៣៦នាក់ ទទួលបានឱកាសរៀនវគ្គបណ្តុះបណ្តាលគ្រូបង្ហាត់បាល់បោះ

សិក្ខាកាម​ចំនួន​៣៦​នាក់(ស្រី​៨​នាក់) ដែល​ជាអត្ត​ពលិក គ្រូ​បង្វឹក និង​មន្រ្តី​កីឡា​តំណាង​ឲ្យ​ស្ថាប័ន​ផ្សេងៗ​គ្នា ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យ​សិក្សា​រៀន​សូត្រ​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​គ្រូ​បង្ហាត់​កីឡា​បាល់​បោះ កម្រិត​១ ឆ្នាំ​២០១៥ ក្រោម​ការ​បណ្តុះ​បណ្តាល​ពី​គ្រូ​ឧទ្ទេស​មក​ពី​សហព័ន្ធ​កីឡា​បាល់​បោះ​អាស៊ី(FIBA ASIA)។
4
វគ្គ​បណ្តុះ​បណ្តាល​នេះ ​បានបើក​ជា​ផ្លូវ​ការ នៅ​ទី​ស្នាក់​ការ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា នៃ​ពហុកីឡដ្ឋាន​ជាតិ ​​កាល​ពី​​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ហើយ​វគ្គ​នេះ​ដោយ​មាន​រយៈ​ពេល​៧​ថ្ងៃ គឺ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា។
1
លោក កៅ កានណាលី អគ្គ​លេខាធិការ​រង​សហព័ន្ធ​កីឡា​បាល់​បោះ​កម្ពុជា បាន​លើក​ឡើង ក្នុង​ពិធី​បើក កាល​ពី​ព្រឹក​មិញ​ថា៖​«​នេះ​ជា​លើក​ទី​១​ហើយ ដែល​សហព័ន្ធ​កីឡា​បាល់​បោះ​កម្ពុជា បាន​សហការ​ជាមួយ FIBA ASIA ដើម្បី​ង្កើត​ឲ្យ​មាន​វគ្គ​បណ្តុះ​បណ្តាល​គ្រូ​បង្ហាត់​កីឡា​បាល់​បោះ កម្រិត​១ ឆ្នាំ​២០១៥​នេះ»។
2
លោក​​បាន​បន្ត​ថា៖​«​សិក្ខាកាម​ទាំង​៣៦​នាក់ ដែល​បាន​ចូល​រួម​ក្នុង​វគ្គ​​នេះ មាន​មក​ពី​មន្ទីរ​អប់រំ​រាជធានី/ខេត្ត ក្លិប​ជា​សមាជិក​របស់​សហព័ន្ធ និង​វិទ្យាស្ថាន​ជាតិអម់រំ​កាយ និង​កីឡា ហើយ​ពួក​គេ​នឹង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ពី​គ្រូ​ឧទ្ទេស​មក​ពី FIBA ASIA គឺ​លោក Fadi Sabbah ដែល​មាន​ទាំង​ជំនាញ និង​បទ​ពិសោធ​លើ​ប្រភេទ​កីឡា​បាល់​បោះ​នេះ»។
3
​តាម​ការ​បង្ហាញ​របស់​លោក Fadi Sabbah ​ក្នុងកិច្ច​ចាប់​ផ្តើម​នៃវគ្គ​បណ្តុះ​បណ្តាល​នេះ បាន​ឲ្យ​ដឹង​ថា សិក្ខាកាម​ទាំង​៣៦​នាក់ នឹង​ត្រូវ​បែង​ចែក​ជា​ក្រុម​៥​ក្រុម ដើម្បី​ធ្វើ​ការ​សិក្សា​ទាំង​ទ្រឹស្តី និង​ការ​អនុវត្ត​ជាក់​ស្តែងនៅ​លើ​ទី​លាន ដែល​ផ្តោត​​សំខាន់​ទៅ​លើ​ការ​​ការ​សិក្សា​ពី​របៀប​របប​នៃ​ការ​ដឹក​នាំ ​ពី​ការ​បង្ហាត់​​ដល់​សិស្ស។ល។ ព្រោះ​សិក្ខាកាម​ទាំង​នេះ​ត្រូវ​បាន​គេ​សង្ឃឹម​​ថា នឹង​យក​ចំណេះ​ដឹង​ទាំង​នេះ​យក​ទៅ​បណ្តុះ​ថ្នាល​នៅ​តាមស្ថាប័ន​រៀងៗ​ខ្លួន ​ដើម្បី​បំផុស​វិស័យ​កីឡា​បាល់​បោះ​នេះ​ឲ្យ​កាន់​តែ​មាន​ការ​រីក​ចម្រើន៕​