ត្រេកអរ រហូត​ដល់​បោះ​ទូរស័ព្ទ​ចោល នៅ​ពេល​ដឹង​ថា​ខ្លួន​ឈ្នះ ៥ម៉ឺន​ដុល្លារអាមេរិក ពីសែលកាត

ភ្នំពេញ៖ អ្នកមីង ហេង ចាន់ធូ បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងពិធីប្រគល់ មហារង្វាន់ធំ ទឹកប្រាក់ ៥ម៉ឺនដុល្លារអាម៉េរិក ពីក្រុមហ៊ុនសែលកាត នៅថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ២០១៥នេះថា នៅពេលដែលខ្ញុំកំពុងលក់កាហ្វេនៅខាងមុខផ្ទះ ស្រាប់តែមានអតិថិជន ខលប្រាប់ថា ខ្ញុំត្រូវរង្វាន់ឈ្នះ ៥ម៉ឺនដុល្លារអាមេរិក ពីក្រុមហ៊ុនសែលកាត ពេលនោះខ្ញុំក៏សប្បាយចិត្តស្លុតរហូតដល់បោះទូរស័ព្ទចេញដោយមិនដឹងខ្លួន។

អ្នកមីង ហេង ចាន់ធូ មានមុខរបរជាអ្នកលក់កាហ្វេ ស្ថិតនៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ បានឲ្យដឹងទៀតថា «មុនដំបូងនៅពេលអតិថិជន Call មក បានប្រាប់ថាខ្ញុំបានឈ្នះរង្វាន់៥ម៉ឺនដុល្លារ ពីក្រុមហ៊ុនសែលកាត តែខ្ញុំ ដូចជាពុំមានការចាប់អារម្មណ៍ទេ ហើយខ្ញុំក៏ call ទៅសួរក្រុមហ៊ុន  ខាងក្រុមហ៊ុនក៏បានប្រាប់ថាខ្ញុំពិតជាឈ្នះមែនពេលនោះខ្ញុំក៏ត្រេកអរមួយរំពេច ក៏បានបោះទូរស័ព្ទចោល និងភ័យញ័រដៃរកធ្វើអ្វីក៏មិនកើត មានអារម្មណ៍ដូចហោះអីចឹង ព្រោះសប្បាយចិត្តខ្លំាងពេក»។

អ្នកមីងបន្តទៀតថា «ដឹងថាឈ្នះពិតមែន ខ្ញុំក៏បានប្រាប់ប្តី និងបងប្អូន ព្រមទាំងកូន របស់ខ្ញុំ។ ប្តីរបស់ខ្ញុំក៏សប្បាយ និងបានវិលមកផ្ទះវិញទំាងគាត់កំពុងធ្វើការនៅខេត្ត»។

នៅក្នុងបរិយាកាស ដ៏សប្បាយរីករាយជាមួយនឹងមហារង្វាន់របស់ក្រុមហ៊ុនសែលកាត អ្នកមីងបានបញ្ជាក់នៅថ្ងៃប្រគល់រង្វាន់នេះថា ក្នុងគ្រួសារខ្ញុំពិតជាមិនឃ្លានបាយ និងដេកមិនលក់ ទោះជាមានម្ហូបឆ្ងាញ់យ៉ាងណាក៏ដោយ ពីព្រោះទឹកប្រាក់៥ម៉ឺនដុល្លារអាមេរិក បានធ្វើឲ្យបាត់ឃ្លានបាយ៕

ត្រេកអរ រហូត​ដល់​បោះ​ទូរស័ព្ទ​ចោល នៅ​ពេល​ដឹង​ថា​ខ្លួន​ឈ្នះ ៥ម៉ឺន​ដុល្លារអាមេរិក ពីសែលកាត