​២នាក់បងប្អូនលង់ទឹកទន្លេ​ ​​បង​​ស្លាប់ ​ឯ​ប្អូនស្រី​​ត្រូវ​ជីដូន​ជួយ​​ទាន់​ ​នៅកំពង់​ចម្លងអ្នក​លឿង

​ខេត្ត​ព្រៃវែង ៖ អ្នកស្រុក​បាន​នាំ​គ្នារ​ត់ទៅ​ចោមរោម​មើល​យ៉ាង​កកកុញ បន្ទាប់​ពី​ឮសំឡេង​លោកយាយ​អាយុ​ជាង​៥០​ឆ្នាំម្នាក់​ ស្រែក​ទ្រ​ហោយំ ហៅ​គេ​​ឯង​ឱ្យ​​ជួយ​ចុះ​រាវរក​ចៅប្រុស​របស់​គាត់ដែល​លិច​​ទៅ​ក្នុងទឹកទន្លេ​បាត់ ​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀលថ្ងៃ​ទី​៩ ​វិច្ឆិកា​​ ២០១៥ នៅ​ចំណុច​មាត់ទឹក​​ទន្លេកំពង់ចម្លង​សាឡា​ង​អ្នក​លឿង​ត្រើយ​ខាងលិច ។

​ក្មេង​ប្រុស​រង​គ្រោះ ឈ្មោះ សំណាង អាយុ​១១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ ​ឃុំ​ព្រែក​ទម្លាប់ ស្រុក​លើក​ដែក ខេត្តកណ្តាល ​​​​​ដែល​គេ​សង្ស័យ​ថា ​​​អាច​ស្លាប់​បាត់​ទៅ​ហើយ ។ ចំណែក​ចៅស្រី អាយុ​១០​ឆ្នាំ ​ត្រូវ​លោក​យាយ​ជួយ​សង្គ្រោះ​ជីវិត​បាន​ ។​

​​សាក្សី​នៅ​កន្លែង​កើតហេតុ​​ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ លោកយាយ​ដែល​ជា​ជីដូន​ក្មេង​ប្រុស​​រង​គ្រោះ បាន​យក​ថ្នាំ​ឬ​ស​ឈើ​ដែល​សុំ​​ពី​គ្រូ​ស្រី​នៅ​​ស្រុក​ពាមរ​ក៍មក​លាង​ទឹកទន្លេ​ នៅ​ចំណុច​កើតហេតុ​ខាងលើ ដោយ​មាន​ទាំង​ចៅប្រុស​ស្រី​២​នាក់​មក​ជាមួយ​ផង ពេល​លាង​ថ្នាំ​រួច ​លោកយាយ​ក៏​នាំ​ចៅ​ទាំង​២នាក់​ ចុះ​ងូតទឹក​ទន្លេ​​សម្អាត​ខ្លួន​មុន​ទៅ​ផ្ទះ ប៉ុន្តែ​ពេល​ងូតទឹក​នោះ​ចៅ​ទាំង​២នាក់​​ចុះ​​លេង​​នៅ​​ទឹក​ជ្រៅ​លិចក្បាល​​ទើប​បណ្តាល​ឱ្យ​​លង់​ទាំង​២​នាក់​ ខណៈនោះ​ជីដូន​ឃើញ​ទាន់​​ក៏​ស្រ​វា​ចាប់​បាន​ចៅស្រី យក​មក​ដល់​​ដាក់​លើ​គោក ។ ចំណែក​ចៅប្រុស​ជួយ​មិន​ទាន់​ក៏​លិច​បាត់​ទៅ​ក្នុង​ទឹក ​​ស្រែកហៅ​គេ​ឯងឱ្យ​​ជួយ​​ទម្រាំអ្នកស្រុក​ទៅ​ដល់​គឺ​​យឺត​ពេល​ទៅ​ហើយ ចុះ​រាវរក​ជាង​កន្លះ​ម៉ោង​​នៅ​តែ​រក​មិនឃើញ​មិនដឹង​ទៅដល់​ណា​ ។

​​បន្ទាប់​មក​ក្រុម​គ្រួសារ​​បាន​នាំ​គ្នា​ទៅ​​​ជួល​​ទូក​អូស​អួនមក​ជួយ​អូស​រក​សព​​ រហូត​ដល់​ម៉ោង​ជិត​៧​យប់​​ថ្ងៃ​​ដដែល​ក៏​នៅ​តែ​មិនឃើញ​​ លុះ​ព្រឹក​ឡើង​បន្ត​អូស​រក​ទៀត​នៅ​តែ​មិនឃើញ​ដដែល​ ទើប​​​នាំ​គ្នា​បែរបន់​ឱ្យ​សព​អណ្តែត​ ​ព្រោះ​រហូត​មក​​ដល់​ម៉ោង​​ជាង​មួយរសៀល​​​ថ្ងៃទី​១០ វិច្ឆិកា ​នៅ​មិន​ទាន់​​​ឃើញ​សព​អណ្តែត​​នៅឡើយ ។

ប្រជាពលរដ្ឋ​នៅ​ក្បែ​រកំពង់ចម្លង​អ្នក​លឿង​ត្រើយ​ខាងលិច​នេះ បានឱ្យ​​ដឹង​ថា ទីតាំង​នេះ​ទឹក​ហូរ​គួ​ច​ខ្លាំង​ណាស់​ធ្វើ​ឱ្យ​​ដី​បាក់​ជ្រៅ ហើយ​ឩ​ស្សា​ហ៍​មាន​ក្មេង​លង់ទឹក​ស្លាប់​ណាស់​តាំងពី​សាឡា​ង​នៅ​ឆ្លង​មក​​ម៉្លេះ ១​ឆ្នាំ​ៗ​លង់​​​​មិន​ដែល​ខាន​នោះ​ទេ ពេល​នេះ​សាឡា​ង​លែង​ឆ្លង​គ្មាន​អ្នកយាម​ទៀត គឺ​កាន់​តែ​​គ្រោះថ្នាក់​ខ្លាំង​ណាស់ សូម​ឱ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​មាន​វិធានការ​ជួយ​ការពារ​ផង​ ៕