ម៉ូតូ​ដឹកឈើ​ប្រណី​តទៅ​លក់​នៅ​វៀតណាម​រាប់រយ​គ្រឿង ពេល​នេះ​ផ្អាក​ដឹក​ជញ្ជូន​ខ្លះ​ៗ​ហើយ

ខេត្តរតនគិរី ៖ បន្ទាប់​គេហទំព័រ​«​កោះសន្តិភាព​»​បាន​ចុះ​ផ្សាយ​កាលពី​ម្សិលមិញ​ថា «ម៉ូតូ​ដឹកឈើ​ប្រណី​តទៅ​លក់​នៅ​វៀតណាម​រាប់រយ​គ្រឿង ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​» នៅ​ព្រឹក​ថ្ងៃ​ទី​១០ វិច្ឆិកា ២០១៥​នេះ​ឃើញ​ថា​មានការ​ផ្អាក​ដំណើរការ​ដឹក​ជញ្ជូន​ខ្លះ​ៗ​ហើយ គឺ​នៅ​សេសសល់​តិចតួច​ប៉ុណ្ណោះ នៅ​តាម​ច្រក​បៀ​ង​ផាស​តាម ហៅ​ច្រក​អូរ​សា​ថី​, ច្រក​តា​ង៉ា និង​ច្រក​ភូមិ​ចង ក្នុងស្រុក​អណ្តូង​មាស ។

យោង​តាម​ប្រភព​ពី​អ្នក​ដឹកឈើ​តាម​ម៉ូតូ​បានឱ្យ​ដឹង​ថា ពួក​គាត់​ដឹកឈើ​ប្រណីត​តាម​ម៉ូតូ​១​​គ្រឿង​ត្រូវ​បង់លុយ​ឱ្យ​កម្លាំង​កងរាជអាវុធហត្ថ មាន​ទីបញ្ជាការ​ស្រុក​, ខេត្ត និង​ស្នាក់​ការ​ប្រចាំ​ទិស​ចាប់ពី​៥​ម៉ឺន​រៀល​ទៅ​៧​ម៉ឺន​រៀល ចំណែកឯ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​-​ក្រសួង និង​យោធា​ស្រុក រួម​ទាំង​អ្នកកាសែត អង្គការ​អ​ភិ​រក្ស​ជា​ច្រើន​ទៀត​នោះ​ចំនួន​តែ​២​ម៉ឺន​រៀល​ទៅ​៤​ម៉ឺន​រៀល​ប៉ុណ្ណោះ ។ ចំណែកឯ​រដ្ឋបាល​ព្រៃឈើ​វិញ​ត្រូវ​បង់​ជា​ខែ​អស់ហើយ​តែ​មិន​បាន​ប្រាប់​ចំនួន​ពិតប្រាកដ​ថា​ប៉ុន្មាន​ទេ គ្រាន់តែ​ប្រាប់​ថា​ច្រើន​ណាស់ ។ ពួក​គាត់​បាន​បន្ត​ទៀត​ថា នៅ​ពេល​ដឹក​ជញ្ជូន​ទៅ​ដល់​ច្រករបៀង​និ​មួយ​ៗ​ក្នុង​ឃុំ​ញ៉ា​ង​នោះ​ក៏​មាន​កម្លាំង​របស់​វរៈ​កា​ពា​ព្រំដែន​គោក យោធា និង​នគរបាល​ចាំ​យក​លុយ​នៅ​មាត់ច្រក​នោះ​តែ​ម្តង ។

ចំពោះ​ករណី​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ក្នុងស្រុក​អណ្តូង​មាស​នេះ​ដែរ ក៏​មាន​ប្រភេទ​រថយន្ត​សាំ​យ៉ុ​ង​, រថយន្ត​ធុន​ត្រា​, ឡង់​គ្រ​ស័​រ និង​ឡិច​ស៊ី​ស​ផង​ដែរ ដែល​តែងតែ​ដឹក​ជញ្ជូន​ចេញពី​ស្រុក​វ៉ើ​ន​សៃ ស្រុក​អូរ​ជុំ ស្រុក​តា​វែង និង​ស្រុក​អណ្តូង​មាស ដែល​ឆ្លងកាត់​ពី​ទីរួមស្រុក​អណ្តូង​មាស​ ស្រុក​បរ​កែវ និង​ស្រុក​អូ​រយ៉ា​ដាវ ឆ្ពោះទៅ​កន់​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ និង​បង្ហូ​ស​ទៅ​ប្រទេស​វៀតណាម​ថែម​ទៀត ។ នេះ​ក៏​សុទ្ធ​សឹង​បាន​រត់ការ​បង់លុយ​ឱ្យ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​អស់ហើយ​ដែរ ទើប​អាច​ដំណើរការ​បាន​ដោយ​រលូន​បែប​នេះ​បាន ។

ទាក់ទិន​និង​ករណី​ខាងលើ​នេះ ភ្នាក់ងារ​«​កោះសន្តិភាព​» មិន​អាច​សុំ​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​ណាមួយ​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ វិច្ឆិកា​នេះ ៕