រុ​ស្ស៊ី​ទទួលស្គាល់​លទ្ធភាព​នៃ​អំពើ​ភេរវកម្ម​ក្នុង​ការ​ធ្លាក់​យន្តហោះ

នាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី​លោក​ឌី​មី​ឌ្រី ម៉េ​ដ​វេ​ដេ​វ កាលពី​ថ្ងៃ​ទី​៩ វិច្ឆិកា ទទួលស្គាល់​លទ្ធភាព​នៃ​អំពើ​ភេរវកម្ម​មួយ​ជា​ប្រភព​នៃ​ការ​ធ្លាក់​យន្តហោះ​រុ​ស្ស៊ី​មួយ​គ្រឿង​នៅ​អេ​ហ្ស៊ី​ប កាលពី​ថ្ងៃ​ទី​៣១ តុលា ខណៈ​ប្រទេស និង​អ្នក​ជំនាញការ​ជា​ច្រើន​ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ​លើក​ឡើង​ពី​លទ្ធភាព​នេះ ។

សាខា​នៅ​អេ​ហ្ស៊ី​ប​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រកាស​ទទួលខុសត្រូវ​លើ​ការ​ធ្លាក់​យន្តហោះ​នេះ នៅ​តំបន់​វាល​ខ្សាច់​ស៊ី​ណៃ​អុ​ី បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២២៤​នាក់ ដែល​ជា​ជនជាតិ​រុ​ស្ស៊ី​ស្ទើរ​ទាំងអស់ ។

លោក​ម៉េ​ដ​វេ​ដេ​វ ថ្លែង​ទៅ​កាន់​កាសែត ROSSIISKAIA GAZETA ថា លទ្ធភាព​នៃ​អំពើ​ភេរវកម្ម​នៅ​តែ​ជា​ការ​ពិត ។

ចំណែក​ប្រទេស​អេ​ហ្ស៊ី​ប​វិញ ហាក់ដូចជា​នៅ​អាល់​អែក​ក្នុង​ការ​ទទួលស្គាល់​លទ្ធភាព​នោះ ដោយ​រដ្ឋាភិបាល​ប្រទេស​នេះ​និយាយ​ជា​ច្រើន​លើក​ថា គេ​ពុំ​អាច​ធ្វើការ​សន្និដ្ឋាន​ជា​ស្ថាពរ​ណាមួយ​មុន​ពេល​បញ្ចប់​ការ​ស៊ើបអង្កេត​ឡើយ ។

អេ​ហ្ស៊ី​ប​ប្រកាស​នា​ថ្ងៃ​ទី​៩ វិច្ឆិកា ថា ប៉ូលិស​បាន​សម្លាប់​ក្នុង​ទីក្រុង​គែរ នូវ​ប្រមុខ​សំខាន់​ម្នាក់​នៃ​សាខា​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អេ​ហ្ស៊ី​ប​ដែល​មានឈ្មោះ​ថា ASHRAF ALI ALI HASSANEIN AL GHARABLI ។ ជន​នេះ​សង្ស័យ​ជា​មេគំនិត​ម្នាក់​នៃ​ការ​វាយប្រហារ​ភេរវកម្ម​ជា​ច្រើន​ប្រឆាំង​កងកម្លាំង​សន្តិសុខ កាត់​ក្បាល​ជនជាតិ​ក្រូ​អាស៊ី​ម្នាក់ កាលពី​ខែសីហា សម្លាប់​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​កាលពី​១​ឆ្នាំ​មុន ព្រមទាំង​វាយប្រហារ​ភេរវកម្ម​ប្រឆាំង​ស្ថាន​កុងស៊ុល​អីុតា​លី​ប្រចាំ​ក្រុង​គែរ​កាលពី​ខែកក្កដា ។

ប្រទេស​ជា​ច្រើន​ក្នុង​នោះ​មាន​អង់គ្លេស និង​សហរដ្ឋអាមេរិក​លើក​ឡើង​ពី​លទ្ធភាព​នៃ​ការ​ដាក់​គ្រាប់បែក​ឱ្យ​ផ្ទុះ​ក្នុង​យន្តហោះ AIRBUS របស់​ក្រុមហ៊ុន​អាកាសចរណ៍​រុ​ស្ស៊ី METROJET ដែល​កំពុង​ហោះ​ទៅ​កាន់​ទីក្រុង​សាំង​ប៉េ​ទ័​រ​ស្បួ​រ​ចេញពី​ទីក្រុង CHARM EL CHEIKH អេ​ហ្ស៊ី​ប ។

អីុ​ស្រា​អែ​ល​ជា​ប្រទេស​នៅ​ជាប់​ព្រំដែន​ស៊ី​ណៃ​អីុ-​អេ​ហ្ស៊ី​ប ក៏​គូសបញ្ជាក់​នា​ថ្ងៃ​ទី​៩ វិច្ឆិកា ថា យន្តហោះ​នេះ​ធ្លាក់​ក៏​ដោយសារ​ការ​វាយប្រហារ​ភេរវកម្ម​មួយ​ដែរ ៕