យុវជន​ម្នាក់​បាត់​ដំណឹង​មួយ​ថ្ងៃ​ស្រាប់តែ​ប្រទះ​ឃើញ​ស្លាប់​អណ្ដែត​ទឹកស្ទឹង​សង្កែ​ក្នុងស្រុក​ឯក​ភ្នំ

ខេត្តបាត់ដំបង​ ៖ យុវជន​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​អណ្ដែត​ទឹកស្ទឹង​សង្កែ កាលពី​ព្រឹក​ថ្ងៃ​ទី​០៩​ វិច្ឆិកា ត្រង់​ចំណុច​ភូមិ​ព្រែក​នរិន្ទ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ក្រោយ​ពី​ក្រុម​គ្រួសារ​អះអាង​ថា បាន​បាត់​ដំណឹង​មួយ​ថ្ងៃ​មិនឃើញ​ចូល​ផ្ទះ​។

សមត្ថកិច្ច​ស្រុក​ឯក​ភ្នំ​បាន​ឲ្យ​ដឹង​ថា យុវជន​រង​គ្រោះ​ឈ្មោះ​ភឿន សំណាង អាយុ​២១​ឆ្នាំ​ នៅ​ភូមិ​២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។ ប្រភព​ដដែល​បន្ត​ថា សាកសព​យុវជន​នេះ​មាន​តែ​ខោ​លី​អូ គ្មាន​ស្លាកស្នាម​របួស​ដែល​គួរ​ឲ្យ​សង្ស័យ​ទេ​។

សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​សាកសព​ជន​រង​គ្រោះ​ភ្លាម​ៗ​ បន្ទាប់​ពី​ប្រជា​ពលរ​ដ្ធ​បាន​រាយ​ការ​ណ៍ ហើយ​បាន​ធ្វើការ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​ឃើញ​ភ្លាម​ៗ​ដែរ​។

បងស្រី​ជន​រង​គ្រោះ​ឈ្មោះ​ភឿន សា​វី បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ជា​ទម្លាប់​ប្អូនប្រុស​ឈ្មោះ​ភឿន សំណាង សេពគប់​មិត្តភក្ដិ​ដែល​ភាគច្រើន​មាន​សមាសភាព​មិនសូវ​ល្អ ហើយ​ក៏​ដើរ​មិនសូវ​ចូល​ផ្ទះ​ដែរ ដូច​ក្មេង​ទំនើង​ចឹ​ង​។

គាត់​និយាយ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ​វិច្ឆិកា គាត់​ឮ​ប្អូនប្រុស​រូប​នេះ​ប​បូល​មិត្តភក្ដិ​ទៅ​ហែល​ទឹកស្ទឹង​លេង តែ​មិនដឹង​ថា ពួក​គេ​នាំ​គ្នា​ទៅ​ហែល​កន្លែង​ណា​ទេ​។ គាត់​បញ្ជាក់​ថា ក្រោយ​ពី​ពួក​គេ​ទៅ​ងូតទឹក​ស្ទឹង​ស្រាប់តែ​បាត់​ដំណឹង​រហូត ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មានការ​បារម្ភ និង​បាន​នាំ​គ្នា​ដើរ​ស្វែងរក​ទៀត តែ​គ្មាន​ដំណឹង​ឡើយ​។

ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ​វិច្ឆិកា ស្រាប់តែ​មាន​គេ​ផ្ដល់​ព័​ត៌មាន​មក​ថា ប្អូនប្រុស​គាត់​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​អណ្ដែត​ទឹកស្ទឹង​នៅ​ស្រុក​ឯក​ភ្នំ ទើប​មានការ​ភ្ញាក់ផ្អើល លុះ​ពេល​គាត់​ទៅ​មើល​គឺ​សាកសព​នោះ​ពិតជា​ប្អូនប្រុស​គាត់​មែន​។

សាច់ញាតិ​នៅ​តែ​មាន​មន្ទិល​ថា តើ​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​លង់ទឹក ឬស្លាប់​ដោយសារ​មូលហេតុ​អ្វី​ឲ្យ​ពិតប្រាកដ​ឡើយ​​ ព្រោះ​ការ​ស្លាប់​នេះ​គេ​មិនឃើញ​មាន​សាក្សី​ណា​ចេញ​មុខ​បំភ្លឺ​ឲ្យ​ជាក់លាក់​នោះ​ទេ សូ​ម្បី​តែ​មិត្តភក្ដិ​ជន​រង​គ្រោះ​ក្ដី​។ រីឯ​សមត្ថកិច្ច​ក៏​មិន​បាន​ស្វែងរក​សាក្សី​ ឬ​មិត្តភក្ដិ​ជន​រង​គ្រោះ​ឲ្យ​ជួយ​បំភ្លឺ​ដែរ ដោយ​បាន​ធ្វើ​ស​ន្និ​ដ្ធា​ន​ទៅ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​តែ​ប៉ុណ្ណោះ​ថា​«​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​លង់ទឹក​»​។

ទោះ​យ៉ាងណា​ក្រុម​គ្រួ​សារបាន​ដឹក​សាកសព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ បន្ទាប់​ពី​សមត្ថកិច្ច​ពិនិត្យ​ និង​បញ្ចប់​ការ​ធ្វើ​កំណត់ហេតុ​៕ ​