លោក​អូ​បា​ម៉ា និង​នាយក​រដ្ឋមន្ត្រី​អីុស្រា​អែ​ល​ជួប​គ្នា​នៅ​សេត​វិមាន​សម្រាល​ភាព​តានតឹង

ប្រធានាធិបតី​អា​េ​ម​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា និង​នាយក​រដ្ឋមន្ត្រី​អីុ​ស្រា​អែ​ល លោក​បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ បាន​ជួប​ពិភាក្សា​គ្នា​កាលពី​ថ្ងៃ​ទី​៩ វិច្ឆិកា នៅ​សេត​វិមាន​ដោយ​ចាត់​ទុក​សាមគ្គីភាព​នៃ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អា​មេ​រិ​ក និង​អីុ​ស្រា​អែ​ល​ជា​រឿង​សំខាន់ បន្ទាប់​ពី​ច្រើន​ខែ​ដែល​មេដឹកនាំ​ទាំង​២​មិន​ចុះសម្រុង​លើ​សំណុំរឿង​នុយក្លេអ៊ែរ​អីុ​រ៉​ង់ និង​ទោះបី​ទំនាក់ទំនង​ផ្ទាល់ខ្លួន​មាន​ភាព​តានតឹង​ក៏​ដោយ ។

ក្នុង​ការ​ជួប​គ្នា​នេះ​ប្រធានាធិបតី​អា​មេ​រិ​ក និង​នាយក​រដ្ឋមន្ត្រី​អីុ​ស្រា​អែ​ល​បាន​ទទូច​លើ​សារសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​ពេល​ដែល​តំបន់​មជ្ឈិម​បូ​ពា​កំពុង​ឆ្លងកាត់​ដោយ​អំពើ​ហិង្សា​នានា ។

ការ​ស្វែងរក​កិច្ចព្រមព្រៀង​យោធា​ថ្មី​មួយ រវាង​អា​មេ​រិ​ក និង​អីុ​ស្រា​អែ​ល​សម្រាប់​រយៈពេល​១០​ឆ្នាំ​ខាង​មុខ​នេះ ជា​ចំណុច​សំខាន់​នៃ​ការ​ពិភាក្សា​គ្នា​របស់​មេដឹកនាំ​ទាំង​២​ដែល​មាន​រយៈពេល​ជាង​២​ម៉ោង ។

ក្រោយ​ការ​ជួប​គ្នា​នេះ លោក​នេ​តាន់​យ៉ា​ហ៊ូ វាយតម្លៃ​ថា ការ​ជួប​គ្នា​នេះ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក​ខុស​ពី​ការ​ជជែក​មិន​ត្រូវ​ធ្លុង​គ្នា​កាលពី​ពេល​មុន។

ការ​ជួប​គ្នា​នេះ​រវាង​មេដឹកនាំ​ទាំង​២​ជា​ការ​ជួប​គ្នា​លើក​ដំបូង​ចាប់តាំងពី​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​អីុរ៉​ង់​ស្តី​ពី​កម្មវិធី​នុយក្លេអ៊ែរ​ដ៏​ចម្រូងចម្រាស់​របស់​ប្រទេស​នេះ​ដែល​ជា​អាទិភាព​មួយ​នៃ​នយោបាយ​ការ​បរទេស​របស់​លោក​អូ​បា​ម៉ា ដែល​លោក​នេ​តាន់​យ៉ា​ហ៊ូ ចាត់ទុកជា​ការ​ខុសឆ្គង​ប្រវត្តិសាស្ត្រ​មួយ ។

ដោយ​លើក​ឡើង​ពី​ជំនឿ​ជាក់​របស់​លោក​ថា រដ្ឋ​អីុ​ស្រា​អែ​ល​ពុំ​ត្រឹមតែ​មាន​សិទ្ធិ និង​កាតព្វកិច្ច​ការពារ​ខ្លួន លោក​អូ​បា​ម៉ា បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​រលក​នៃ​អំពើ​ហិង្សា​ក្នុង​បណ្តា​ដែនដី​ប៉ា​ឡេ​ស្ទី​ន ដែល​អីុ​ស្រា​អែ​ល​កាន់កាប់ និង​នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ដែល​នាំ​ឱ្យ​មានការ​ភ័យ​ខ្លាច​ដល់ INTIFADA ថ្មី​មួយ ៕