យុវជន U17 ​ថ្មី​របស់​បឹក​កេត​អង្គរ​២៨​នាក់​ចាប់​ផ្ដើម​ហ្វឹកហាត់​ ត្រៀម​ជម្រុះ​បន្ត

យុវជន U17 ​ថ្មី​របស់​បឹក​កេត​អង្គរ​២៨​នាក់​ចាប់​ផ្ដើម​ហ្វឹកហាត់​ ត្រៀម​ជម្រុះ​បន្ត

យុវជន​ក្រោម​អាយុ​១៧​ឆ្នាំ (U17) ចំនួន​២៨​នាក់​ដែល​ក្លិប​បឹង​កេត​អង្គរ​បាន​ធ្វើ​តេស្ដ​២​ដង​រួច​មក​ហើយ​នោះ នឹង​ចាប់​យុទ្ធនាការ​ហ្វឹកហាត់​លើ​ទីលាន​ស្មៅ​សិប្បនិមិត្ត​ BTB  ​បឹង​ត្របែក ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ដោយ​ក្នុង​មួយ​ថ្ងៃ​ហាត់​២​ម៉ោង ពី​ម៉ោង​៣:០០នាទី​ដល់​ម៉ោង​៥:០០​នាទី​ល្ងាច។

 

យុវជន U17 ​ថ្មី​របស់​បឹក​កេត​អង្គរ​២៨​នាក់​ចាប់​ផ្ដើម​ហ្វឹកហាត់​ ត្រៀម​ជម្រុះ​បន្តយុវជន​ក្រោម​អាយុ​១៧​ឆ្នាំ (U17) របស់​​ក្លិប​បឹង​កេត​អង្គរ

 

លោក មាស ​កក្កដា ​ដែល​ជា​អ្នក​បង្វឹក​ក្រុម​យុវជន​ទាំង​អស់​ខាង​លើ បាន​បញ្ជាក់​ប្រាប់​ថា​ចំនួន​២៨​នាក់​នេះ​នឹង​អាច​ជម្រុះ​បន្ត​ទៀត​ទៅ​ថ្ងៃ​មុខ ដោយ​ហាត់​ជុំ​គ្នា​រយៈ​ពេល​២​ទៅ​៣​សប្ដាហ៍​សិន រួច​មក​នឹង​ធ្វើ​ការ​ប្រកួត​ជាមួយ​ក្រុម​ផ្សេង (មិន​ទាន់​ច្បាស់​ថា​ក្រុម​ណា) ដើម្បី​មើល​ជើង​ឱ្យ​ច្បាស់ កាត់​សេចក្ដី​ថា​កីឡាករ​ណា​មិន​មាន​សមត្ថភាព​គ្រប់​គ្រាន់​និង​ត្រូវ​ដក​ចេញ។

 

អតីត​គ្រូ​បង្គោល​ក្រុម​អាកាសចរណ៍​ស៊ីវិល​រូប​នេះ ​បាន​បន្ថែម​ទៀត​ថា៖ “អាកប្បកិរិយា អត្តចរិត​និង​កាយ​វិការ​ជា​រឿង​សំខាន់​ក្នុង​វិស័យ​បាល់ទាត់។ បើ​កីឡាករ​ណា​មាន​សមត្ថភាព​ហើយ តែ​ចរិត​មិន​ល្អ នោះ​យើង​ក៏​មិន​អាច​យក​គេ​បាន​ដែរ។ រយៈ​ពេល​ហ្វឹកហាត់​នេះ ជា​ឱកាស​ល្អ​ហើយ​សម្រាប់​យុវជន​ទាំង​អស់”។

 

​នេះ​ជា​ជំហាន​ថ្មី​មួយ សម្រាប់​ក្រុម​បឹង​កេត​អង្ករ​ក្នុង​ការ​បណ្ដុះ​ឈុត​យុវជន​របស់​ខ្លួន ខណៈ​ដែល​ក្លិប​ផ្សេង​ទៀត​ដូចជា​ភ្នំពេញ​ក្រោន ស្វាយ​រៀង​អី​ជា​ដើម​នោះ ក៏​បាន​បង្កើត​ឈុត​យុវជន​នេះ​រួច​ជា​ស្រេច​ហើយ​ដែរ។ មួយ​វិញ​ទៀត ខាង​សហព័ន្ធ​បាល់ទាត់​ក៏​មាន​គម្រោង​បង្កើត​លីក​លំដាប់​ទី​២ ដើម្បី​ឱ្យ​ក្រុម​យុវជន​បាន​បង្ហាញ​សមត្ថភាព​ដណ្ដើម​យក​ពាន​ក្នុង​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ដែរ៕

 

អត្ថបទ៖ មុន្នី រម្យ
រូបភាព៖ FB ក្លិបបឹងកេតអង្គរ