​រុស្ស៊ី​ទទួលស្គាល់ថា​ការធ្លាក់​យន្តហោះ​ក្នុងប្រទេស​អេ​ហ្ស៊ី​ប​ជា​អំពើ​ភេរវកម្ម

​រុស្ស៊ី​៖​កាលពី​ម្សិលមិញ​ទីក្រុង​មូ​ស្គូ​បានទទួល​ស្គាល់​ជា​លើកដំបូង​ថា យន្តហោះ​របស់ខ្លួន​ដែល​ធ្លាក់​នៅ​តំបន់​ស៊ី​ណៃ​ប្រទេស​អ​ហ្ស៊ី​ប​កាលពី​ខែ​មុន ពិតជា​ទទួលរង​ការវាយប្រហារ​ភេរវកម្ម  ខណៈដែល​ភ្ញៀវទេសចរ​រាប់ពាន់នាក់​បន្ថែមទៀត​ត្រូវបាន​ជម្លៀស​ចេញពី​ប្រទេស នេះ​ផងដែរ​។​

​      ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក​ព្រមទាំង​អ្នកស៊ើប​អង្កេត​អន្តរជាតិ​បាន​សង្ស័យថា គ្រាប់បែក​មួយ​គ្រាប់​បាន​ផ្ទុះ​នៅលើ​យន្តហោះ Metrojet A-321 ប៉ុន្តែ​មន្ត្រី​អេ​ហ្ស៊ី​ប​បាន​ទទូចថា មិនមាន​ភស្តុតាង​គ្រប់គ្រាន់​នៅឡើយ​ទេ​ដែលថា ការវាយប្រហារ​នេះ​ជា​ស្នាដៃ​របស់​ក្រុម​ជី​ហាដ​និយម​។ ទន្ទឹម​នោះ​នាយករដ្ឋមន្ត្រី​រុស្ស៊ី​លោក Dmitry Medvedev បាន​ថ្លែង​នៅក្នុង​បទ​សម្ភាស​មួយ​ជាមួយ​កាសែត​រដ្ឋ Rossiyskaya Gazeta ថា “​មាន​ហេតុផល​សម្រាប់​អ្វីដែល​បានកើត​ឡើង​ហើយ​មានលទ្ធភាព​នៃ​អំពើ​ភេរវកម្ម ”​។ ជាមួយគ្នានេះដែរ​កាលពី​ថ្ងៃ​ចន្ទ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​លោក Philip Hammond បាន​និយាយថា “​វា​ជា​រឿង​ដ៏​ទំនង​មួយ​ដែល​យន្តហោះ​នេះ​ត្រូវបានធ្វើ​ឲ្យ​ធ្លាក់​ដោយមាន គ្រាប់បែក​ផ្ទុះ​នៅលើ​នោះ​”​។ 

​    ​គួរ​បញ្ជាក់ថា ក្រុម IS បាន​និយាយថា ខ្លួន​បានធ្វើ​ឲ្យ​ធ្លាក់​យន្តហោះ​នេះ​ដើម្បី​ជាការ​សងសឹក​ចំពោះ ការវាយប្រហារ​ពីលើ​អាកាស​របស់​រុស្ស៊ី​នៅក្នុង​ប្រទេស​ស៊ី​រី​ប៉ុន្តែ ទោះបីជា​យ៉ាងណាក៏ដោយ​មិនបាន​និយាយ​អំពី​របៀប​ដែល​ពួកគេ​បានធ្វើ​នោះទេ​៕

​រុស្ស៊ី​ទទួលស្គាល់ថា​ការធ្លាក់​យន្តហោះ​ក្នុងប្រទេស​អេ​ហ្ស៊ី​ប​ជា​អំពើ​ភេរវកម្ម