ថៃ​ត្រៀម​ចុះ​កិច្ចព្រមព្រៀង​លក់​អង្ករ (GZG) 5​សែន​តោន​ជាមួយ​ឥណ្ឌូ​ណេ​ស៊ី

ប្រទេស​ថៃ ៖ ខាង​ផ្នែក​ពាណិជ្ជកម្ម​មាន​ដំណឹង​ល្អ ដែល​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​នឹង​ទិញ​អង្ករ​ពី​ថៃ នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​ចំនួន​៥​សែន​តោន ហើយ​គ្រោង​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ទិញ​-​លក់​នៅ​ស​ប្តា​ហ៍​ក្រោយ មាន​តម្លៃ​ជាង​៨​ពាន់​លាន​បាត ដោយ​ប្រគល់​ឱ្យ​នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៥ ដល់​ខែមីនា ឆ្នាំ​២០១៦ ។

លោកស្រី អា​ភី​រ៉ា​ឌី តន់​ត្រា​ព័រ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម​បាន​បង្ហើប​ឱ្យ​ដឹង​ថា ៖ «​ក្នុង​ស​ប្តា​ហ៍​ខាង​មុខ​នេះ នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស​ក្នុង​ក្រសួងពាណិជ្ជកម្ម នឹង​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ទិញ​-​លក់​អង្ករ​រវាង​ប្រទេស​ថៃ និង​ឥណ្ឌូ​ណេ​ស៊ី សរុប​ចំនួន​៥០០.០០០​តោន ក្នុង​នោះ​បាន​បែងចែក​ជា​អង្ករ​បាក់​៥% មាន​បរិមាណ​៥០.០០០​តោន និង​អង្ករ​បាក់​១៥%​ទៀត ស្មើនឹង​បរិមាណ​៤៥០.០០០​តោន​ជា​អង្ករ​ថ្មី ដែល​ត្រូវ​នាំ​ចេញ​ក្នុង​ខែវិច្ឆិកា ២០១៥ ដល់​ខែមីនា ២០១៦ មាន​តម្លៃ​សរុប​ជាង​៨.០០០​លាន​បាត ។ រដ្ឋាភិបាល​ថៃ​បាន​ប្រគល់​ឱ្យ​សមាគម​អ្នក​នាំ​ចេញ​អង្ករ​ធ្វើការ​បែងចែក​ដល់​សមាជិក​ផ្គត់ផ្គង់ និង​ចែកចាយ​អង្ករ​» ។

សម្រាប់​កិច្ចសន្យា​ទិញ​-​លក់​អង្ករ​ជាមួយ​ឥណ្ឌូ​ណេ​ស៊ី គឺជា​កិច្ចសន្យា​បន្ថែម​ដល់​រដ្ឋាភិបាល​ថៃ ដែល​ទទួល​ជោគជ័យ​ក្នុង​ការ​ដេញថ្លៃ ហើយ​បាន​ធ្វើ​កិច្ចសន្យាលក់​អង្ករ​ទៅ​ឱ្យ​រដ្ឋាភិបាល​ហ្វ៊ី​លី​ពី​ន​រួច​ហើយ​ចំនួន​៣០០.០០០​តោន ជា​ប្រភេទ​អង្ករ បាក់​២៥% ។ ជាង​នេះ​ទៀត ថៃ​នៅ​តែ​នាំ​ចេញ​អង្ករ​ទៅ​ចិន​ជា​បន្តបន្ទាប់ តាម​រយៈ​កិច្ចសន្យា​ចាស់​ចំនួន​៣០០.០០០​តោន ដោយ​រំពឹង​ទុក​ថា នឹង​ចប់​រួចរាល់​នៅ​ចុងឆ្នាំ​២០១៥ ។ លើស​ពី​នេះ​ទៀត ថៃ​បាន​បន្ត​ចុះ​កិច្ចសន្យា​ទិញ​-​លក់​អង្ករ​ថ្មី​បន្ថែម​ទៀត​ជាមួយ​ប្រទេស​ចិន ចំនួន​១​លាន​តោន​ដើម្បី​ធ្វើការ​នាំ​ចេញ​ក្នុង​ឆ្នាំ​២០១៦​ខាង​មុខ បន្ទាប់​ពី​កិច្ចសន្យា​ចាស់​បាន​បញ្ចប់ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ រដ្ឋាភិបាល​ថៃ ក៏​មាន​លទ្ធភាព​ចុះ​កិច្ចសន្យា​ទិញ​-​លក់​អង្ករ​ជា​មួ​ួ​យ​ប្រទេស​ផ្សេង​ៗ​ទៀត ដើម្បី​ឱ្យ​មានការ​នាំ​ចេញ​អង្ករ​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​ឱ្យ​បាន​ដល់​ជាង​១​លាន​តោន​។ ចំណែក​ការ​ទិញ​-​លក់​អង្ករ​ជាមួយ​ផ្នែក​ឯកជន​វិញ នៅ​តែ​មានដំណើរ​ការ​ធម្មតា ដូច្នេះ​អាច​និយាយ​បាន​ថា នឹង​ទទួលលទ្ធផល​ល្អ​សម្រាប់​តម្លៃ​អង្ករ​ដែល​ផលិត​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ដែល​កំពុង​តែ​មានការ​ប្រកួតប្រជែង ។

ទោះជា​យ៉ាងណា ក៏​មានការ​រំពឹង​ថា បន្ទាប់​ពី​ប្រទេស​ផ្សេង​ៗ​ជួបនឹង​គ្រោះ​រាំង​ស្ងួត ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​រហូត​ដល់​ឆ្នាំ​ខាង​មុខ​នោះ គេ​រំពឹង​ថា ប្រទេស​ហ្វ៊ី​លី​ពី​ន និង​ឥណ្ឌូ​ណេ​ស៊ី នៅ​តែ​ជា​ប្រទេស​នាំ​ចូល​អង្ករ​ដ៏​សំខាន់​ពី​ថៃ នេះ​ចាត់​ទុក​ថា ជា​ឱកាសល្អ​សម្រាប់​ការ​នាំ​ចេញ​អង្ករ​របស់​ថៃ ។ ទន្ទឹម​នឹង​នេះ​ដែរ ក៏​ត្រូវ​តាមដាន​ពី​ស្ថានភាព​ផលិត និង​តម្លៃ​ឱ្យ​បាន​ដិត​ដល់​ផង​ដែរ ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​គ្រប់គ្រង​អង្ករ​ឱ្យ​បាន​សមរម្យ រួម​ទាំង​ធ្វើ​ឱ្យ​តម្លៃ​ស្រូវ​កាន់តែ​មាន​តម្លៃ​ខ្ល​ស់​ផង​ដែរ ៕