នគរបាល​ស្រុក​ស្នួលឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ធំពីរ​នាក់​ប្តី​ប្រ​ព​ន្ធ

ខេត្តក្រចេះ ​៖ ជនសង្ស័យ​ពីរ​នាក់​ប្តី​ប្រ​ព​ន្ធ​ដែល​នគរបាល​បាន​កំណត់​ថា​ ជា​មុខសញ្ញាជួញដូរ​គ្រឿងញៀន​ធំ​មួយនៅ​ស្រុក​ស្នួល ត្រូវ​បាន​ចាប់​បង្ក្រាប​ កាល​ពីថ្ងៃ​ទី​៩ ​វិច្ឆិកា ជាមួយ​​ថ្នាំ​ញៀន​ជា​ច្រើន​កញ្ចប់​តូច-​ធំ​។

អធិការ​នគរបាល​ស្រុក​ស្នួល​លោក ចាន់ សុ​គី​ម បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មានការ​តាមស៊ើបអង្កេត​អស់​រយៈពេល​យូរ​មកនេះ ជនសង្ស័យ​ទាំង​ពីរ​នាក់​ប្តី​ប្រ​ព​ន្ធត្រូវ​បាន​ចាប់បង្ក្រាប​ជា​បន្តបន្ទាប់​នៅ​ថ្ងៃ​តែ​មួយ ក្រោម​ការ​សម្របសម្រួល​ពី​សំណាក់​លោក ធុ​ច ប​ញ្ចះសន្តិភាព ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​។

ជនសង្ស័យ​ទាំង​ពីរ​នាក់​ប្តី​ប្រ​ព​ន្ធដែល​ត្រូវ​បាន​បង្ក្រាប​មានឈ្មោះ​ឆ​ន ចាន់​ធឿ​ន អាយុ៣២​ឆ្នាំ​ ជា​ប្រពន្ធ និង​ជនសង្ស័យ​ជា​ប្តី​ឈ្មោះ អាត ស្រន់ អាយុ​២៧​ឆ្នាំ ដែល​ត្រូវ​បាន​ឆែកឆេររក​ឃើញ​មាន​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​៣​កញ្ចប់​ធំ និង​៣​កញ្ចប់​តូច​។

លោក​វរសេនីយ៍ទោ ចាន់ សុ​គី​ម បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​មានការ​តាម​ឃ្លាំមើល នគរបាល​បាន​ចាប់​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​ជា​ប្រ​ព​ន្ធ​ដែល​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ផ្លូវ និង​បានឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀនចំនួន​៣​កញ្ចប់​ធំ ដែល​ស្ត្រី​សង្ស័យ​បាន​លាក់​ក្នុង​កូនជ្រូក​ដីដាក់ក្នុង​កន្ត្រក​ផ្លែ​ឳ​ឡឹ​ក​។

ក្រោយ​ពី​មានការ​ចាប់​ឃាត់ខ្លួន​ស្ត្រី​ជា​ប្រ​ព​ន្ឋ​រួច នគរបាល​បាន​បន្ត​ការចុះ​ឆែកឆេរ​ដល់​លំនៅ​ឋាននៅ​ក្នុងភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល  និង​ឃាត់ខ្លួនបាន​បុរស​ជា​ប្តី​នៅ​​​លើ​ផ្ទះបាន​ឆែកឆេរ​រកឃើញ​មាន​ថ្នាំ​ញៀន​​ចំនួន​៣​កញ្ចប់​តូច​ និងឧ​បករណ៍សម្រាប់​ចែករំលែក​មួយ​ចំនួន​ធំ​។

លោក​អធិការ​នគរបាល​ស្រុកបាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ការ​ឃាត់ខ្លួន​នគរបាល​បាននាំ​ខ្លួន​ជនសង្ស័យ​ប្រុស ស្រី​ទាំង​ពីរ​នាក់​មក​អធិការដ្ឋាន​ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម និងចាត់វិធានការ​បន្ត​៕