សេដ្ឋកិច្ច​ពិភពលោក​បោះ​ជំហាន​ទៅ​មុខ​យឺត​ជាង​ការ​ព្យាករ​ទុកជា​ផ្លូវការ

សហរដ្ឋអាមេរិក ៖ បច្ចុប្បន្ន​នេះ សេដ្ឋកិច្ច​ពិភពលោក​កំពុង​តែ​បោះ​ជំហាន​ទៅ​មុខ​យឺត​ជាង​ការ​ព្យាករ​ទុក​របស់​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) និង​បណ្តា​អ្នក​ព្យាករណ៍​ធំ​ៗ​ដទៃ​ទៀត ។

នាយក​ប្រតិបត្តិ AP Moeller-Maersk បាន​មាន​ប្រសាសន៍​ថា ៖ «​ក្រុមហ៊ុន​របស់​លោក ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ​ពាណិជ្ជកម្ម​តាម​ផ្លូវ​សមុទ្រ​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​។ លោក​ជឿជាក់​ថា កំណើនសេដ្ឋកិច្ច​សាកលលោក​កំពុង​តែ​បង្អន់ល្បឿន ហើយ​ពាណិជ្ជកម្ម​បច្ចុប្បន្ន​មាន​កម្រិត​ខ្សោយ​ជាង​ធម្មតា ដែល​ស្ថិត​នៅ​ក្រោម​ការ​ព្យាករ​នៃ​កំណើន​» ។

IMF បាន​ទម្លាក់​ការ​ព្យាករ​របស់ GDP ពិភពលោក​របស់​ខ្លួន​ប្រចាំឆ្នាំ​២០១៥ កាលពី​ថ្ងៃ​ទី​៦ តុលា មក​ត្រឹម​៣,១% ពី​អត្រា​ព្យាករ​ទុក​កាលពីមុន​៣,៣% ដោយ​សំអាង​លើ​ការ​បង្អន់ល្បឿន​នៃ​ការ​រើប​ឡើង​វិញ​នៃ​ទីផ្សារ​ដែល​ត្រូវ​ជំរុញ​ដោយ​ការ​ចុះ​ខ្សោយ​តម្លៃ​ទំនិញប្រើប្រាស់​។ ជាង​នេះ​ទៀត អង្គការ​មូលដ្ឋាន​ក្រុង​វ៉ា​ស៊ី​ន​តោន​មួយ​នេះ ក៏​បាន​បន្ថយ​ការ​ព្យាករ​កំណើន​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០១៦ មក​នៅ​ត្រឹម​៣,៦% ពី​អត្រា​៣,៨% ។ ការ​កែប្រែ​ថ្មី​នេះ​អាច​នឹង​មាន​សុទិដ្ឋិនិយម​ច្រើន ។

នាយក​ប្រតិបត្តិ AP Moeller-Maersk បន្ថែម​ថា ៖ «​យើង​បាន​ពាំនាំ​មក​នូវ​ការ​ព្យាករ​ម៉ាក្រូសេដ្ឋកិច្ច​របស់​ខ្លួន ហើយ​ក៏​សម្លឹង​ឃើញ​ថា កំណើន​តិច​ជាង​មុន​ផង​ដែរ ជា​ពិសេស ការ​អភិវឌ្ឍ​ជាតិ ប៉ុន្តែ​អាច​នៅ​ក្នុង​តំបន់​អឺរ៉ុប​ច្រើន​ជាង​ការ​រំពឹង​ទុក​របស់​អ្នក​ឯទៀត​ក្នុង​ឆ្នាំ​២០១៥​។ ម្យ៉ាងទៀត សម្រាប់​ឆ្នាំ​២០១៦ យើង​នឹង​មាន​ទុទ្ទិដ្ឋិនិយម​ច្រើន​ជាង​អ្នក​ព្យាករ​ភាគច្រើន​បន្តិច​ដែរ​» ។

កាលពី​ថ្ងៃ​សុក្រ​នេះ បណ្តា​ទូ​ដឹក​ជញ្ជូន​ទំនិញ​របស់​ក្រុមហ៊ុន AP Moeller-Maersk  បាន​រាយការណ៍​ពី​ការ​ធ្លាក់​ចុះ​៦១% នៃ​ប្រាក់​ចំណេញ​ប្រចាំត្រីមាស​ទី​៣ ស្រប​ពេល​ដែល​តម្រូវការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ពិភពលោក​កើនឡើង​ដ៏​កម្រ បើ​ធៀប​នឹង​ឆ្នាំ​មុន ។ ចំណែក​អត្រាកំណើន​ទាប​កំពុង​តែ​ផ្តល់​កង្វល់​ផង​ដែរ ជា​ពិសេស ឧស្សាហកម្ម​នេះ​បាន​ពុះពារ​រួច​មក​ហើយ​ជាមួយ​ចំនួន​លើស​នៃ​សមត្ថភាព​ផលិត ។

នាយក​ប្រតិបត្តិ​រូប​នេះ​កត់​សម្គាល់ថា ៖ «​ពាណិជ្ជកម្ម​ចាប់ពី​តំបន់​អាស៊ី​ទៅ​អឺរ៉ុប រហូត​មក​ទល់​នឹង​ពេល​នេះ​បាន​ទទួល​រង​នូវ​សម្ពាធ​នាំ​ឱ្យ​មាន​ក្តី​បារម្ភ​បំផុត ស្រប​ពេល​ប្រាក់​អឺ​រូ​ចុះ​ខ្សោយ​ជាង​មុន ដែល​កាន់តែ​ប៉ះពាល់​ដល់​បណ្តា​អ្នក​នាំ​ចេញ​ដូច​ជា ចិន​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ប្រកួតប្រជែង​ជាដើម ។ ម្យ៉ាងទៀត ក៏​គ្មាន​សញ្ញា​នៅឡើយ ដែល​សេដ្ឋកិច្ច​ពិភពលោក​បែរ​ទៅ​រក​ការ​ធ្លាក់​ចុះ​ប្រហាក់ប្រហែល​នឹង​វិបត្តិ​ហិរញ្ញវត្ថុ កាលពី​ឆ្នាំ​២០០៨» ។

លោក​បញ្ជាក់​ថា ៖ «​យើង​កំពុង​សម្លឹង​មើល​ដំណើរ​ខុស​ប្រក្រតី​មួយ​ចំនួន​ក្នុង​ចំណោម​ការ​ចែកចាយ​ឡើង​វិញ ដែល​កើត​មាន​រវាង​បណ្តា​ប្រទេស​នាំ​ចេញ និង​នាំ​ចូល​ទំនិញប្រើប្រាស់ ប៉ុន្តែ​ចំណុច​នេះ​មិន​គួរ​នាំ​ឱ្យ​កើតជា​វិបត្តិ​ទាំងស្រុង​ឡើយ​» ៕