គ្រូ Lee ប្រាប់​បញ្ហា​បី​យ៉ាង​​មុន​ក្រុម​ជម្រើស​ជាតិ​ចាកចេញ​ទៅ​អ៊ីរ៉ង់


គ្រូ Lee ប្រាប់​បញ្ហា​បី​យ៉ាង​​មុន​ក្រុម​ជម្រើស​ជាតិ​ចាកចេញ​ទៅ​អ៊ីរ៉ង់

លោក Lee Tae Hoon គ្រូ​បង្វឹក​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​លើក​ឡើង​ពី​បញ្ហា​​បី​យ៉ាង មុន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ព្រះ​រាជាណាចក្រ​កម្ពុជា​ទៅ​​ប្រទេស​អ៊ីរ៉ង់កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ជាមួយ​ប្រទេស​អាហ្វហ្គានីស្ថាន ក្នុង​ជំនួប​ជម្រុះ​បាល់​ទាត់​ពិភពលោក​ឆ្នាំ​២០១៨ នៅ​តំបន់​អាស៊ី ពូលEជើង​ទី២ ជុំ​ទី២ នា​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា​ខាង​មុខ។

 

គ្រូ Lee ប្រាប់​បញ្ហា​បី​យ៉ាង​​មុន​ក្រុម​ជម្រើស​ជាតិ​ចាកចេញ​ទៅ​អ៊ីរ៉ង់
លោក Lee Tae Hoon គ្រូ​បង្វឹក​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា

 

​​​បញ្ហា​ទី១៖ លោក Lee Tae Hoon បាន​បញ្ជាក់​ថា កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ពុំ​មាន​ពេល​វេលា​សម្រាក​គ្រប់​គ្រាន់​ជុំ​គ្នា ព្រោះ​​លីក​កំពូល​ទើប​បញ្ចប់​​ការ​ប្រកួត​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ជើង​ទី២ កាល​ពី​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា​កន្លង​ទៅ។

 

បញ្ហា​ទី២៖ កីឡាករ​ជម្រើស​ជាតិ ៦​នាក់​នៅ​ក្រុម​បឹងកេតអង្គរ មិន​បាន​ហ្វឹក​ហាត់​រួម​គ្នា​ជាមួយ​កីឡាករ​ជម្រើស​ជាតិ​ផ្សេង​ទៀត ព្រោះ​ជាប់​ភារកិច្ច​ប្រកួត​ពាន​រង្វាន់ Toyota Mekong Club Championship 2015 នៅ​ប្រទេស​ឡាវ និង​ប្រកួត​វគ្គ​ខ្វែង​ជើង​ទី២ ជាមួយ​ក្រុម​ណាហ្គាវើល។

 

បញ្ហា​ទី៣៖ ចម្ងាយ​ផ្លូវ​ដ៏​ឆ្ងាយ​ទៅ​ទី​កន្លែង​ប្រកួត​នៅ​​ប្រទេស​អ៊ីរ៉ង់​ប្រមាណ​ជិត ៦​ពាន់​គីឡូម៉ែត្រ ដែល​អាច​ធ្វើ​ឲ្យ​កីឡាករ​អស់​កម្លាំង​ព្រោះ​ពុំ​មាន​ជើង​ហោះហើរ​ត្រង់ និង​ត្រូវ​ប្ដូរ​ជើង​ហោះហើរ​នៅ​វៀតណាម​ម្ដង រួច​ប្ដូរ​នៅ​ប្រទេស​កាតារ​ម្ដង​ទៀត ទើប​ចេញ​ទៅ​​ដល់​ប្រទេស​អ៊ីរ៉ង់។

 

​ការ​ប្រកួត​ជើង​ទី​២ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា​ខាង​មុខ បន្ទាប់​ពី​កម្ពុជា​ចាញ់​ជើង​ទី១ លើ​ទឹក​ដី​ខ្លួន​ឯង ១-០ កាល​ពី​ខែ​មិថុនា​កន្លង​ទៅ។ សហព័ន្ធ​កីឡា​បាល់​ទាត់​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន បាន​សម្រេច​ជ្រើស​រើស​យក​ប្រទេស​អ៊ីរ៉ង់​ជា​ទឹក​ដី​កណ្ដាល​សម្រាប់​ការ​ប្រកួត ដែល​នឹង​​​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Takhti នៃ​ទីក្រុង​តេអ៊ីរ៉ង់ ប្រទេស​អ៊ីរ៉ង់៕

 

ទស្សនា​វីដេអូ គ្រូ Lee និយាយ​មុនពេល​​ចាក​ចេញ​ពី​កម្ពុជា៖

 

 

គ្រូ Lee ប្រាប់​បញ្ហា​បី​យ៉ាង​​មុន​ក្រុម​ជម្រើស​ជាតិ​ចាកចេញ​ទៅ​អ៊ីរ៉ង់
 

អត្ថបទ៖ គង់ វិសាល