​តើ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​ការពារ​មិន​ឱ្យ​កូន​ត្អើក​?

​តើ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​ការពារ​មិន​ឱ្យ​កូន​ត្អើក​?

​មាន​កូនក្មេង​មួយចំនួន​តែងតែ​ត្អើក​ជានិច្ច​ក្រោយពេល​ដែល​បៅ​ទឹកដោះគោ ឬ​ផឹកទឹក​រួច ជា​ហេតុ​ដែល​ធ្វើឱ្យ​អ្នក​ម្តាយ​ភ័យ ដូចនេះ​តើ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​ការពារ​មិន​ឱ្យ​កូន​ត្អើក​នោះ​?
 

​ប្រយ័ត្ន​របៀបរបប​នៃ​ការ​បំបៅ​
នៅពេល​ដែល​អ្នក​បំបៅ​ទឹកដោះគោ​កូន​ដោយ​ប្រើ​កំប៉ុង អ្នក​ត្រូវ​តែ​ដាក់ខ្លួន​កូន​ឱ្យ​ត្រង់ ហើយ​ដាក់​ក្បាល​កូន​ឱ្យ​រាង​ខ្ពស់​បន្តិច ដោយ​ដាក់​កូន​រាង​ទ្រេត​។​

ប្រយ័ត្ន​នូវ​បរិស្ថាន​ជុំវិញ​
នៅពេល​ដែល​អ្នក​បំបៅ​ទឹកដោះគោ​កូន អ្នក​ត្រូវ​តែ​រក្សា​បរិស្ថាន​នៅ​ជុំវិញ​ឱ្យ​ស្ងាត់ ហើយក៏​មិន​ត្រូវ​ទុក​ឱ្យ​កូន​ឃ្លាន​ខ្លាំង ហើយ​ញាត់​ឱ្យ​គេ​បៅ​នោះទេ ជាងនេះទៅទៀត អ្នក​ត្រូវ​តែ​មាន​ចិត្ត​អំណត់​កាន់​ដប​ទឹកដោះគោ​ឱ្យ​កូន​បៅ ដោយ​មិន​ត្រូវ​រក​គ្រប់​មធ្យោបាយ​ដើម្បី​ឱ្យ​កូនបៅ​លឿន​នោះទេ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​កូន​ត្អើក​បាន​។​

បៅ​តិច​តែ​ច្រើន​ពេល​
មានន័យ​ថា នៅពេល​ដែល​កូនបៅ​បាន​ប្រហែល​៥០% អ្នក​អាច​ឱ្យ​កូន​ឈប់​បន្តិច បន្ទាប់​មក​ពរ​កូន​បញ្ឈរ រួច​គោះ​ខ្នង​កូន​ថ្ម​មៗ ទើប​ឱ្យ​គេ​បន្ត​បៅ​ទៀត នោះ​កូន​នឹង​មិន​សូវ​មាន​អា​ការៈត្អើកឡើយ​។​

ផ្លាស់ប្តូរ​របៀប​ឆុង​ទឹកដោះគោ​
នៅពេល​ដែល​អ្នក​ឆុង​ទឹកដោះគោ អ្នក​អាច​ចាក់ទឹក​ក្តៅ​អ៊ុនៗ​ចូល​ជា​មុន​សិន បន្ទាប់មក​ទើប​ចាក់​ម្សៅ​ទឹកដោះគោ​ចូល នោះ​វា​នឹង​កក​ម្សៅ​ទឹកដោះគោ​នៅជាប់​នឹង​ក្បាលដោះ ដូចនេះ​កូន​នឹង​មិន​ប៊ឺត​ខ្យល់ចូល​ច្រើន​នោះទេ ជា​ហេតុ​ដែល​ធ្វើឱ្យ​កូន​មិន​ងាយ​ត្អើក​បាន​។​

មិន​ត្រូវ​ឱ្យ​កូន​បៅ​ព​ពុះ​
នៅពេល​ដែល​អ្នក​ឆុង​ទឹកដោះគោ វា​តែងតែ​មាន​ពពុះ​អណ្តែត​ជានិច្ច ដូចនេះ​អ្នក​មិន​ត្រូវ​ឱ្យ​កូន​បៅ​ពពុះ​ទាំងនោះ​ចូល​ពោះ​ឡើយ ព្រោះ​វា​ជា​ខ្យល់​ដែល​អាច​ធ្វើ​ឱ្យ​កូន​ត្អើក​បាន​។​

របៀប​ក្រឡុក​ទឹកដោះគោ​
នៅពេល​ដែល​អ្នក​ឆុង​រួច អ្នក​មិន​ត្រូវ​ក្រឡុក​ទឹកដោះគោ​ពីលើ​ចុះក្រោម​នោះទេ តែ​អ្នក​ត្រូវតែ​ក្រឡុក​ពីឆ្វេង​មក​ស្តាំ​វិញ ទើប​ល្អ​ចំពោះ​កូន​។​

របៀប​ដាក់​ក្បាលដោះ​ចូល​មាត់​កូន​
នៅពេល​ដែល​អ្នក​បំបៅ​ទឹកដោះ​កូន អ្នក​ត្រូវ​តែ​ដាក់​ក្បាលដោះ​នៃ​ដប​ទឹកដោះគោ​ចូល​ទៅ​លើ​អណ្តាត​កូន ហើយ​ត្រូវតែ​ពិនិត្យមើល​ថា ក្បាលដោះ​ចូល​មាត់​កូន​អស់​ឬ​នៅ ទើប​កូន​មិន​ប៊ឺត​ខ្យល់ចូល​ច្រើន ដោយសារ​តែ​ដាក់​ក្បាលដោះ​ចូល​មិន​អស់​៕

ប្រែ​សម្រួល​ដោយ ៖​កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។