បោះ​ឆ្នោត​សភា​នៅ​ភូមា​គណបក្ស​លោកស្រី​ស៊ូ​ជី ពិតជា​ទទួល​ជ័យជម្នះ​ធំធេង

គណបក្ស​របស់​មេដឹកនាំ​ប្រឆាំង​ភូមា លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី កាលពី​ថ្ងៃ​ទី​៩ វិច្ឆិកា ប្រកាស​ពី​ជ័យជម្នះ​ធំធេង​បំផុត ក្នុង​ការ​បោះ​ឆ្នោត​សភា​កាលពី​ថ្ងៃ​ទី​៨ វិច្ឆិកា ដែល​ជ័យជម្នះ​នេះ​បង្ហាញ​ច្បាស់​តាម​រយៈ​ការ​ប្រកាស​លទ្ធផល​ផ្លូវការ​ដំបូង​ៗ​ដែល​បែប​នេះ បើកផ្លូវ​ទៅ​រក​ការ​ផ្លាស់​ប្តូរ​ជា​ប្រវត្តិសាស្ត្រ​មួយ ។

សម្រាប់​សភា​ដែល​មាន​កៅអី​ត្រូវ​ប្រជែង​យក​៣២៣​កៅអី លទ្ធផល​ដំបូង​ទាក់ទិន​នឹង​កៅអី​៥៤ គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ LND ដណ្តើម​បាន​ដល់​៤៩​កៅអី បាត់​ទៅ​ហើយ ទល់​នឹង​៣​កៅអី​ប៉ុណ្ណោះ សម្រាប់​គណបក្សកាន់អំណាច​គឺ​គណបក្ស USDP ។

គណៈកម្មាធិការ​បោះ​ឆ្នោត​ប្រកាស​ពី​លទ្ធផល​បន្តបន្ទាប់​តាម​មណ្ឌល​នីមួយ​ៗ ដែល​ការ​ប្រកាស​នេះ​អាច​មាន​រយៈពេល​រហូត​ដល់​យប់​ថ្ងៃ​ទី​១០ វិច្ឆិកា ឬ​លើស​ពី​នេះ​ទៀត ។ មុន​នេះ​គណៈកម្មាធិការ​នេះ​ប្រកាស​ថា គណបក្ស LND ដណ្តើម​បាន​កៅអី​៣៥ ក្នុង​ចំណោម​កៅអី​ដំបូង​៣៦​ក្នុង​ព្រឹទ្ធសភា សភា និង​សភា​តំបន់ ។

នៅ​មុខ​ទីស្នាក់ការ​គណបក្ស LND ក្រុង​រ៉​ង់​ហ្គូ​ន អ្នកគាំទ្រ​គណបក្ស​នេះ​ជា​ច្រើន​នាក់​ពាក់​អាវយឺត​ពណ៌​ក្រហម​បាន​នាំ​គ្នា​ស្រែក​ដោយ​សប្បាយ​ថា យើង​ត្រូវ​តែ​ឈ្នះ ឬ​ពាក្យ​ថា​បោះ​ឆ្នោត​សម្រាប់​ការ​ផ្លាស់​ប្តូរ ។

នា​ព្រឹក​ថ្ងៃ​ទី​៩ វិច្ឆិកា បង្ហាញមុខ​នៅ​យ៉​ទីស្នាក់ការ​គណបក្ស លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី បុត្រី​ឧត្តមសេនីយ៍​អ៊ួ​ង សាន់ បិតា​ទាមទារ​ឯករាជ្យ​ពី​អង់គ្លេស ត្រូវ​គេ​ធ្វើឃាត​កាលពី​ឆ្នាំ​១៩៤៧ ពេល​លោកស្រី​ស៊ូ​ជី នៅ​ជា​កុមារី លោកស្រី​ថ្លែង​ថា ខ្ញុំ​យល់​ថា ប្រជាជន​ជ្រាប​រួច​ហើយពី​លទ្ធផល ទោះបីជា​ខ្ញុំ​ពុំ​បាន​និយាយ​ក្តី ។

ឈាន​ដល់​កាំជណ្តើរ​នៃ​អំណាច ក្រោយ​ពី​ជាប់​ឃុំឃាំង​ក្នុងផ្ទះ​អស់​រយៈពេល​១៥​ឆ្នាំ លោកស្រី​ស៊ូ​ជី អាយុ​៧០​ឆ្នាំ នៅ​បង្ហាញ​ពី​ការ​ប្រុង​ប្រយ័ត្ន ព្រោះ​លទ្ធផល​ដំបូង​ៗ​ផ្តោត​តែ​តាម​មណ្ឌល​ក្នុង​តំបន់​ក្រុង​រ៉​ង់​ហ្គូ​ន និង​ក្រុង​ម៉ា​ន​ដា​ឡៃ ជាទី​ក្រុង​ធំ​២​របស់​ប្រទេស តំបន់​ជា​ប្រពៃណី​ស្និទ្ធ​គណបក្ស LND ។

គណបក្សកាន់អំណាច​បង្កើត​ឡើង​ដោយ​បណ្តា​អតីត​ឧត្តមសេនីយ៍ ដើម្បី​ធានា​ការ​ឆ្លងកាត់​បាន​ទទួលស្គាល់​ពី​បរាជ័យ​របស់​ខ្លួន ដោយ​ប្រធាន​សភា លោក SHWE MANN ត្រូវ​ចាញ់ឆ្នោត​បេក្ខជន​គណបក្ស LND ក្នុង​តំបន់ PAYOU ភាគ​កណ្តាល​ប្រទេស ។ ប្រធាន​ស្តី​ពី​គណបក្ស​នេះ លោក HTAY OO និង​មេដឹកនាំ​គណបក្ស​ច្រើន​រូប​ទៀត​សុទ្ធតែ​ត្រូវ​ចាញ់ឆ្នោត ។

គណបក្ស LND អះអាង​ថា ឈ្នះ ក្នុង​កម្រិត​ជាតិ​ជាង​៧០%​នៃ​កៅអី​ដែល​តួលេខ​នេះ​ពុំ​ទាន់​មាន​ប្រភព​ព័ត៌មាន​ឯករាជ្យ​អះអាង​នៅឡើយ ។ តួលេខ​នេះ​នឹង​អាច​ឱ្យ​លោកស្រី​ស៊ូ​ជី មាន​សំឡេង​ភាគច្រើន​ដាច់ខាត ទោះបី​មាន​វត្តមាន​១​ភាគ​៤​នៃ​សមាជិក​សភា​ជា​យោធា ដែល​មិន​គាំទ្រ​គណបក្ស LND ក៏​ដោយ ។

ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​៨ វិច្ឆិកា ជា​រួម​ប្រព្រឹត្ត​ទៅ​ដោយ​ប្រសើរ ហើយ​អត្រា​អ្នកចូលរួម​មាន​ដល់​ប្រមាណ​ជា​៨០% ។

សហរដ្ឋ​អា​េ​ម​រិ​ក​នៅ​សម្តែង​ការ​ប្រុង​ប្រយ័ត្ន​ដោយ​និយាយ​ថា រង់ចាំ​លទ្ធផល​ផ្លូវការ ។ សេត​វិមាន​ស្នើ​ដល់​មេដឹកនាំ​នយោបាយ​ទាំងអស់​ឱ្យ​រួម​សហការ​គ្នា​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ ហើយ​ធានា​បន្ត​ការ​បង្រួបបង្រួម​ជាតិ ។

នៅ​ក្រុងប៉ារីស​ប្រធានាធិបតី​បារាំង លោក​ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ អំពាវនាវ​តាម​រយៈ​សេចក្តី​ប្រកាស​មួយ​ឱ្យ​គ្រប់​គណបក្ស​ទាំងអស់​គោរព​ឆន្ទៈ​របស់​ប្រជាជន ។

ប្រសិនបើ​គណបក្ស LND ទទួល​បាន​សំឡេង​ភាគច្រើន​ក្នុង​សភា​ទាំង​២ នោះ​គណបក្ស​នេះ​នឹង​អាច​សម្រេច​ជ្រើសរើស​ប្រធានាធិបតី​នា​ពេល​ខាង​មុខ ។ លោកស្រី​ស៊ូ​ជី និយាយ​រួច​ហើយ​ថា លោកស្រី​ពុំ​អាច​កាន់​តំណែង​នេះ​បាន​ទេ ព្រោះ​រដ្ឋធម្មនុញ្ញ​ហាមឃាត​ចំពោះ​ជន​ណា​ដែល​មានកូន​ជា​សញ្ជាតិ​បរទេស ៕