លោក ផៃ ស៊ីផាន ៖ ជ័យជំនះលោកស្រី អ៊ុង សានស៊ូជី មិនមែនមានន័យថា ជាជ័យជំនះ លោកសម រង្ស៊ី សម្រាប់បោះឆ្នោត ឆ្នាំ២០១៨

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល កម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងថា ជ័យជំនះ របស់លោកស្រី អ៊ុង សានស៊ូជី មេដឹកនាំគណបក្សប្រឆាំង ដែលបានឈ្នះឆ្នោត លើគណបក្សកាន់អំណាច ក្នុងការបោះឆ្នោត នៅភូមាមិនមែន បានសេចក្តីថា ជាជ័យជំនះរបស់លោកសម រង្ស៊ី ដែលជាមេដឹកនាំបក្ស ប្រឆាំងនៅកម្ពុជា សម្រាប់ការបោះឆ្នោត នៅអាណត្តិទី៦ ខាងមុខឡើយ។

ការថ្លែងឆ្លើយទៅ លោក សម រង្ស៊ីបែបនេះ ក្រោយពីលោក សម រង្ស៊ី បានបង្ហាញសារនៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ថា “ជ័យជំនះ ភ្លូកទឹកភ្លូកដី របស់លោកស្រី អ៊ុង សាន ស៊ូ ជី និងគណបក្ស សម្ព័ន្ធភាពជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រី ក្នុងការបោះឆ្នោត កាលពីថ្ងៃ ៨ វិច្ឆិកា ២០១៥ នៅប្រទេសភូមា គឺជាដំណឹងល្អ សម្រាប់លទ្ធិប្រជាធិបតេយ្យ ទូទាំងពិភពលោក ជាពិសេស សម្រាប់ ប្រទេសកម្ពុជា”។

លោក ផៃ ស៊ីផាន បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា លោកសម រង្ស៊ី គឺជាឈ្មួញរក ស៊ីខាងនយោបាយ គ្មានភាពប្រាកដប្រជាជាមួយខ្លួនឯងឡើយ ហើយជ័យជំនះរបស់អ្នកដទៃ មិនមែនជា ជ័យជំះរបស់ខ្លួនឯងនោះទេ។

លោកបន្តថា ការបោះឆ្នោតនៅក្នុងប្រទេសភូមាជាករណីផ្សេងខុសពីកម្ពុជា ទាំងពីរបបនយោបាយ និងការ ដឹកនាំ។ ភូមាជារបបប្រធានាធិបតីនិយម ប៉ុន្តែកម្ពុជាជារបបសភានិយម។

មន្រ្តីជាន់ខ្ពស់រូបនេះបន្ថែមថា “ការគ្រប់គ្រងនយោបាយនៅភូមាគឺ ដាច់ដោយឡែកពីកម្ពុជា ។ កម្ពុជា នាយករដ្ឋមន្រ្តី កើតឡើងដោយការបោះឆ្នោត ហើយការបោះឆ្នោតដោយសេរី និងយុត្តិធម៌មាន៥អាណត្តិ រួចមកហើយ ប៉ុន្តែគ្រាន់តែធ្វើវាឲ្យរឹតតែប្រសើរឡើង មិនមែនស្ថិតនៅក្រោមឥទ្ធិពលនៃយោធាផ្តាច់ការ ឬអ្នកដឹកនាំផ្តាច់ការនោះទេ “។

លោកបានលើកឡើងទៀតថា លោកសម រង្ស៊ី ដែលជាមេបក្សប្រឆាំងនៅកម្ពុជា បោះឆ្នោត៥អាណត្តិ មកហើយ ប៉ុន្តែមិនដែលបានទទួលសំឡេងឆ្នោតគាំទ្រ ពីប្រជាពលរដ្ឋឲ្យក្លាយ ជាអ្នកដឹកនាំប្រទេសម្តងណានោះទេ៕

លោក ផៃ ស៊ីផាន ៖ ជ័យជំនះលោកស្រី អ៊ុង សានស៊ូជី មិនមែនមានន័យថា ជាជ័យជំនះ លោកសម រង្ស៊ី សម្រាប់បោះឆ្នោត ឆ្នាំ២០១៨