រថយន្ត​ដឹក​ស្រា​បៀរ​​បើក​លឿន​បុក​ហ្វូងគោ​អ្នកស្រុក​ងាប់​២ ​របួស​២​នៅ​ស្រុក​ឱ​រ៉ា​ល់

ខេត្ត​កំពង់​ស្ពឺ ៖ គោ​ចំនួន​២​ក្បាល​បាន​ងាប់​ភ្លាម​ៗ ​និង​២​ក្បាល​ទៀត​បាន​រង​របួស ​ដោយ​សាររថយន្ត​ដឹក​ស្រា​បៀរ​មួយ​គ្រឿង​​បើក​លឿន​បុកពេញ​ទំហឹង ខ​ណៈ​​ម្ចាស់​​លែង​ឱ្យ​ដើរ​លើ​ផ្លូវ​ទៅ​រក​កន្លែង​ឃ្វាល​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១១ ​និង​៣០​នាទីព្រឹក​ ​ថ្ងៃ​ទី​៩​ វិច្ឆិកា  ​២០១៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៤ ចន្លោះ​គីឡូម៉ែត្រ​លេខ៣៩ទៅ​៤០ ក្នុងភូមិ​ស្រែ​វៀន ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់​​។

នគរបាល​បាន​និយាយ​ឱ្យ​ដឹង​ថា​ គោ​ញី​២​ក្បាល​ដែល​ងាប់​នោះ​មាន​សម្បុរ​ចំប៉ា​១ និង​ក្រហម​១ ហើយ​២​ក្បាល​ទៀត​ដែល​របួស​នោះ​សម្បុរ​ចំប៉ា​១​ក្បាល​ និង​សម្បុរ​.ស​១​ក្បាល​​​ដែរ​។

រថយន្ត​បង្កហេតុ​ជា​​រថយន្ត​ដឹក​ស្រា​បៀរ​​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ទឹកមាស ​គ្មាន​ព​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ហួរ ឡុ​ង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ​មុខរបរ​បើកបរ រស់នៅ​ក្នុងភូមិ​ក្រាំង​ពល​ទេព សង្កាត់​រកា​ធំ ក្រុង​ច្បារមន ។

នគរបាល​បាន​និយាយ​ថា​ នៅ​មុន​ពេល​កើតហេតុ​រថយន្ត​ខាងលើ​បើក​ដឹក​ស្រា​បៀ​រពី​កើត​ទៅ​លិច​ក្នុង​គោលបំណង​យក​ស្រា​បៀ​រទៅឱ្យ​ម៉ូយ​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​វាក់​នឹង​គោហ្វូង​របស់​អ្នក​ភូមិ​ស្រែ​វៀន ដោយ​បើកបរ​ក្នុង​ស្ថានភាព​លឿន​ស្រប​នឹង​ផ្លូវ​ចុះ​ចំណោទ​ផង​នោះ ក៏​បុក​គោ​ចំនួន​0២​ក្បាល​បណ្តាល​ឱ្យរ​បួស​១​ក្បាល និង​ងាប់​១​ក្បាល រួច​បន្ត​បន្ថែមល្បឿន​ទៅ​មុខ​ចម្ងាយ​160​ម៉ែត្រ ទៅ​បុក​គោ​ចំនួន​២ក្បាល​ទៀត​បណ្តាល​ឱ្យរ​បួស​01​ក្បាល និង​ងាប់​១​ក្បាល​ទៀត​។

ក្រោយ​កើតហេតុ​នគរបាល​ជំនាញ​បាន​នាំ​យក​រថយន្ត​ និង​ហៅ​ម្ចាស់​គោ​ទៅ​ធ្វើការ​សម្របសម្រួល​គ្នា​៕ ​