អាជីវកម្ម​ចម្លាក់​ថ្ម​កែវ​មួយ​ចំនួន​នៅ​ខេត្ត​ពោធិ៍សាត់​ប្រឈម​នឹង​បិទ​ទ្វារ

ថ្ម​កែវ គឺ​ជា​អត្តសញ្ញាណ​របស់​ខេត្ត​ពោធិ៍សាត់។ អត្តសញ្ញាណ​នេះ បង្ហាញ​តាម​រយៈ​ការ​ស្ថាបនា​រូប​ផ្ដិល​ខាត់​មួយ​ដ៏​ធំ ដោយ​រចនា​ពណ៌​ដូច​ថ្ម​កែវ មាន​ជើង​ទម្រ​ដាក់​តាំង​នៅ​ចំ​កណ្ដាល​ទ្រូង​ផ្លូវ​ជាតិ​លេខ​៥ មុន​ធ្វើ​ដំណើរ​ដល់​ទី​រួម​ខេត្ត។ អ្នក​ខេត្ត​ពោធិ៍សាត់ មួយ​ចំនួន បាន​ក្លាយ​ជា​វិចិត្រករ ឬ​ជាង​ចម្លាក់​ថ្ម​កែវ ប៉ុន្តែ​បច្ចុប្បន្ន មុខ​របរ​នេះ​មិន​សូវ​មាន​អ្នក​ប្រកប​ទេ ហើយ​រោង​សិប្បកម្ម​ខ្លះ​កំពុង​ប្រឈម​នឹង​បិទ​ទ្វារ។

តើ​មាន​កត្តា​អ្វី​ខ្លះ ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​ចម្លាក់​ថ្ម​កែវ​ខេត្ត​ពោធិ៍សាត់ ប្រឈម​នឹង​បាត់​បង់?

នៅ​តាម​ផ្ទះ ឬ​រោង​សិប្បកម្ម​នៅ​ក្រុង​ពោធិ៍សាត់ ដែល​ធ្លាប់​ឮ​សំឡេង​អឺងអាប់​ដោយ​ម៉ាស៊ីន​ឆាប​ថ្ម និង​ពន្លាក​ដាប់​ថ្ម​របស់​ជាង​ចម្លាក់​ថ្ម​កែវ បែរ​ជា​ស្ងាត់​រង់ចាំ​មាន​ការ​កុម្ម៉ង់​ទើប​ធ្វើ ឬ​ប្រែ​មុខ​របរ​ទៅ​ឆ្លាក់​រូប​ផ្សេងៗ​អំពី​ឈើ​វិញ​ម្ដង។ ម្ចាស់​អាជីវកម្ម និង​ជាង​ចម្លាក់ បាន​បង្ហាញ​ហេតុ​ផល​ចំនួន​បី​សំខាន់ ដែល​ឈាន​ដល់​ការ​បោះ​បង់​មុខ​របរ​ចម្លាក់​ថ្ម​កែវ គឺ​ទី​១ ថ្ម​កែវ​ថ្លៃ។ ទី​២ មិន​សូវ​មាន​ថ្ម​ល្អ និង​ទី​៣ ការ​និយម​របស់​អតិថិជន​លើ​ចម្លាក់​ពី​ឈើ។

ម្ចាស់​រោង​សិប្បកម្ម​ក្បែរ​ស្ទឹង​ពោធិ៍សាត់ នៅ​ភូមិ​បន្ទាយដីលើ គឺ​លោក ដេត ពិសិដ្ឋ ឲ្យ​ដឹង​ថា ក្នុង​មួយ​ឆ្នាំ​លោក​ទិញ​ថ្ម​កែវ​ចូល​ចន្លោះ​ពី ៣០ ទៅ ៥០​តោន ដែល​មាន​តម្លៃ​ប្រមាណ ៥​ម៉ឺន​ដុល្លារ។ លោក​បន្ថយ​ការ​ទិញ​ថ្ម​កែវ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដោយ​តម្លៃ​ថ្ម​កែវ​ធម្មតា​ជិត ២​ពាន់​រៀល​ក្នុង​មួយ​គីឡូ​ក្រាម ហើយ​ជាង​ដែល​លោក​ធ្លាប់​ជួល​មក​ឆ្លាក់ ៣០​នាក់ បាន​បន្ថយ​មក​នៅ​ត្រឹម​បី ឬ​បួន​នាក់​ប៉ុណ្ណោះ៖ «ឥឡូវ​អត់​សូវ​ចង់​មក​ធ្វើ គេ (ជាង​ចម្លាក់) ច្រើន​តែ​ធ្វើ​ការងារ​នៅ​ថៃ ឬ​ទៅ​កូរ៉េ អស់​ហើយ មាន​គេ​កុម្ម៉ង់​ម្ដងៗ​លំបាក​រក​ជាង​ធ្វើ។ ខ្ញុំ​ខ្ទង់​ជិត​មួយ​ឆ្នាំ​ទៀត​បិទ​ទ្វារ​ហើយ ដំណើរ​ការ​ទៅ​មុខ​លែង​រួច អត់​មាន​ចំណេញ​ចំណូល​តិច​ជាង​ចំណាយ»

លោក​បញ្ជាក់​ថា សិប្បកម្ម​របស់​លោក​ទទួល​ឆ្លាក់​រូប​គ្រប់​បែប​យ៉ាង​ទៅ​តាម​ប្រភេទ​ថ្ម និង​ការ​កុម្ម៉ង់​របស់​អតិថិជន ហើយ​តម្លៃ​គិត​ទៅ​តាម​ទំហំ​រចនាបថ ឬ​ប្រភេទ​ថ្ម​នីមួយៗ។ លោក​ថា ជាទូទៅ​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ប្រមូល​យក​ថ្ម​កែវ​ពី​ភ្នំ​ផ្ទាល់ មិន​ដែល​បញ្ចេញ​លក់​ប្រភេទ​ថ្ម​ល្អ​លេខ​១ ជូន​អាជីវករ​ក្នុង​ខេត្ត​នោះ​ទេ ដោយ​នាំ​ចេញ​ទៅ​ក្រៅ​ខេត្ត ឬ​ក្រៅ​ប្រទេស ដើម្បី​លក់​បាន​តម្លៃ​កាន់​តែ​ខ្ពស់។

ចំណែក​ជាង​ចម្លាក់​ម្នាក់​ទៀត​ដែល​ខ្លួន​ប្រាណ​ប្រឡាក់​ដោយ​ធូលី​ថ្ម និង​ទឹក​ថ្នាំ ហើយ​ដៃ​កំពុង​កាន់​ពន្លាក​ចិត​រូប​ព្រះពុទ្ធ​បដិមា​ឲ្យ​ចេញ​ជា​រាង​ស្អាត គឺ​លោក ឡាយ សុខឡេង មាន​ប្រសាសន៍​ថា លោក​ចាប់​អាជីព​ជា​ជាង​ចម្លាក់ ២១​ឆ្នាំ​ហើយ ហើយ​មុខ​របរ​នេះ​បាន​ជួយ​សម្រួល​ជីវភាព​គ្រួសារ​មិន​សូវ​ហត់​នឿយ និង​មាន​ឱកាស​នៅ​ក្បែរ​ក្រុម​គ្រួសារ។ លោក​ថា ចំណូល​ប្រចាំ​ខែ​របស់​លោក​ប្រមាណ ៣០០​ដុល្លារ​ក្នុង​មួយ​ខែ បាន​ថយ​ចុះ​បន្តិច ដោយសារ​ពុំ​សូវ​មាន​អ្នក​កុម្ម៉ង់​ឲ្យ​ធ្វើ ហើយ​ថៅកែ​ក៏​បន្ថយ​ការ​ទិញ​ថ្ម​កែវ​ទៀត៖ «សព្វថ្ងៃ​ធ្វើ​ស៊ី​ឈ្នួល​គេ ដោយ​គិត​ជា​រូប​វិញ​គេ​ឲ្យ​ដប់​ភាគរយ។ លោក ជិន ជេដ្ឋា៖ បង​មើល​មុខ​របរ​នេះ​អាច​ទ្រទ្រង់​ជីវភាព​គ្រួសារ​បង​បាន​ទេ? វា​អាច​បាន តែ​អត់​មាន​បាន​អី​ធំ​ដុំ​ទេ»

ក្រុម​ជាង និង​ម្ចាស់​អាជីវកម្ម​ចំនួន ៦​កន្លែង​ដែល​វិទ្យុ​អាស៊ីសេរី បាន​ជួប​សម្ភាស​កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា បញ្ជាក់​ស្រដៀង​គ្នា​ថា ចម្លាក់​ថ្ម​កែវ​លែង​សូវ​ពេញ​និយម ឬ​កាក់​កប​គាប់​ជួន​នឹង​ថ្ម​ឡើង​ថ្លៃ​ខ្ពស់ ហើយ​ចំណាយ​ពេល​យូរ​ជាង​រូប​ចម្លាក់​ពី​ឈើ​ប្រណីត ដូចជា​ឈើ​ម្រះព្រៅ ជាដើម។ ក្រុម​ជាង​ចម្លាក់​ថ្ម​កែវ ត្រូវ​រង់ចាំ​ការ​កុម្ម៉ង់​ធ្វើ​ពី​អតិថិជន​ម្ដងម្កាល ហើយ​ភាគ​ច្រើន​បាន​ងាក​មក​ឆ្លាក់​ឈើ​លក់​ជំនួស​វិញ។

ចម្លាក់​ថ្ម​កែវ ៦២០
ព្រះពុទ្ធ​បដិមា​ឆ្លាក់​ពី​ថ្ម​កែវ ដែល​គេ​ដាក់​តាំង​សម្រាប់​លក់​នៅ​ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់។ រូប​ថត​កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ RFA/Chin Chetha

ជាង​ចម្លាក់​ឈើ​ប្រណីត​ម្នាក់​នៅ​ភូមិ​ដូងជ្រុំ សង្កាត់​ព្រៃញី ក្រុង​ពោធិ៍សាត់ គឺ​អ្នកស្រី ណាន ស៊ីណាត មាន​ប្រសាសន៍​ថា គ្រួសារ​គាត់​បាន​ងាក​មក​ឆ្លាក់​រូប​ផ្សេងៗ​ពី​ឈើ​ជាង ៣​ឆ្នាំ​ហើយ ព្រោះ​សាច់​ឈើ​ផុយ តែ​មិន​ងាយ​បាក់ ហើយ​ស្រួល​ធ្វើ​ឆាប់​ហើយ​ជាង​ថ្ម។ អ្នកស្រី​ថា ត្បិត​រូប​ចម្លាក់​ថ្ម​កែវ​ពេល​ធ្វើ​រួច​មាន​តម្លៃ​ខ្ពស់​ជាង​ឈើ ប៉ុន្តែ​ចម្លាក់​ថ្ម​កែវ​ងាយ​នឹង​បាក់​បែក ហើយ​ថ្ម​ថ្លៃ​លក់​មិន​សូវ​ចំណេញ៖ «ថ្ម​ថ្លៃ​ក្នុង​មួយ​គីឡូ​ក្រាម​ឡើង ១.៧០០​រៀល ឬ​ពីរ​ពាន់​ហើយ។ ឥឡូវ​ធ្វើ​តែ​ឈើ​ដូច​ថា ក្នុង​មួយ​ថ្ងៃ​ត្រូវ​ធ្វើ​ពីរ ឬ​បី​ហើយ តែ​បើ​ថ្ម​អត់​ហើយ​ទេ ក្នុង​មួយ​ហ្នឹង ៣ ទៅ ៤​ថ្ងៃ​បាន​ហើយ»

ប្រជាពលរដ្ឋ និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ​មើល​ឃើញ​ថា ការ​គ្រប់គ្រង​ផ្ដាច់​មុខ​ដោយ​ក្រុមហ៊ុន​ឯកជន​លើ​ធនធាន​រ៉ែ​ថ្ម​កែវ បាន​ធ្វើ​ឲ្យ​អាជីវកម្ម​តូចតាច​លំបាក​ដំណើរ​ការ​ទៅ​បាន។ ចំណែក​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​យក​ថ្ម​ដឹក​តាម​រទេះ​លក់ បាន​ងាក​ទៅ​កាប់​ឈើ ឬ​ធ្វើ​ចំណាក​ស្រុក។ ពលរដ្ឋ​ប្រាថ្នា​ចង់​ឃើញ​អាជ្ញាធរ​គ្រប់គ្រង​ធនធាន​រ៉ែ​មួយ​នេះ​បាន​ត្រឹមត្រូវ និង​អាច​ប្រើប្រាស់​បាន​ច្រើន​ឆ្នាំ​ទៀត។

ទាក់ទង​បញ្ហា​នេះ ប្រធាន​ការិយាល័យ​ធនធាន​រ៉ែ នៃ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ពោធិ៍សាត់ លោក ស៊ឹម សារឿន បញ្ជាក់​ថា អាជីវកម្ម​ចម្លាក់​ថ្ម​កែវ​ពិត​ជា​មាន​ការ​ថយ​ចុះ​ជាង​មុន ហើយ​ខាង​លោក​ក៏​ពុំ​ទាន់​មាន​យន្តការ​អ្វី​ក្នុង​ការ​លើក​កម្ពស់​វិស័យ​ចម្លាក់​ថ្ម​កែវ​នេះ​នៅ​ឡើយ​ដែរ។ លោក​ថា ចំពោះ​តម្លៃ​ថ្ម​កែវ​ថ្លៃ ឬ​ថោក​កម្រិត​ណា​នោះ គឺ​អាស្រ័យ​លើ​ក្រុមហ៊ុន​ឯកជន​ចំនួន​ពីរ​ជា​អ្នក​លក់​ចេញ ហើយ​ខាង​លោក​បាន​ត្រឹម​ចុះ​ត្រួត​ពិនិត្យ​ផ្នែក​បច្ចេកទេស និង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បង់​សួយសារ​ចូល​រដ្ឋ​ប្រចាំ​ឆ្នាំ​ប៉ុណ្ណោះ៖ «បញ្ហា​នេះ​ចំពោះ​មន្ទីរ ក៏ដូចជា​ការិយាល័យ​ជំនាញ អត់​ទាន់​មាន​វិធានការ ឬ​មាន​ដំណោះស្រាយ​យ៉ាង​ម៉េច​ទេ ព្រោះ​រឿង​នេះ​វា​ទាល់​តែ​ថ្នាក់​ដឹក​នាំ​ទាំង​មូល ឬ​អាជ្ញាធរ​ដែន​ដី​ដោះស្រាយ ក្នុង​នាម​មន្ទីរ​ជំនាញ​មិន​អាច​ដោះ​បាន​ទេ»

លោក​បញ្ជាក់​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន ផ្លូត អេស៊ា (Float Asia) ទទួល​បាន​ផ្ទៃ​ដី​វិនិយោគ​នៅ​លើ​ភ្នំ​តាសៃ ទំហំ​ជាង ១០០​ហិកតារ ឬ​ស្មើ​នឹង ១,១​គីឡូ​ម៉ែត្រ​ការ៉េ។ ចំណែក​សហគមន៍​ដាម​ភៀន ទទួល​បាន​ផ្ទៃ​ដី​វិនិយោគ​នៅ​ភ្នំ​យ៉ន ទំហំ ៦​ហិកតារ។ ក្រុមហ៊ុន​ទាំង​នេះ អាច​ធ្វើ​សកម្មភាព​យក​រ៉ែ​ថ្ម​កែវ​បាន​នៅ​រដូវ​ប្រាំង​រយៈពេល ៦​ខែ​ប៉ុណ្ណោះ ដោយ​រដូវ​វស្សា​មាន​ភក់ជ្រាំ ផ្លូវ​លំបាក​បើក​ឡាន​ចេញ​ចូល។

ថ្ម​កែវ គឺ​ជា​ប្រភេទ​រ៉ែ​ថ្ម​ម្យ៉ាង​ដែល​មាន​នៅ​តែ​លើ​ភ្នំ​យ៉ន និង​ភ្នំ​តាសៃ ឋិត​នៅ​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់។ ថ្ម​កែវ​មាន​ច្រើន​ប្រភេទ ប៉ុន្តែ​គេ​ចាត់​ទុក​ថ្ម​ពីរ​ប្រភេទ​ដែល​មាន​តម្លៃ​ខ្ពស់ ហើយ​មាន​មនុស្សម្នា​និយម​យក​ទៅ​ឆ្លាក់​រូប​ផ្សេងៗ ដើម្បី​គោរព​បូជា គឺ​ថ្ម​កែវ​ប្រភេទ​ក្រមួន និង​ប្រភេទ​ខៀវ​ថ្លា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។