លោក ឈឹម ផល​វរុណ​៖​លោក សម រង្ស៊ី មិនអាច​ប្រៀប​ជាមួយ​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី ឡើយ​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផល​វរុណ ចំអក មេបក្ស​ប្រឆាំង​នៅ​កម្ពុជា គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា ថា មិនអាច​យក​ខ្លួន​ទៅ​ប្រៀបធៀប​ជាមួយ​មេបក្ស​ប្រឆាំង​មី​យ៉ាន់​ម៉ា​គឺ​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី បានឡើយ​។ លោក​អះអាងថា អ្នកស្រី អ៊ុង​សាន ស៊ូ​ជី ជា​អ្នកនយោបាយ​មាន​សមត្ថ​ភាពខ្លាំង និង​ពូកែ​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង ដោយ​មិន​ពឹង​បរទេស​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហានយោបាយ​ក្នុងប្រទេស​ខ្លួន ដូច​មេបក្ស​ប្រឆាំង​នៅ​កម្ពុជា​ឡើយ​។ គួរ​បញ្ជាក់ថា គណបក្ស​របស់​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី កំពុង​ទទួលបាន​សំឡេងឆ្នោត​ភ្លូកទឹកភ្លូកដី​នៅ​មី​យ៉ាន់​ម៉ា​។​

​តាមរយៈ​ការទទួលបាន​សំឡេងឆ្នោត​ភ្លូកទឹកភ្លូកដី​របស់​គ​ណ​បក្សប្រឆាំង​របស់អ្នកស្រី ​អ៊ុង​សាន ស៊ូ​ជី នេះ លោក ឈឹម ផល​វរុណ បាន​មើលឃើញថា អ្នកស្រី ស៊ូ​ជី គឺជា​អ្នក​នយោ​បាយ​ដែលមាន​សមត្ថភាព​ខ្លាំង ខុសពី​មេបក្ស​ប្រឆាំង​នៅ​កម្ពុជា​។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ បាន​ចំអក​ឲ្យ​មេបក្ស​ប្រឆាំង​នៅ​កម្ពុជា ទាំង​លោក សម រង្ស៊ី ទាំង​លោក កឹម សុខា ថា មិនអាច​យក​ខ្លួន​ទៅ​ប្រៀបប្រដូច​ជាមួយ​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី មេបក្ស​ប្រឆាំង​មី​យ៉ាន់​ម៉ា បានឡើយ​។ ត្រង់ចំណុច​នេះ​លោក ឈឹម ផល​វរុណ បាន​សង្កត់ធ្ងន់ថា អ្នកស្រី អ៊ុង​សាន ស៊ូ​ជី គឺជា​អ្នកនយោបាយ ដែលមាន​សមត្ថភាព​ខ្លាំង ក្លាហាន និង​ពូកែ​ដោះស្រាយ​រាល់​បញ្ហា​ដោយ​ខ្លួនឯង​។ ហើយ​មិន​ក្បត់​មនសិកា​ជាតិ និង​មិន​លក់​អធិបតេយ្យភាព​ជាតិ​ខ្លួន ឲ្យ​ទៅ​បរទេស​ដូច​លោក សម រង្ស៊ី និង​លោក កឹម សុខា ដែល​តែងតែ​ទៅ​ពឹង​បរទេស​ឲ្យ​ជួយ​នោះទេ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃ​អង្គារ​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​រូបនេះ អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​ថា​៖«​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី គឺមាន​លក្ខណៈ​ខុសគ្នា​ពី​លោក សម រង្ស៊ី និង​លោក កឹម សុខា​។​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី គាត់​មាន​មនសិកា​ជាតិ មាន​កិត្តិយស គាត់​មិនដែល​ហាមាត់​ពឹង​បរទេស​ទេ ទោះ​អាមេរិក ប្រទេស​ផ្សេងៗ​គេ​សុំ​ជួយ​ដោះស្រាយ​ក៏ដោយ​។ ទោះ​មាន​បញ្ហា​អ្វី​ក៏​អ្នកស្រី​អ៊ុង​សាន ស៊ូ​ជី គាត់​ខិតខំ​ប្រឈមមុខ​ដោះស្រាយ​បញ្ហា​ជាតិ ដោយ​សន្តិភាព ទាំង​ការការពារ​សន្ដិសុខ​ជាតិ សណ្ដាប់ធ្នាប់ នយោបាយ ជាមួយ​ប្រធានាធិបតី ថេ​ន សេន នៅក្នុង​ប្រទេស​មី​យ៉ាន​ម៉ា​។ ហើយ​គាត់ មិនមែន​ល្ងង់​ដូច​លោក សម រង្ស៊ី និង​លោក កឹម សុខា ដែល​ទៅ​លក់​អធិបតេយ្យភាព​ខ្លួន​ឲ្យ​ទៅ​បរទេស និង​អាមេរិក លុះ​ដៃ​ចូល​នោះទេ​»​។ នេះ​ជាការ​មើលឃើញ​របស់លោក ឈឹម ផល​វរុណ ចំពោះ​សមត្ថភាព​ខ្លាំង​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ក្នុង​ប្រកួតប្រជែង​សំឡេងឆ្នោត មុននឹង​លោក​ចំអក​ទៅ​មេបក្ស​ប្រឆាំង​កម្ពុជា​ទៀតថា លោក សម រង្ស៊ី កំពុង​ប្រើប្រាស់​រូបថត​ខ្លួន​ជាមួយ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​ពី​ប្រជាពលរដ្ឋ​កម្ពុជា ស្រប​ពេលដែល​លោកស្រី ស៊ូ​ជី កំពុង​ទទួលបាន​សំឡេងឆ្នោត​ភ្លូកទឹកភ្លូកដី​នៅ​មី​យ៉ាន់​ម៉ា​។​

​លោក កែម ឡី អ្នកវិភាគ​នយោបាយ​ក​ម្ពុ​ជា មើលឃើញថា ជ័យជម្នះ​របស់​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី មេដឹកនាំ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​នៅ​មី​យ៉ាន់​ម៉ា​នេះ មិនមែន​បានមក​ដោយសារ​នយោបាយ «​រត់ចោល​អ្នកគាំទ្រ​» ឬ «​ក្បត់​អ្នកគាំទ្រ​» នោះឡើយ​។ លោក​បន្ថែមថា ជ័យជម្នះ​របស់លោក​ស្រី ស៊ូ​ជី នេះ​គឺ​បានមកពី​នយោបាយ​ស្វិតស្វាញ ខាំ​ស្មៅ​ក្រាញននៀល និង​សុខចិត្ត​ជាប់គុក​នៅ​ជាមួយនឹង​អ្នកគាំទ្រ រាប់លាន​នាក់​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​អ្នកវិភាគ​រូបនេះ​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន ពន្យល់​ប្រាប់​ពលរដ្ឋ​ខ្មែរ​ដូច្នេះ​៖«​ដូច្នោះ​បើ​ពលរដ្ឋ​ខ្មែរ ចង់បាន​ការផ្លាស់ប្ដូរ ចង់​ទម្លាក់​មេដឹកនាំ​នៅ​ស្រុក​ខ្មែរ​ឲ្យ​ដូច​បំណង​នោះ ពលរដ្ឋ​ខ្មែរ​ត្រូវ​សម្លឹង​រើស​មេដឹកនាំ​គណបក្សនយោបាយ​ណា ដែល​ប្រឆាំង​មិន​រត់ចោល​អ្នកគាំទ្រ និង​មិន​ក្បត់​អ្នកគាំទ្រ​»​។​

​ខណៈដែល​គណបក្សប្រឆាំង​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី កំពុង​ទទួលបាន​សំឡេងឆ្នោត​នៅ​មី​យ៉ាន់​ម៉ា​ភ្លូកទឹកភ្លូកដី​នោះ លោក សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង​នៅ​កម្ពុជា ក៏បាន​បង្ហោះ​រូបថត​អនុស្សាវរីយ៍​ជាមួយ​លោកស្រី អ៊ុង​សាន ស៊ូ​ជី​។​ភ្ជាប់​ជាមួយ​រូបថត​នោះ​លោក សម រង្ស៊ី ក៏បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ទៀតថា​៖«​ជ័យជំនះ ភ្លូកទឹកភ្លូកដី របស់លោក​ស្រី អ៊ុង សាន ស៊ូ ជី និង​គណបក្ស "​សម្ព័ន្ធភាព​ជាតិ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​" របស់លោក​ស្រី ក្នុងការ​បោះឆ្នោត កាលពី​ថ្ងៃ ៨ វិច្ឆិកា ២០១៥ នៅ​ប្រទេស​ភូមា គឺជា​ដំណឹង​ល្អ សម្រាប់​លទ្ធិប្រជាធិបតេយ្យ ទូទាំង​ពិភពលោក ជាពិសេស សម្រាប់ ប្រទេស​កម្ពុជា​»៕