​កីឡាករ​ Premier League ​ម្នាក់​រត់​លឿន​ជាង​ស្ដេច​ល្បឿន​ Usain Bolt

​កីឡាករ​ Premier League ​ម្នាក់​រត់​លឿន​ជាង​ស្ដេច​ល្បឿន​ Usain Bolt

កីឡាករ​ដែល​លេង​នៅ​ក្របខ័ណ្ឌ​ Premier League ម្នាក់​​ បាន​​រត់​លឿន​ជាង​ស្ដេច​ល្បឿន​ពិភពលោក​​ Usain Bolt ​ទៅ​ទៀត​ នៅ​រយៈ​ចម្ងាយ​ជាង​៤០​ម៉ែត្រ ប៉ុន្តែ​មិន​មែន​ជា​កីឡាករ​ Theo Walcott ឬ Aaron Lennon ឡើយ។

 

​កីឡាករ​ Premier League ​ម្នាក់​រត់​លឿន​ជាង​ស្ដេច​ល្បឿន​ Usain Bolt

Hector Bellerin (ឆ្វេងដៃ)

 

​​បើ​​យោង​តាម​ BBC ​បាន​ឲ្យ​ដឹង​ថា ​កីឡាករ​របស់​កាំភ្លើង​ធំ Arsenal ខ្សែ​ការពារ​ Hector Bellerin ​គឺ​​​រត់​លឿន​ជាង​កំពូល​កីឡាករ​រត់​ប្រណាំង​ពិភពលោក​ Usain Bolt បើ​គិត​ត្រឹម​ចម្ងាយ​ជាង​៤០​ម៉ែត្រ បន្ទាប់​ពី​កីឡាករ​វ័យ​២០​ឆ្នាំ​រូប​នេះ បាន​យក​ឈ្នះ​លើ​មិត្ត​រួម​ក្រុម​ Walcott ដោយ​ប្រើ​រយៈពេល​តែ​៤,៤១​វិនាទី​ ក្នុង​រយៈ​ចម្ងាយ​៤០​ម៉ែត្រ។

 

​ស្ថិតិ​ខាង​លើ​នេះ​ដែរ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា កីឡាករ​ឆ្នើម​វ័យ​ក្មេង​របស់​អេស្ប៉ាញ​រូប​នេះ ​រត់​លឿន​ជាង​ Bolt នៅ​ចម្ងាយ​៤០​ម៉ែត្រ​ បើ​គិត​តាំង​ពី​កីឡាករ​រត់​ប្រណាំង​ចាម៉ៃកា​រូប​នោះ បំបែក​កំណត់ត្រា​លើ​លោក​​រត់​១០០​ម៉ែត្រ ដោយ​ប្រើ​ពេល​តែ​៩,៥៨​វិនាទី កាល​ឆ្នាំ​២០០៩។

 

យ៉ាងណា Bellerin ​គិត​ថា​ខ្លួន​មិន​អាច​ប្រៀប​ធៀប​ទៅ​នឹង​ Usain Bolt បាន​ទេ បើ​រត់​ចម្ងាយ​១០០​ម៉ែត្រ​វិញ។ កីឡាករ​វ័យ​២០​ឆ្នាំ បាន​និយាយ​ថា៖ “ជាក់​ស្ដែង ​Bolt ​គឺជា​កីឡាករ​រត់​ប្រណាំង ហើយ​គាត់​គឺជា​កីឡាករ​រត់​លឿន​បំផុត​លើ​លោក។ ខ្ញុំ​ដឹង​ថា ខ្ញុំ​​បាន​ឮ​​​មនុស្ស​ជា​ច្រើន​និយាយ​​ថា ខ្ញុំ​លឿន​ជាង​គាត់ ប៉ុន្តែ​វា​ខុស​គ្នា​ ពេល​អ្នក​មាន​បាល់​នៅ​ជាប់​នឹង​ជើង ហើយ​នោះ​ជា​ការងារ​របស់​ខ្ញុំ ដូច្នេះ​ខ្ញុំ​មិន​អាច​ព្យាយាម​យក​ឈ្នះ​លើ​គាត់​បាន​ទេ”៕

 

-ចុចអាន៖ Sanchez នឹង​មិន​ទៅ​ចោល Arsenal ទេ​ហើយ​ចង់​ឈ្នះ Premier League ជាមួយ​ក្លិប

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ uk.sports