​​បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​កាប់​ជា​ច្រើន​កាំ​បិត​ផ្គាក់​ស្លាប់​ក្នុង​ព្រៃ សង្ស័យ​​​គំនុំ

ខេត្ត​ព្រះ​វិហារ​ ៖ បុរស​ម្នាក់​ត្រូវ​​ជន​មិន​ស្គាល់​មុខ​កាប់​ជា​ច្រើន​កាំបិត​ផ្គាក់​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​ព្រៃ​ជ្រៅ ខណៈ​ដែល​ជន​រង​គ្រោះ​ស្នាក់​នៅ​ក្នុង​ព្រៃ​ដើម្បី​អារឈើនៅ​ចំណុច​អូរ​ដាច់​កន្ទប ស្ថិត​ក្នុង​ព្រៃ​ព្រះ​រកា ភូមិសាស្ត្រ​ភូមិ​បុះ​ធំ ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ​កាលពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៩ ​វិច្ឆិកា ​២០១៥​ ។

តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​បុ​ស្តិ៍​រដ្ឋបាលឃុំ​ប្រមេរបាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ​វិច្ឆិកា ​​២០១៥​នេះ​ថា ជន​រង​គ្រោះ​ឈ្មោះ ឌុ​ល ខុ​ម អាយុ​២៧​ឆ្នាំ មាន​ប្រពន្ធ មានកូន​ប្រុស​២​នាក់ នៅ​ក្នុង​បន្ទុក រស់នៅ​ភូមិ​ស្វាយ​ប៉ាត ឃុំ​រំដោះ ស្រុក​រវៀង ខេត្តព្រះវិហារ មុខរបរ​ជា​កម្មករ​ស៊ីឈ្នួល​អារឈើ បាន​មក​ស្នាក់​នៅ​ឃុំ​ប្រមេរ​រយៈពេល​៣​ថ្ងៃ​មក​ហើយ ។

មុន​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះមាន​គ្នា​៤​នាក់ បាន​នាំគ្នា​​ចូល​ព្រៃ​ព្រះ​រកាដើម្បី​អារច្រៀក​ឈើ​យក​មក​លក់​នៅ​ក្នុងភូមិ លុះ​មក​ដល់​ថ្ងៃ​កើតហេតុ វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ​ថ្ងៃ​ទី​៩ ​វិច្ឆិកា ​ជន​រង​គ្រោះ​និង​គ្នីគ្នា បាន​ចង​អង្រឹង​ដេកក្នុង​ព្រៃ ​​ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ​ទាញ​កាំបិត​ផ្គាក់ស​ម្តៅ​មក​​កាប់​ជា​ច្រើន​កាំបិត​ទៅ​លើ​ជន​រង​គ្រោះ ខណៈ​ពេល​ដែល​កំពុង​ដេក​លង់លក់​ក្នុង​អង្រឹង​ស្លាប់​ភ្លាម​តែ​ម្តង រួច​ជនល្មើស​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល​ទៅ ។

សមត្ថកិច្ច​បន្ត​ថា ក្រោយ​កើតហេតុរហូត​មក​ដល់​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​១០ ​វិច្ឆិកា​នេះ ទើប​គ្នីគ្នា​ជន​រង​គ្រោះ​បាន​ដឹក​សាកសពចេញពី​ក្នុង​ព្រៃ ​ហើយ​រាយការណ៍​ទៅសមត្ថកិច្ច ដើម្បី​កំណត់​មុខសញ្ញាស្វែងរក​ចាប់ខ្លួន​ជន​ដៃដល់​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។

បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ចជុំវិញ​ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ខាងលើអាច​ពាក់ព័ន្ធ​នឹង​រឿង​គំនុំ​តែ​ម្តង ទើប​ឈាន​ដល់​ការ​សម្លាប់​យ៉ាង​សាហាវ​ឃោ​ឃៅ​បែប​នេះ ។

សូម​បញ្ជាក់​ថា តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ថា មក​ដល់​ពេល​នេះ​សមត្ថកិច្ច​កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ​ហើយ ប៉ុន្តែ​ពេល​នេះ​ជនសង្ស័យ​កំពុង​លាក់ខ្លួន​នៅ​ក្នុង​ព្រៃ​ជ្រៅ តែ​ទោះជា​យ៉ាង​ណាសមត្ថកិច្ច កំពុង​តែ​តាម​ស្ទាក់​ចាប់​ជនសង្ស័យ​យ៉ាង​ក្តៅ​គគុកដើម្បី​យក​មក​ផ្តន្ទាទោស​តាម​នីតិវិធី៕
    ​​