ណូវែលសេឡង់ ជំរុញឲ្យគោរពនូវ លទ្ធផលនៃការ បោះឆ្នោតមីយ៉ាន់ម៉ា

វ៉ាលីងតោន៖ នៅព្រឹកថ្ងៃអង្គារនេះ រដ្ឋាភិបាលណូវែលសេឡង់ បានអំពាវនាវ ដល់គ្រប់ភាគី ទាំងអស់នៅ ក្នុងប្រទេសមីយ៉ាន់ម៉ា ឲ្យគោរពនូវឆន្ទៈ របស់ម្ចាស់សន្លឹកឆ្នោត បន្ទាប់ពី ព្រឹត្តិការណ៍ បោះឆ្នោតជាតិ ដែលធ្វើ ឡើងកាលពីចុងសប្ដាហ៍មុននេះ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះដោយលើក ឡើងពីសម្ដី របស់ លោក ចន ឃី នាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងការបរទេសបន្ដទៀតថា “ការបោះឆ្នោតនេះ គឺជា ព្រឹត្តិការណ៍ ដ៏សំខាន់ក្នុងការផ្លាស់ប្តូរ លទ្ធិប្រជាធិបតេយ្យ របស់ ប្រទេសមីយ៉ាន់ម៉ា ដែលបច្ចុប្បន្ននេះ ត្រូវការឲ្យគ្រប់ភាគី ទាំងអស់គោរពឆន្ទៈ របស់អ្នកបោះឆ្នោត”។

លោកបន្ដទៀតថា ណូវែលសេឡង់ សូមសរសើរចំពោះប្រជាជនមីយ៉ាន់ម៉ា បេក្ខជន និងអាជ្ញាធររៀបចំ ការបោះឆ្នោតសម្រាប់ទំហំនៃការចូលរួម និងសណ្តាប់ធ្នាប់ក្នុង ព្រឹត្តិការណ៍បោះឆ្នោតនោះ។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលណូវែលសេឡង់ បានបញ្ជូនក្រុមអ្នកសង្កេតការណ៍ ទៅកាន់ប្រទេស មីយ៉ាន់ម៉ា ដើម្បីជួយសម្រួលដល់ដំណើរការបោះឆ្នោតនេះ ហើយនឹង បន្តស្វែងរកឱកាសដើម្បីគាំទ្រដល់ ការផ្លាស់ប្តូរ របស់ប្រទេសមីយ៉ាន់ម៉ា ប្រយោជន៍ការ គ្រប់គ្រងតាមបែបប្រជាធិបតេយ្យពិតប្រាកដ៕

ណូវែលសេឡង់ ជំរុញឲ្យគោរពនូវ លទ្ធផលនៃការ បោះឆ្នោតមីយ៉ាន់ម៉ា