​អាជ្ញាធរឃុំ ​រង​ការ​រិះ​គន់​ពី​ពលរដ្ឋ​​ថា បណ្តោយ​ឱ្យ​​​​រថយន្ត​​​ដឹក​ស្រូវ​​​បំផ្លិចបំផ្លាញ​ផ្លូវ​

​ខេត្ត​ស្វាយ​រៀង ៖ ប្រជាពលរដ្ឋ​​​រិះគន់​យ៉ាង​ខ្លាំងទៅ​លើ​អាជ្ញាធរ​មូលដ្ឋាន ដែល​បណ្តែតបណ្តោយ​ឱ្យ​រថយន្ត​ធុនធំយី​ឌុ​ប​ដឹកស្រូវ​ បើក​ឆ្លងកាត់​ផ្លូវ​ធ្វើ​ឱ្យ​​ខូច​ខ្ទេច​​យ៉ាង​ដំណំ បង្ក​ការ​លំបាក​​ដល់​​​​​ការ​​ធ្វើ​ដំណើរ​ឆ្លងកាត់​ ​​រអិលមុខ រអិលក្រោយ​ ដួល​​រង​របួស​ជា​រឿយៗ ។

ផ្លូវលំ​ក្រាល​ខ្សាច់​ភ្នំ​ដែល​កំពុង​រង​ការ​បំផ្លិច​បំផ្លាញ​​ដោយ​សារ​រថយន្ត​ដឹក​ស្រូវ​​នេះ មាន​ប្រវែង​ជាង​៦​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវ​កៅស៊ូ​ខាងត្បូង​វត្ត​បា​យ៉ាប ឆ្លងកាត់​ឃុំ​ចំនួន​៣ ឆ្ពៅ​ទៅ​​​ច្រករបៀង​សំ​យ៉ោ​ង​ ក្នុងស្រុកកំពង់​រោ​ទ៌ ​។ ផ្លូវ​នេះ​បច្ចុប្បន្ន​ពោរពេញ​ទៅ​ដោយ​ជង្ហុក​ធំ​ៗ និង​បែក​ភក់​យ៉ាង​ខ្លាំង​ ​និង​ធ្លាប់​បាន​ធ្វើឱ្យ​​អ្នកដំណើរ​តាម​ម៉ូតូ​រអិល​ដួល​និង​របួស​ជា​ច្រើន​នាក់​រួច​មក​ហើយ​ដែរ​ ។

លោក ហុ​ក បូ​ទី ប្រធាន​មន្ទីរ​អភិវឌ្ឍ​ន៌​ជនបទ​ខេត្តស្វាយរៀង បាន​ឱ្យ​ដឹង​ថា ផ្លូវ​នេះ ខាង​កង​វិស្វកម្ម​ជា​អ្នក​ស្ថាប​នា ហើយ​​​បាន​​ប្រគល់​ទៅ​ឱ្យ​អាជ្ញាធរ​ឃុំ​សំ​យ៉ោ​ង​ជា​អ្នកគ្រប់គ្រង​ និង​ថែទាំ កាលពី​ខែកុម្ភៈ ​ឆ្នាំ​​២០១៥ ប៉ុន្តែ​មិនដឹង​ថា ​មក​ពី​មូលហេតុ​អ្វី​បានជា​អាជ្ញាធរ​ឃុំ បណ្តោយ​ឱ្យ​​រថយន្ត​​ធំ​ៗ បើក​ឆ្លងកាត់​​បំផ្លិច​បំផ្លាញ​ផ្លូវ​បែប​នេះ​ ។

លោក ហុ​ក បូ​ទី បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​មន្ទីរ​អភិវឌ្ឍ​ន៌​ជនបទ មិន​មាន​ថវិកា​​សម្រាប់​​ជួសជុល​ផ្លូវ​នេះ​ទេ ប៉ុន្តែ​លោក​នឹង​លើក​​គម្រោង​​ស្នើ​សុំ​ទៅ​ក្រសួង ដើម្បី​ធ្វើការ​ជួសជុល​នៅ​ឆ្នាំ​ក្រោយ ចំពោះ​មុខ​ពេល​នេះ​ លោក​នឹង​ហៅ​មេឃុំ​ទាំង​៣ មក​ប្រជុំ​ពិភាក្សា​ដើម្បី​រក​ថវិកា​ជួសជុល​ផ្លូវ​នេះ​ជា​បណ្តោះអាសន្ន​សិន ដើម្បី​​ជួយ​សម្រួល​​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ​៕​