ឆិកា អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានប្រកាស​ពី​ការចេញ​មុខមក​សារភាព​របស់​បុរស​៣​នាក់ ដែលជា​អ្នក​វាយ​លើ​តំណាងរាស្ត្រ​ទាំង​ពីររូប​។ នៅ​ថ្ងៃទី​៤​វិច្ឆិកា តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​បុរស​ទាំង​បីនាក់ ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ខូចខាត​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា ២១៨ និង ៤១១ នៃ​ក្រមព្រហ្មទណ្ឌ​។​

​បទចោទប្រកាន់ អំពើហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទំងន់ទោស នៅ​មាត្រា ២១៨ នៃ​បទ​ក្រមព្រហ្មទណ្ឌ បាន​ចែងថា ត្រូវបាន​កំណត់​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ២ ទៅ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤ លាន​រៀល ទៅ ១០ លាន​រៀល​។ ចំណែក​បទ​ខូចខាត​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ក្នុង​មាត្រា ៤១១ នៃ​ក្រមព្រហ្មទណ្ឌ បានកំណត់​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ២ ទៅ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤ លាន​រៀល ទៅ ១០ លាន​រៀល​។​

​សូមបញ្ជាក់ថា បុរស​ទាំង​បីនាក់ ដែល​បាន​ចេញមក​សារភាព​នៅ​ចំពោះមុខ​គណៈកម្មការ​ស្រាវជ្រាវ ស៊ើបអង្កេត ករណី​បង្ក​របួសស្នាម​លើ​អ្នកតំណាងរាស្ត្រ កាលពី​ល្ងាច​ថ្ងៃទី​៣ ខែវិច្ឆិកា រួមមាន ឈ្មោះ ចាយ សារិទ្ធ អាយុ ៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ទី​២ ឈ្មោះ ម៉ៅ ហឿន អាយុ ៣៤​ឆ្នាំ មាន​ទីលំនៅ ក្នុង​ឃុំ​ព្រែក​ខ្សាយ “​ខ​” ស្រុក​ពាម​រក៍ ខេត្តព្រៃវែង និង​ទី​៣ ឈ្មោះ សុ​ត វណ្ណ​នី អាយុ ៤៥​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​អ្នក​ទាំងបី​នោះ ត្រូវបាន​គេ​ថតរូប​បាន ថា​បាន​ចូលរួម​សកម្មភាព​វាយ​លើ​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីររូប នៅ​ក្រៅរបង​រដ្ឋសភា​។ អ្នក​ទាំងបី​នាក់​នោះ ក៏បាន​ចូលរួម​ធ្វើបាតុកម្ម ទម្លាក់​លោក​កឹម​សុខា នា​ព្រឹក​ថ្ងៃកើតហេតុ គឺ​ព្រឹក​ថ្ងៃទី​២៦​តុលា​ផងដែរ​៕​