ចាប់​ឡាន​ទំនើប២​គ្រឿង ពីមន្ត្រី​មានអំណាច ជិះអត់ពន្ធ

រាជធានី​ភ្នំពេញ ៖ កម្លាំង​គយ​ចល័ត​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ព្រាប គា​រ៉ាត់ ប្រធាន​ការិយាល័យ​គយ​ចល័ត និង​មានការ​ចូលរួម​ដោយ​លោក​មាស ចាន់​ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស បាន​ចុះ​ឆែកឆេរ និង​ត្រួតពិនិត្យ​នៅ​លំនៅ​ឋាន​មួយ ដោយ​រក​ឃើញ​រថយន្ត​ស៊េរី​ទំនើប​អត់​បង់ពន្ធ​២​គ្រឿង កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​១០ វិច្ឆិកា ឆ្នាំ​២០១៥ ។

រថយន្ត​គេចពន្ធ​នេះ ពួន​សំងំ​នៅផ្ទះ​លេខ​៦២ ផ្លូវ​៤៤០ ក្រោយ​ផ្សារ​ទួល​ទំពូង ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ។ ទី​១-​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX350 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​នគរបាល 2-8171 និង​រថយន្ត​ស៊េរី​ទំនើប​ទី​២ ម៉ាក​អូ​ឌី ពណ៌​ស ពាក់​ស្លាក​​លេខ​នគរបាល 2-7181 ។ រថយន្ត​ស៊េរី​ទំនើប​ទាំង​២​គ្រឿង​ខាងលើ​​នេះ ក្រុមការងារ​ចម្រុះ​បាន​ដកហូត​យក​ទៅ​រក្សា​ទុក​នៅ​មណ្ឌល​ឃ្លាំង​របស់​គយ​ និង​រដ្ឋ​ករ​ផ្នែក​បង្ការ និង​បង្ក្រាប​បទល្មើស​គេចពន្ធ​រួចរាល់​ហើយ ដើម្បី​ឱ្យ​ម្ចាស់​ទៅ​បង់ពន្ធ និង​ផាកពិន័យ​តាម​ច្បាប់ ។

គួរ​កត់​សម្គាល់ថា អ្នកកាសែត​កោះសន្តិភាព​ម្នាក់ ក៏​បាន​ចូលរួម​ក្នុង​បេស​កកម្ម​កម្ចាត់​បទល្មើស​នេះ​ដែរ ។ នៅ​ពេល​ទៅ​ដល់​កន្លែង​មាន​លាក់​ទុក​បទល្មើស ត្រូវ​បាន​អង្គរក្ស​មួយ​ក្រុម​របស់​មន្ត្រី​ដែល​គេ​ជឿ​ថា មាន​អំណាច​ម្នាក់​នេះ មក​ចោមរោម​កាសែត​ជុំ​ជិត​រារាំង​គ្រប់​សកម្មភាព ដោយ​គំរាម​សព្វបែបយ៉ាង ។

ចំពោះ​មុខ​ក្រុម​បេសកកម្ម​ជា​ផ្លូវការ​របស់​រដ្ឋ​កម្ចាត់​បទល្មើស​គេចពន្ធ​នេះ ត្រូវ​បាន​ស្ត្រី​ម្នាក់​ដែល​អះអាង​ថា ជា​ភរិយា​នៃ​មន្ត្រី​នោះ បាន​ចេញ​មុខការ​ពារ​ភ្លាម​ដោយ​ប្រកាស​ថា ប្តី​គាត់​ជា​អនុរដ្ឋលេខាធិការ​នៅ​ក្រសួងមហាផ្ទៃ​ទទួល​បន្ទុក​ផ្នែក​សណ្តាប់ធ្នាប់​សាធា​រណៈ ។

ទោះជា​មានការ​អះអាង​បែប​ណា​ក្តី ក៏​ក្រុមការងារ​បង្ការ និង​បង្ក្រាប​នៃ​ការិយាល័យ​គយ​ចល័ត​បាន​នាំ​យក​រថយន្ត​សង្ស័យ​ទាំង​២​គ្រឿង​នោះ​ទៅ​រក្សា​ទុក​ហើយ ។

ព័ត៌មាន​ចុង​ក្រោយ​មុន​នេះ​បន្តិច មន្ត្រី​គយ​ចល័ត​ដែល​ដឹកនាំ​ការងារ​នេះ​បាន​ប្រាប់​កោះសន្តិភាព​ថា រថយន្ត​ទំនើប​ទាំង​២​គ្រឿង​នេះ អត់​មាន​បង់ពន្ធ​ទេ គឺ​ជិះ «​ម៉ាង​»​តែ​ម្តង ដោយ​យក​ស្បែក​នគរបាល​មក​ពាក់​បន្លាច ។

ក្រុម​អ្នក​តាមដាន​និយាយ​ថា ពេលវេលា​នេះ​ហើយ គួរ​ណាស់​មន្ត្រី​ជាន់​ទាប ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​ទាំងឡាយ​ ល្មម​នាំ​គ្នា​គោរព​ច្បាប់​ហើយ ។ កុំ​ដេក​លើ​ច្បាប់ កុំ​យក​ច្បាប់​មក​ទ្រាប់​អង្គុយ ។

ឱ​បុគ្គល​អើយ​... បុគ្គល​! បុគ្គល មាន​អំណាច​ទាំងឡាយ​... គួរ​អាណិត​មេ​បក្ស​... មេដឹកនាំ​ប្រទេស​ផង​... ព្រោះ​ប្រជាជន​ទូ​ទាំង​ប្រទេស កំពុង​ប្រ​មើ​មើល តើ​អនាគត​ទៅ គួរ​ទុកចិត្ត​ទៀត​ដែរ​ឬ​អត់?

ចាប់​ឡាន​ទំនើប២​គ្រឿង ពីមន្ត្រី​មានអំណាច ជិះអត់ពន្ធ
ចាប់​ឡាន​ទំនើប២​គ្រឿង ពីមន្ត្រី​មានអំណាច ជិះអត់ពន្ធ
ចាប់​ឡាន​ទំនើប២​គ្រឿង ពីមន្ត្រី​មានអំណាច ជិះអត់ពន្ធ
ចាប់​ឡាន​ទំនើប២​គ្រឿង ពីមន្ត្រី​មានអំណាច ជិះអត់ពន្ធ
ចាប់​ឡាន​ទំនើប២​គ្រឿង ពីមន្ត្រី​មានអំណាច ជិះអត់ពន្ធ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត