អ្នកសង្កេតការ​អឺរ៉ុប​៖ ការរាប់​សន្លឹកឆ្នោត​នៅ​មី​យ៉ាន់​ម៉ា​ដំណើរការ​ដោយ​តម្លាភាព​

​ក្រុម​អ្នកសង្កេតការណ៍​មកពី​អឺរ៉ុប​ដែល​បាន​ឃ្លាំមើល​ការបោះឆ្នោត​នៅ​មី​យ៉ាន់​ម៉ា បាន​សរសើរ​ពី​ដំណើរការ​រាប់​សន្លឹកឆ្នោត ថា​មាន​ភាពល្អប្រសើរ​និង​តម្លាភាព​។  ប៉ុន្តែ​ក្រុម​អ្នកសង្កេតការ​ដដែល ក៏បាន​លើកឡើង​ពី​ចំណុច​មួយចំនួន​ដែល​ត្រូវ​កែលំអ​ឱ្យ​កាន់តែ​ប្រសើរ​ផងដែរ​។

លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ​

​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង​យ៉ាំង​ហ្គោ​ន នៅ​ថ្ងៃ​អង្គារ​នេះ លោក Alexander Graf Lambsdorff ប្រធាន​ប្រតិភូ​អ្នកសង្កេតការណ៍ បាន​សរសើរ​ពី​ការរៀបចំ​ដំណើរការ​បោះឆ្នោត​របស់​មី​យ៉ាន់​ម៉ា​។ លោក​ថា ដំណើរការ​រាប់​សន្លឹក​ឆ្នោត ដែល​អាច​បញ្ចប់​ក្នុង​រយៈពេល​ច្រើន​ខែ​ខាងមុខ គឺមាន​តម្លាភាព​។ ក្រុម​អ្នកសង្កេតការណ៍​នឹង​បន្ត​ស្ថិតនៅ​រហូតដល់​ថ្ងៃទី​២ ខែធ្នូ ដើម្បី​ឃ្លាំមើល​ការរាប់​សន្លឹកឆ្នោត​និង​ការទទួល​និង​ដោះស្រាយ​ពាក្យបណ្ដឹង​នានា​។

​ជាមួយគ្នានេះដែរ លោក Alexander បន្តថា ការបោះឆ្នោត​ឆ្នាំ​២០១៥​នេះ គឺជា​ចំនុច​របត់​ជា​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​ដំណើរការ​ផ្លាស់ប្ដូរ​បែប​លទ្ធិ​ប្រជាធិបតី​របស់​មី​យ៉ាន់​ម៉ា​។ ការបោះឆ្នោត​មាន​ភាពរលូន ហើយ​អ្នកបោះឆ្នោត​បានសម្រេច​ចិត្ត​ជាមួយនិង​ជម្រើស​ផ្សេងៗ​គ្នា​។

​យ៉ាងណាក៏ដោយ ក្រុម​អ្នកសង្កេតការណ៍​អឺរ៉ុប ក៏បាន​លើក​ពី​ចំណុច​មួយចំនួន​សម្រាប់​ការបោះឆ្នោត​ឱ្យ​កាន់តែ​ល្អប្រសើរ​ទៀត​។ ចំណុច​ដែល​ត្រូវ​កែលំអ​មានដូចជា ការបង្កើន​ចំនួន​បេក្ខជន​តំណាងរាស្ត្រ​ជា​ស្ត្រី និង​ជនជាតិ​មូស្លីម​ដែលមាន​ចំនួន​ទាប​នៅឡើយ​។ ហើយ​មួយវិញទៀត គឺ​ការពង្រីក​ចំនួន​ស្ត្រី​ឲ្យ​ចូលរួម​ក្នុង​វិស័យ​នយោបាយ​។ ការរួមបញ្ចូល​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ក្នុង​ដំណើរការ​នយោបាយ​ក៏ត្រូវ​បាន​លើក​ជា​អនុសាសន៍​ផងដែរ​។​

​ម្យ៉ាងវិញទៀត ក្រុម​អ្នកសង្កេតការណ៍​បានបញ្ជាក់​ពី​នីតិវិធី​ដោះស្រាយ​ពាក្យបណ្ដឹង ដែល​មិនគួរ​ដោះស្រាយ​ដោយ​គណកម្មាការ​បោះឆ្នោត​សហភាព​នោះទេ តែ​គួរ​មាន​គណកម្មាការ​ឯករាជ្យ​ណាមួយ​សម្រេច​ពី​វិវាទកម្ម​នេះ​វិញ​។    

​គួរ​បញ្ជាក់ថា ប្រជាជន​មី​យ៉ាន់​ម៉ា​ប្រមាណ​៣០​លាន​នាក់​បាន​ទៅ​ចូលរួម​ការបោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​កាលពី​ថ្ងៃអាទិត្យ ទី​៨ វិ​ច្ឆ​កា កន្លងទៅ​។ ការរាប់​សន្លឹកឆ្នោត​ជាបឋម​បង្ហាញថា គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី មាន​សំឡេង​នាំមុខ​លើ​គណបក្សកាន់អំណាចរ​បស់​ប្រធានាធិបតី ថេ​ន សេន​៕