តុលាការ​ឃុំខ្លួន​ឃាតករ​ស្រី​វ័យ​១៦​ឆ្នាំ ពីបទ​ឃាតកម្ម ដែលមាន​ស្ថាន​ទម្ងន់ទោស ទាក់ទង​នឹង​ជនរងគ្រោះ​

កណ្តាល:  នៅ​រសៀល​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​តំណាង​អយ្យការ​សាលាដំបូង​ខេត្តកណ្តាល​បានសម្រេច​ឃុំខ្លួន​ឃាតករ​ស្រី​វ័យ​១៦​ឆ្នាំ ដែល​បានសម្លាប់​កុមារី​អាយុ​៨​ឆ្នាំ​ម្នាក់ នៅឯ​ស្រុក​អង្គស្នួល​ប្លន់​យក​គ្រឿងអលង្កា ដាក់ពន្ធនាគារ​ខេត្ត​ពីបទ “​ឃាតកម្ម​ដែលមាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​នឹង​ជនរងគ្រោះ​” តាម​មាត្រា​២០២ នៃ​ក្រមព្រហ្មទណ្ឌ​ថ្មី​។​

​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​ឲ្យ​ដឹងថា ឃាតករ​ដែល​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ខាងលើនេះ​មានឈ្មោះ អឿន សុភាព ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ទន្លាប់​ខ្ពស់​ជើង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​ប្រភព​ដដែល​បាន​បន្តថា ឃាតករ​រូបនេះ​ត្រូវបាន​សមត្ថកិច្ច នគរបាល​ស្រុក​អង្គស្នួល ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ បន្ទាប់ពី​បានធ្វើ​សកម្មភាព​ចាប់​ក្មេងស្រី​រងគ្រោះ​ឈ្មោះ គៀត សៀវ​លី អាយុ​៨​ឆ្នាំ ច្របាច់​.​ក​សម្លាប់ចោល​នៅក្នុង​វាលស្រែ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ព្រៃ​សំរោង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល​។​

​លោក​វរសេនីយ៍ទោ មាន សំណាង អធិការនគរបាល​ស្រុក​អង្គស្នួល​បានបញ្ជាក់​ថា នារី​ដៃដល់​បានធ្វើ​សកម្មភាព​សម្លាប់​កុមារី​រងគ្រោះ ដែលជា​សិស្ស​រៀន​ថ្នាក់​មតេយ្យ បច្ចុប្បន្ន​រស់នៅ​ផ្ទះ​ជាមួយ​ឪពុកម្តាយ​ក្នុងភូមិ​ទន្លាប​ខ្ពស់​ជើង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គ​ស្នូល ដើម្បី​ប្លន់​យក​ក្រ​វឹល​មាស​១​គូរ ទម្ងន់​៣​ហ៊ុន និង​ចិញ្ចៀន​ប្លា​ក​ទីន​១​វង់ តម្លៃ​៣០​ដុល្លារ​។​

​ក្រោយពី​ធ្វើ​សកម្មភាព​មិនបាន​ប៉ុន្មាន​ម៉ោង​ផង​នោះ ក៏​ត្រូវបាន​សមត្ថកិច្ច​នគរបាល​ជំនាញ​ស្រាវជ្រាវ​ឃាត់ខ្លួន​តែម្តង​៕

តុលាការ​ឃុំខ្លួន​ឃាតករ​ស្រី​វ័យ​១៦​ឆ្នាំ ពីបទ​ឃាតកម្ម ដែលមាន​ស្ថាន​ទម្ងន់ទោស ទាក់ទង​នឹង​ជនរងគ្រោះ​