ណា​តូ​ព្រួយបារម្ភ​ពី​សមត្ថភាព​កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន​កំពុងតែ​ទន់ខ្សោយ​

​អង្គការ​ណា​តូ (NATO) កំពុងតែ​ពិចារណា​ជុំវិញ​ការពង្រឹង​សមត្ថភាព​បន្ថែម​ដល់​កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន បន្ទាប់ពី​សង្កេតឃើញថា កងទ័ព​ប្រទេស​នេះ​ហាក់​មាន​ភាពទន់ខ្សោយ​នៅឡើយ​។ ការសម្តែង​ការព្រួយបារម្ភ​នេះ គឺ​ស្រប​ពេលដែល​ក្រុម​ឧទ្ទាម​តា​លី​បង់ កំពុងតែ​ពង្រីក ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​តំបន់​នោះ​។

​បើ​យោងតាម​មន្ត្រី​ទីក្រុង​ព្រុ​ច​សែ​ល​និង​ទីក្រុង​កា​ប៊ុល ក្រុម​ប្រទេស​ជា​សមាជិក​អង្គការ​ណា​តូ​កំពុងតែ​ពិចារណា​ក្នុងការ​បង្កើន​ការហ្វឹកហាត់​និង ផ្តល់ជំនួយ​បច្ចេកទេស​ដល់​ទាហាន​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន ស្រប​ពេលដែល​ក្រុម​ឧទ្ទាម​តា​លី​បង់​បាន​ពង្រីក​សកម្មភាពរ​បស់​ខ្លួន​នា​រយៈពេល​ចុងក្រោយ​នេះ​។​

​សកម្មភាព​របស់​ត្រុម​តា​លី​បង់​បានធ្វើឱ្យ​ប្រទេស​ជាច្រើន​មានការ​ភ្ញាក់ផ្អើល​ជាពិសេស ការ​វាយ​ដណ្ដើម​កាន់កាប់​រយៈពេល​ខ្លី​ក្នុង​ទីក្រុង Kunduz​កាលពី​ខែកញ្ញា ខណៈ​ប្រទេស​ទាំង​នោះបាន​ចំណាយលុយ​រាប់ពាន់​លាន​ដុល្លា​ដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​ឧ​ត្ត​ម​សេនីយ៍ Hans-Lothar Domroese ដែលជា​មេបញ្ជាការ​ម្នាក់​របស់​កងកម្លាំង​ណា​តូ​បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​បញ្ហា​អស្ថិរភាព​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​លោក​និយាយថា ស្ថាន​ភាពមិន​ដូច​អ្វីដែល​យើង​រំពឹងទុក​នោះទេ​។ ម្យ៉ាងទៀត លោក​ក៏បាន​លើកឡើង​ពី​កម្សោយ​របស់​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល​ជាពិសេស​ការគ្រប់គ្រងរ​ដ្ឋ​បាល​និង​អំពើពុករលួយ ដែល​ធ្វើឱ្យ​ការពង្រឹង​សន្តិសុខ​កាន់តែ​លំបាក​ឡើង​។​

​តាម​ការគ្រោងទុក សមាជិក​ណា​តូ នឹង​ជួបប្រជុំគ្នា​នា​ខែធ្នូ​ខាងមុខនេះ ដើម្បី​ពិភាក្សា​លើ​អនាគត​របស់​ប្រតិបត្តិការ​របស់​ណា​តូ ក្នុង​ការជួយ​ពង្រឹង​និង​ការហ្វឹកហាត់ សមត្ថភាព​របស់​កង​កម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​ផងដែរ​៕