ដល់​ថ្ងៃ​គ្រប់​ខែ​សម្រាល​កូន ទើប​ដឹង​ថា​ខ្លួន​មានផ្ទៃ​ពោះ


ដល់​ថ្ងៃ​គ្រប់​ខែ​សម្រាល​កូន ទើប​ដឹង​ថា​ខ្លួន​មានផ្ទៃ​ពោះ

​ស្ត្រី​ម្នាក់​រស់​នៅ​រដ្ឋ​ Massachusetts សហរដ្ឋអាមេរិក​ ​​មាន​អារម្មណ៍​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ក្រោយ​រក​ឃើញ​ថា​ខ្លួន​មាន​ផ្ទៃ​ពោះ និង​សម្រាល​កូន​មួយ​ម៉ោង​ក្រោយ។

 

អ្នក​ស្រី Judy Brown អាយុ៤៧ឆ្នាំ​ បាន​ទៅ​​មន្ទីរពេទ្យ Beverly នៃ​ទីក្រុង Beverly រដ្ឋ​ Massachusetts ក្រោយ​​មាន​អាការៈ​ឈឺ​ពោះ​ខ្លាំង និង​ពុំ​ដឹង​ថា​ខ្លួន​មាន​ផ្ទៃ​ពោះ​ទេ។​ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​មន្ទីរពេទ្យ។ ដំបូង​ឡើយ ស្រ្ដី​ខាង​លើ​ គិត​ថាការ​ឈឺ​ពោះ​នេះ​ ប្រហែល​បណ្ដាល​មកពី​ដុំ​សាច់​ណាមួយ ឬ​កំណក​ក្នុង​ថង់​ប្រមាត់​ក្នុង​ពោះ​។ ប៉ុន្តែ​ក្រោយ​ពេល​​គ្រូពេទ្យ​ពិនិត្យ​មើល ទើប​ដឹង​ថា​គាត់​ឈឺពោះ​ឆ្លង​ទន្លេ។

 

ដល់​ថ្ងៃ​គ្រប់​ខែ​សម្រាល​កូន ទើប​ដឹង​ថា​ខ្លួន​មានផ្ទៃ​ពោះ

 

អ្នក​ស្រី Brown ប្រាប់​សារព័ត៌មាន ABC ថា «​វា​គួរ​ឲ្យ​ខ្លាច ​ពេល​​ចូល​មន្ទីរពេទ្យ ដោយ​​ខ្ញុំ​គិត​ថា​រឿងរ៉ាវ​អាក្រក់​នឹង​កើត​ឡើង​​ជា​មិន​ខាន​ តែ​វា​ហួស​ពី​ការ​រំពឹង​ទុក​ ដែល​ខ្ញុំ​ឈឺ​​ផ្ទៃ​ពោះ​​សម្រាល​កូន​ទៅវិញ​»។

 

​​​​​​​អ្នក​ស្រី Brown ​បាន​រៀបការ​ជាមួយ​លោក Jason Brown ​ជាង ២២ឆ្នាំ​ហើយ ពុំ​មាន​កូន​ឡើយ នេះ​ជា​កូន​ដំបូង​របស់​ពួកគេ។ ក្រោយ​សម្រាល​​ គាត់​ទទួល​បាន​កូន​ស្រី មាន​សុខភាព​ល្អ ទម្ងន់ ៣,៦គីឡូក្រាម​ ដោយ​ដាក់​ឈ្មោះ​ឲ្យ​ Carolyn Rose។ អ្នក​ស្រី​បន្ត​ថា​ ​អ្នក​ស្រី​ពិតជា​មិន​ដឹង​ខ្លួន​មាន​ផ្ទៃ​ពោះ​ទេ ព្រោះ​រាងកាយ​ និង​សុខភាព​ធម្មតា មិន​មាន​អ្វី​ប្រែ​សម្រួល​សោះ។

 

លោក​វេជ្ជបណ្ឌិត Kimberly Gecsi ​នៅ​សាកលវិទ្យាល័យ  Case Medical Center ​និយាយ​ថា​វា​ជា​រឿង​កម្រ​នឹង​កើត​មាន​ ដែល​ស្ត្រី​ជា​ម្ដាយ​មិន​បាន​ដឹង​ខ្លួន​មាន​ផ្ទៃ​រហូត​ដល់​ថ្ងៃ​សម្រាល​នោះ៕

 

ចុចអាន៖ ក្រុមហ៊ុន​ជប៉ុន​ចេញ​ខ្នើយ​ឱប​​​​​ថ្មីរាង​ដូច​មនុស្ស​ស្រី​ពិត​ៗ សម្រាប់​​បុរស​ៗ​នៅ​លីវ​

 

 
ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ abcnews