IMF ៖ GDP​មនុស្ស​ម្នាក់​របស់​កូរ៉េ​ខាងត្បូង​នឹង​កើនឡើង​ជិត​ស្មើ​ជ​ប៉ុ​ន​នៅ​ឆ្នាំ​2020

ប្រទេស​កូរ៉េ​ខាងត្បូង ៖ យោង​តាម​របាយការណ៍​ស្តី​ពី​ចក្ខុវិស័យ​នៃ​កំណើន​របស់​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) បង្ហាញ​ថា​ផលិតផល​ក្នុងស្រុក​សរុប (GDP) សម្រាប់​មនុស្ស​ម្នាក់​របស់​កូរ៉េ​ខាងត្បូង ត្រូវ​គេ​រំពឹង​ថា នឹង​កើនឡើង​តាម​ទាន់​ប្រទេស​ជប៉ុន ក្នុង​រយៈពេល​៥​ឆ្នាំ​ក្រោយ ។

របាយការណ៍​បាន​ព្យាករណ៍​ថា GDP នាម​ករ​ណ៍​ក្នុង​មនុស្ស​ម្នាក់​របស់​កូរ៉េ​នឹង​ឈាន​ដល់​៣៦.៧៥០​ដុល្លារ​ក្នុង​ឆ្នាំ​២០២០ កើនឡើង​៣១% បើ​ធៀប​នឹង​បរិមាណ​២៧.៩៧០​ដុល្លារ​កាលពី​ឆ្នាំ​២០១៤ ចំណែក GDP មនុស្ស​ម្នាក់​ជា​មធ្យម​របស់​ជប៉ុន​នឹង​កើនឡើង​៦% ឬ​ស្មើនឹង​៣៨.៧១៤​ដុល្លារ ។

ការ​ប៉ាន់​ប្រមាណ​ពី​ម៉ាក្រូសេដ្ឋកិច្ច​ចុង​ក្រោយ​បំផុត​របស់​IMF​ត្រូវ​បាន​ធ្វើ​បទ​បង្ហាញ​ក្នុង​ចក្ខុវិស័យ​សេដ្ឋកិច្ច​ពិភពលោក ដែល​ត្រូវ​ចេញផ្សាយ​២​ដង​ក្នុង​១​ឆ្នាំ គឺ​នៅ​ខែមេសា និង​ខែកញ្ញា​-​តុលា ។

លោក Bae Byoung-ho សេដ្ឋវិទូ​ជាន់ខ្ពស់​របស់​ធនាគារ​កូរ៉េ ថ្លែង​ថា ៖ «​ការ​លក់ទំនិញ​នៅ​ក្រៅប្រទេស​របស់​ជប៉ុន​នា​ពេល​ថ្មី​ៗ​នេះ​មាន​កម្រិត​ស្ទុះ​យឺត (​បើ​ធៀប​នឹង​ដំណាក់កាល​ដំបូង​នៃ​កម្មវិធី​សេដ្ឋកិច្ច​អា​បេ​ណូ​មិច​) ដែល​បាន​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ឧស្សាហកម្ម​ផលិតកម្ម ខណៈ​ការ​នាំ​ចេញ​របស់​កូរ៉េ​ខាងត្បូង​ត្រូវ​គេ​រំពឹង​ថា នឹង​ចុះបញ្ជី​នូវ​កំណើន​រួច​ជា​ស្រេច​» ។

លោក Bae Byoung-ho បន្ថែម​ថា ៖ «​នៅ​ក្នុង​ការ​គិត​ដូច​គ្នា​នៃ​អំណាច​ទិញ គឺ​ការ​ចុះ​ខ្សោយ​នៃ​ប្រាក់​យេ​ន​ជប៉ុន បើ​ធៀប​នឹង​រូបិយប័ណ្ណ​ពិភពលោក គឺជា​អ្នក​ជំរុញ​មួយ​ផ្នែក​ផ្សេង​ទៀត​នៃ GDP ។ ទាំង​ជប៉ុន និង​កូរ៉េ​ខាងត្បូង​បាន​បញ្ចេញ​ការ​ព្យាករ​នៃ GDP នៅ​ក្នុង​រូបិយប័ណ្ណ​ជាតិ​របស់​ពួក​គេ​ដែល IMF បាន​ប្តូរ​ចូល​ជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​»។

កាលពី​ឆ្នាំទៅ GDP ក្នុង​មនុស្ស​ម្នាក់​បាន​ផ្អែក​លើ​សមភាព​នៃ​អំណាច​ទិញ​ស្ថិត​ក្នុង​កម្រិត​៣៥.៣៧៩​ដុល្លារ​ចំពោះ​កូរ៉េ និង​៣៧.៥១៩​ដុល្លារ​សម្រាប់​ជប៉ុន ។ នៅ​ឆ្នាំ​២០១៨ IMF បាន​ព្យាករណ៍​ថា បរិមាណ GDP ក្នុង​មនុស្ស​ម្នាក់​របស់​កូរ៉េ នឹង​ឈាន​ដល់​៤១.៩៦៦​ដុល្លារ​លើស​តួលេខ​៤១.៤២៨​ដុល្លារ​របស់​ជប៉ុន​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ។
អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​តំបន់​អាស៊ី​ភាគ​ឦសាន​របស់​គ្រឹះស្ថានស្រាវជ្រាវ Hyundai លោក Lee Bu-Hyoung ថ្លែង​ថា ៖ «​ទាំង​សមភាព​អំណាច​ទិញ និង​ទំហំ​ផលទុន​នាម​ករ​ណ៍​នៃ GDP សរុប​ទាំងអស់​ចាំបាច់​ត្រូវ​ពិនិត្យ​ពី​ប៉ាន់​ប្រមាណ​លើ​សក្តានុពល​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរ​» ។

លោក Lee Bu-Hyoung បន្ត​ថា ៖ «​ក្រៅពី​សមភាព​អំណាច​ទិញ វា​ជា​ការ​ចាំបាច់​ដើម្បី​សម្លឹង​មើល​ថា តើ​ចំនួន​ទឹកប្រាក់​ប៉ុន្មាន​ដែល​ប្រទេស​នេះ​អាច​ផលិត​បាន ។ ជាក់ស្តែង ក្នុង​ផ្នែក​នាម​ករ​ណ៍ ក៏​ដូច​ជា​វឌ្ឍនភាព​របស់​ខ្លួន​នៃ​ការ​កែទម្រង់​គោលនយោបាយ និង​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច ។ ម្យ៉ាងទៀត កូរ៉េ​នៅ​តែ​ស្ថិត​នៅ​លើ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​មួយ​ក្នុង​ការ​ដើរ​ឆ្ពោះទៅ​មុខ មុន​នឹង​តាម​ទាន់​សេដ្ឋកិច្ច​កសិកម្ម​យូរអង្វែង​របស់​ជប៉ុន​» ៕