បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្ហាត់​កីឡាបាល់បោះ​កម្រិត​1

រាជធានី​ភ្នំពេញ ៖ វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្ហាត់​កីឡាបាល់បោះ​កម្រិត​១ ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា សហការ​ជាមួយ​សហព័ន្ធ​កីឡាបាល់បោះ​អន្តរជាតិ​រៀបចំ​ធ្វើ​ឡើងជា​លើក​ទី​១ កាលពី​ថ្ងៃ​ទី​១០ វិច្ឆិកា កន្លង​មកនេះ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ។

វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​រយៈពេល​៧​ថ្ងៃ​គិត​ចាប់តាំងពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៦​វិច្ឆិកា ដោយ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​៣៦​នាក់​ក្នុង​នោះ​នារី​៨​នាក់ ។ សិក្ខាកាម​ទាំង​៣៦​នាក់​នេះ មក​ពី​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​រាជធានី​-​ខេត្ត វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ​និង​កីឡា ក្លិប​សមាជិក​សហព័ន្ធ សាលារៀន​ចិន​ប៊ិ​ន​សៀន សាលារៀន​ចិន​ទួន​ហ្វា និង​អង្គការ​ភាព​ញញឹម​នៃ​កុមារ​។ នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា​រៀបចំ​ឱ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល​វែង​នេះ​ឡើង ។ ចំណែក​សហព័ន្ធ​កីឡាបាល់បោះ​អន្តរជាតិ​បាន​បញ្ជូន​គ្រូ​បង្គោល​មក​ជួយ​បង្ហាត់​គឺ​លោក​FADI SABBAH ។

លោក​ប៉ុន សុខ ប្រធាន​វិទ្យាស្ថាន​ជាតិ​ហ្វឹកហ្វឺន​កីឡា​បានឱ្យ​ដឹង​ថា វគ្គ​នេះ​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ព្រោះ​វា​អាច​ជួយ​ផ្ដល់​នូវ​ចំណេះដឹង​ថ្មី​ៗ​ជា​ច្រើន​ដល់​សិក្ខាកាម​ដែល​ជា​គ្រូ​មក​ពី​តាម​ស្ថាប័ន​នានា​នៅ​ទូ​ទាំង​ប្រទេស​។ ម្យ៉ាងវិញទៀត យើង​ក៏​មិន​ដែល​មាន​វគ្គ​បណ្ដុះបណ្ដាល​បែប​នេះ​ដែរ​ពី​មុន ។ កន្លង​មក​ពី​ឆ្នាំ​១៩៩៦ ដល់​ឆ្នាំ​២០១១ យើង​ធ្លាប់​បើក​វគ្គ​បំប៉ន​រយៈពេល​ខ្លី​បាន​ចំនួន​៣​លើក​ដែរ​ដែល​ជា​វគ្គ​សិក្សា​សាមគ្គី​អូ​ឡាំ​ពិ​ក​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​។ ប៉ុន្តែ​លើក​នេះ​មិន​ដូច​លើក​មុន​ៗ​នោះ​ឡើយ សិក្ខាកាម​ដែល​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​នេះ​ទៅ នឹង​មានឱកាស​សិក្សា​វគ្គ​២​និង​វគ្គ​៣​ជា​បន្ត​ទៀត ។ គោលបំណង​សំខាន់​ដែល​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា បង្កើត​ឱ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល​នេះ​ឡើង គឺ​ដោយសារ​តែ​សហព័ន្ធ​ចង់​បង្កើន​ការ​យល់​ដឹង​កាន់តែ​ច្បាស់​ថែម​ទៀត​ដល់​គ្រូបង្វឹក​សម្រាប់​បណ្ដុះបណ្ដាល​ដល់​កីឡាករ​ក្មេង​ៗ​ដែល​ជា​ថ្នាល​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​។

គួរ​រំលឹក​ផង​ដែរ​ថា មិន​ចំពោះតែ​កីឡាបាល់បោះ​នោះ​ទេ​ដែល​ត្រូវ​ពង្រឹង​នោះ គឺ​គ្រប់​វិញ្ញាសា​កីឡា​ទាំងអស់​សុទ្ធតែ​ត្រូវ​បាន​រៀបចំ​ធ្វើ​ផែនការមេ​ឱ្យ​បាន​ច្បាស់លាស់​ដើម្បី​ត្រៀម​ប្រកួត​ដណ្ដើម​មេដាយ​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ៕