ប៉ូលិស​ហ្ស​ក​ដា​នី​ម្នាក់​សម្លាប់​គ្រូបង្ហាត់​អា​មេ​រិ​ក​2​នាក់ និង​អាហ្វ្រិក​ខាងត្បូង​ម្នាក់

ប៉ូលិស​ហ្ស​ក​ដា​នី​ម្នាក់​កាលពី​ថ្ងៃ​ទី​៩ វិច្ឆិកា បាន​បាញ់​សម្លាប់​គ្រូបង្ហាត់​អា​េ​ម​រិ​ក​២​នាក់ និង​អាហ្វ្រិក​ខាងត្បូង​ម្នាក់​មុន​ពេល​រូបគេ​ត្រូវ​បាញ់​ស្លាប់ ។ រឿង​បែប​នេះ​កើត​មាន​១០​ឆ្នាំ​បន្ទាប់​ពី​ការ​វាយប្រហារ​ភេរវកម្ម​បង្ហូរឈាម​មួយ​ចំនួន​របស់​អាល់​កៃ​ដា​នៅ​ហ្ស​ក​ដា​នី​ប្រទេស​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក ។

ប៉ូលិស​ឈ្មោះ ANWAR ABOU ZEID បាន​បាញ់ប្រហារ​ពុំ​ដឹង​ពី​មូលហេតុ​ក្នុង​មជ្ឈមណ្ឌល​ប៉ូលិស​មួយ​កន្លែង ដែល​ពួក​អ្នក​ជំនាញការ​អន្តរជាតិ​ជួយ​ហ្វឹកហ្វឺន​ប៉ូលិស​ហ្ស​ក​ដា​នី ជួនកាល​ប៉ូលិស​បរទេស​ផង​ដែរ ។

យោង​តាម​តុល្យការ​ថ្មី​មួយ​ចេញផ្សាយ​ដោយ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ហ្ស​ក​ដា​នី លោក​ម៉ូ​ហា​ម៉េ​ដ ម៉ូ​ម៉ា​នី ថា ក្រៅពី​គ្រូបង្វឹក​ជនជាតិ​អា​មេ​រិ​ក​២​នាក់ និង​ជនជាតិ​អាហ្វ្រិក​ខាងត្បូង​ម្នាក់ បុរស​នេះ​បាន​សម្លាប់​និយោជិត​ជនជាតិ​ហ្ស​ក​ដា​នី​២​នាក់ និង​បាញ់​ឱ្យ​របួស​គ្រូបង្វឹក​ជនជាតិ​អា​មេ​រិ​ក​២​នាក់ ហ្ស​ក​ដា​នី​៣​នាក់ និង​លី​បង់​ម្នាក់ ។ បុរស​ជនជាតិ​ហ្ស​ក​ដា​នី​ម្នាក់​ដែល​របួសធ្ងន់​បន្ទាប់​មក​ក៏​ត្រូវ​ស្លាប់​ដែរ ។

ប៉ូលិស​ជា​ខ្មាន់កាំភ្លើង​ពាក់​ស័ក្តិ​៣​រូប​នេះ​ត្រូវ​ប៉ូលិស​ឯទៀត​ៗ​បាញ់​សម្លាប់ ។ មាន​អាយុ​២៨​ឆ្នាំ រូបគេ​មាន​ប្រពន្ធ និង​កូន​២​នាក់ ។

នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន ប្រធានាធិបតី​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា គូសបញ្ជាក់​ថា ការ​ស៊ើបអង្កេត​ដោយ​ស៊ីជម្រៅ​មួយ​កំពុង​ធ្វើ ។ យើង​ចាប់អារម្មណ៍​ខ្លាំង​លើ​រឿង​នេះ​ហើយ​យើង​នឹង​ធ្វើការ​ដោយ​រួម​សហការ​ជាមួយ​ហ្ស​ក​ដា​នី ដើម្បី​កំណត់​ឱ្យ​ច្បាស់​ថា ហេតុ​អ្វី​បានជា​មានការ​បាញ់ប្រហារ​បែប​នេះ ៕