គន្លឹះ​៨​យ៉ាង រៀបចំ​​ការ​ងារ​ជា​ក្រុម​មាន​ប្រសិទ្ធិភាព


គន្លឹះ​៨​យ៉ាង រៀបចំ​​ការ​ងារ​ជា​ក្រុម​មាន​ប្រសិទ្ធិភាព

កិច្ច​ការងារ​ជា​ក្រុម​មួយ​ដំណើរ​ការ​ល្អ​រលូន​ទៅ​មុខ ​គឺ​អាស្រ័យ​​​ការ​សាមគ្គី​​​គ្នា រួម​ទាំង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ទាំងអស់គ្នា​​ ទាំង​អ្នក​ដឹក​នាំ​ក្រុម ​និង​សមាជិក។ ការងារ​ជា​ក្រុម​ប្រៀប​ដូច​ជា​ខ្សែ​សង្វាក់​ផលិត​កម្ម​​គ្រឿង​ម៉ាស៊ីន​ដែល​​មិន​អាច​ខ្វះ​បាន​នូវ​​ផ្នែក​ណា​មួយ ​ប្រៀប​ដូច​ទៅ​នឹង​​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​សមាជិក​ក្នុង​ក្រុម​មិន​អាច​ខ្វះ​បាន។ ខាង​ក្រោម​នេះ​ជា​ចំណុច​មួយ​ចំនួន​នៃ​ការ​រៀប​ចំ​គ្រប់​គ្រង​ការងារ​ជា​ក្រុម​ឲ្យ​មាន​ប្រសិទ្ធភាព៖

 

គន្លឹះ​៨​យ៉ាង រៀបចំ​​ការ​ងារ​ជា​ក្រុម​មាន​ប្រសិទ្ធិភាព
 

 
១. រក្សា​ទំនាក់​ទំនង​ល្អ

 
ការងារ​ជា​ក្រុម​ក្នុង​គម្រោង​ណា​មួយ ឬ​​ដើម្បី​សម្រេច​គោល​ដៅ​ណា​មួយ​​​ ​​​នឹង​រលូន​ទៅ​មុខ​បើ​​សមាជិក​ក្នុង​ក្រុម​​​ទាំង​អស់​​​ចេះ​សហការ​គ្នា​​ស្រុះស្រួល​គ្នា​ដូច​ខ្សែ​​ចង្វាក់ ដូច​នេះ​​​ទំនាក់​ទំនង​ល្អ​ប្រសើរ​​ជា​ចំណុច​សំខាន់​គួរ​រក្សា​ឲ្យ​បាន​ល្អ​​ក្នុង​ក្រុម​​ទាំង​សមាជិក​កូន​ចៅ និង​មេ​ដឹក​នាំ។ ការ​រក្សា​ទំនាក់​ទំនង​ល្អ ការ​​​លើក​ទឹក​ចិត្ត​ឲ្យ​សមាជិក​ក្នុង​ក្រុម​ចេះ​​បញ្ចេញ​មតិ​យោបល់​ចូល​រួម​ពេល​មាន​បញ្ហា​អ្វី​មួយ​កើត​ឡើង​ ចូល​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​គឺ​ធ្វើ​ឲ្យ​​ការងារ​បាន​ប្រសើរ​ព្រម​ទាំង​​បង្ហាញ​ពី​​​​​ភាព​ជិត​ស្និទ្ធ​រវាង​មេ​និង​កូន​ចៅ​ផង​ដែរ។

 

២. បង្កើន​​ទំនាក់​ទំនង​វិជ្ជមាន​​​​​​​​​​

 
វា​មាន​សារៈសំខាន់​ដែល​​ត្រូវ​ដឹង​ឬ​ស្គាល់​ពី​ចរិត​​សមាជិក​ម្នាក់ៗ​ក្នុង​ក្រុម​​​​ អ្វី​ដែល​ពួក​គេ​ចាប់​អារម្មណ៍​និង​ចូលចិត្ត​ផ្នែក​អ្វី។ នៅ​ពេល​ដែល​ស្គាល់​ពី​​​ពួក​គេ​​​​​​បាន​ច្បាស់​​​នោះ គឺ​វា​នឹង​បង្កើត​នូវ​ទំនាក់​ទំនង​​ល្អ​និង​ភាព​ជិត​ស្និទ្ធ​ដ៏​រឹង​មាំ​មួយ​ផង​ដែរ។

 

៣. លើក​ទឹក​ចិត្ត​ក្នុង​ការងារ​

 
ជា​ប្រធាន​ក្រុម ឬ​អ្នក​ដឹក​នាំ​ក្រុម​​មិន​​គួរ​​ផ្ដល់​នូវ​ការ​រិះ​គន់​ក្នុង​ន័យ​បន្ទោស​បង្អាប់​សមាជិក​ណា​ម្នាក់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ការ​ផ្ដល់​ជា​យោបល់​រិះ​គន់​​​​ក្នុង​ន័យ​ស្ថាបនា​លើក​បញ្ហា​ជា​រួម ​និង​ស្វែង​រក​ដំណោះ​ស្រាយ​ គឺ​ជា​សញ្ញា​ល្អ​​មួយ​ទៅ​វិញ​​​​​​​​​​​​​​​​​​​​​​​​​​​ជួយ​ផ្ដល់​ជា​ទំនុក​ចិត្ត​​ និង​ឲ្យ​សមាជិក​ពេញ​ចិត្ត​ចូល​រួម​ការងារ​ទៅ​ថ្ងៃ​ក្រោយ​ទៀត​។ វាគឺ​ជា​ការ​លើក​​ទឹក​ចិត្ត​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​និង​​ធ្វើ​ឲ្យ​ពួក​គេ​ខំ​​ប្រឹង​ធ្វើ​ឲ្យ​ប្រសើរ​ជាង​មុន។

 
​​​​​​​​​​៤. ស្មោះ​ត្រង់​ចេះ​ជួយ​គ្នា

 
ជា​អ្នក​ដឹក​នាំ​ក្រុម​មិន​មែន​ទាល់​តែ​ជា​មនុស្ស​ឥត​ខ្ចោះ​នោះ​ទេ ប្រសិន​បើ​​ដឹក​នាំ​ក្រុម​មិន​ច្បាស់​​ត្រង់​កន្លែង​ណា​មួយ​ឬ​ត្រូវ​ការ​ជំនួយ​ណា​មួយ​ពី​កូន​ក្រុម​ គួរ​ពិភាក្សា​គ្នា​ដោយ​ត្រង់​ៗ។ ហើយ​ការ​ធ្វើ​បែប​នេះ​ក៏​បង្កើន​នូវ​ភាព​ជិត​ស្និទ្ធ​ និង​ធ្វើ​ឲ្យ​ការ​ងារ​ក្រុម​រលូន​ទៅ​មុខ​ដោយ​ចេះ​ជួយ​គ្នា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដែល​រាំង​ស្ទះ​ដល់​ការងារ។

 

គន្លឹះ​៨​យ៉ាង រៀបចំ​​ការ​ងារ​ជា​ក្រុម​មាន​ប្រសិទ្ធិភាព
 

 
៥. ម៉ត់ចត់​ក្នុង​ការងារ​ និង​​គោរព​តាម​វិន័យ

 
ក្នុង​កិច្ច​ការ​ងារ​ជា​ក្រុម​ អ្នក​ដឹក​នាំ​ក្រុម​គឺ​​ប្រាកដ​ណាស់​ត្រូវ​​​គោរព​​​ឲ្យ​តម្លៃ​ការងារ​ និង​ជា​ពិសេស​​ភាព​ម៉ត់ចត់​ក្នុង​ការងារ​តែ​ម្ដង​ហើយ​វា​ជា​គំរូ​ល្អ​ដល់​សមាជិក​ក្នុង​ក្រុម​ដទៃ​ទៀត​ផង​ដែរ។

 
៦. ចាត់​ចែង​បែង​ចែក​​ការងារ​​ចំ​​ជំនាញ​

 
បន្ទាប់​ពី​ការ​យល់​ចិត្ត​រួម​ជា​មួយ​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ក្នុង​ក្រុម​បាន​ល្អ គឺ​មក​ដល់​ការ​ចាត់​ចែង​បែង​ចែក​ការងារ​របស់​សមាជិក​​ម្នាក់​ៗ​ទៅ​តាម​ជំនាញ​ឬ​ទេពកោសល្យ​​​។ ការងារ​ចំ​ចំណេះ​​ជំនាញ​រួម​ទាំង​​ភាព​ពេញ​ចិត្ត​របស់​ពួក​គេ​ផ្ទាល់​នឹង​ធ្វើ​ឲ្យ​កិច្ច​ដំណើរ​ការ​បាន​រហ័ស​​ល្អ​និង​ប្រសិទ្ធភាព​និង​គុណភាព។

 
៧. ​ដោះ​ស្រាយ​ភ្លាម​ៗ​ពេល​បញ្ហា​ជម្លោះ​កើត​ឡើង

 
នៅ​ពេល​មាន​បញ្ហា​ជម្លោះ​​កើត​ឡើង​​ក្នុង​ការងារ​ គឺ​មិន​ត្រូវ​រំលង​​ចោល​មិន​ដោះ​ស្រាយ​វា​​ឡើយ។ ពេល​មាន​បញ្ហា​បែប​នេះ​កើត​ឡើង​គឺ​ត្រូវ​ដោះ​ស្រាយ​ភ្លាម​ៗ​​​ និង​លើក​ឡើង​មក​ពិភាក្សា​​​ឲ្យ​ចំ​ៗ​។

 
៨. ជា​គំរូ​ល្អ​ឲ្យ​គ្នា​​​​​

 
​គំរូ​ល្អ​​ជា​ភាព​ជំរុញ​ទឹក​ចិត្ត​មួយ​​​ជា​លក្ខណៈ​វិជ្ជមាន​មិន​ថា​ក្នុង​​​ការងារ​ និង​ការ​សិក្សា​​​​នោះ​ទេ វា​​ជា​ធាតុ​សំខាន់​ដែល​ធ្វើ​ឲ្យ​សមាជិក​ក្រុម​ចេះ​គោរព​អ្នក​ដឹក​នាំ​ក្រុម និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​និង​អភិវឌ្ឍ​ខ្លួន​ដោយ​យក​គំរូ​តាម។ ដូច​នេះ​​ស្មារតី​នៃ​ការ​អភិវឌ្ឍ​ខ្លួន​និង​ការ​ជួយ​ជ្រោម​ជ្រែង​កិច្ចការ​ក្នុង​ក្រុម​​គឺ​ជា​​ជា​ភាព​ចាំ​បាច់​​មួយ​ក្នុង​កិច្ច​ការងារ​ជា​ក្រុម៕

 

ចុចអាន៖ បើ​​ធុញថប់តប់ប្រម៉ល់​ខ្លាំង សាក​វិធី​៨យ៉ាង​នេះ

ចុចអាន៖ ពេល​ផ្ញើ ​CV ​តាម​អ៊ីម៉ែល​ ចៀសវាង​កំហុស​៤យ៉ាង​នេះ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ theundercoverrecruiter​​​​​

​​​