មន្ត្រីរាជការ​ទាំងអស់​នឹង​ទទួល​បាន​ប្រាក់បៀវត្ស​១​ខែ​១​លាន​រៀល​នៅ​ឆ្នាំ​២០១៨ ដោយ​ពឹង​ផ្អែក​លើ​វិស័យ​សេដ្ឋ​កិច្ច​

ខេត្តសៀមរាប ៖ នៅ​រដ្ឋបាល​សាលាខេត្តសៀមរាប​ នា​ព្រឹក​ថ្ងៃ​ទី​១០ វិច្ឆិកា ២០១៥​នេះ មាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​នីតិវិធី​នៃ​ការ​ចុះ​ត្រួតពិនិត្យ​លើ​ការ​ប្រើប្រាស់​ក្រប​ខណ្ឌ​មន្ត្រីរាជការ ជា​គ្រូបង្រៀន និងផ្នែក​រដ្ឋបាល គ្រូ​ជាប់កិច្ចសន្យា នៅ​តាម​បណ្តា​គ្រឹះស្ថានសិក្សា នៃ​ក្រុង/ស្រុក ក្នុង​ខេត្តសៀមរាប ក្រោម​អធិបតីភាព​លោក ជុក មុន្នី អនុ​រដ្ឋ​លេខា​ក្រសួង​មុខងារសាធារណៈ​, លោក ពៅ ពិសិដ្ឋ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​បណ្តា​ថ្នាក់ដឹកនាំ​មន្ទីរ អាជ្ញាធរ​ក្រុង/ស្រុក ចៅសង្កាត់ និងនាយក​វិទ្យាល័យ អនុ​វិទ្យាល័យ សាលា​បឋម​សិក្សា និងលោកគ្រូ អ្នកគ្រូ​ក្រុង/ស្រុក​ផង​ដែរ ។

កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​សំដៅ​ជម្រុញ​នូវ​គុណភាព​ក្នុង​ការ​គ្រប់គ្រង​ដឹកនាំ​មន្ទីរ អង្គភាព នៅ​ថ្នាក់​ក្រោម​ជាតិ ក្នុង​គោលដៅ​ធ្វើការ​កំណែ​ទម្រង់​​មុខងារសាធារណៈ​របស់​រាជរដ្ឋាភិបាល ។ កត្តា​សំខាន់​នៃ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ​ក្នុង​ការ​ចុះ​ស្រង់​ទិន្នន័យ​ពី​ការ​ប្រើប្រាស់​ក្រប​ខណ្ឌ​មន្ត្រីរាជការ ជា​គ្រូបង្រៀន និង​ផ្នែក​រដ្ឋបាល ព្រមទាំង​គ្រូបង្រៀន​ថ្នាក់​ពីរ​វេន គ្រូបង្រៀន​ថ្នាក់​គួប និង​គ្រូបង្រៀន​ជាប់កិច្ចសន្យា នៅ​គ្រប់​កម្រិតសិក្សា របស់​មន្ទីរ​អប់រំ​យុវជន​ខេត្តសៀមរាប ។

ក្នុង​កិច្ច​ស្វាគមន៍ លោក ពៅ ពិសិដ្ឋ ក៏​បាន​គូសបញ្ជាក់​ថា ដើម្បី​ឲ្យ​យុទ្ធនាការ​ស្រង់​ទិន្នន័យ​ស្តី​ពី​ការ​ប្រើប្រាស់​ក្រប​ខណ្ឌ​មន្ត្រីរាជការ​របស់​ក្រសួង​មុខ​ងារ​សាធារណៈ គ្រប់​អាជ្ញាធរ​ក្រុង/ស្រុក ឃុំ​/​សង្កាត់ ត្រូវ​ផ្តល់​កិច្ចសហការ និង​គាំទ្រ​ដល់​ក្រុមការងារ​របស់​មន្ទីរ​មុខងារសាធារណៈ ព្រមទាំង​ធ្វើការ​សម្រប​សម្រួល​សម្រាប់​ទីតាំង​ក្នុង​ការ​បំពេញ​ភា​កិច្ច​ក្នុង​ពេល​យុទ្ធនាការ​នេះ​ផង​ដែរ ។ លោក​ក៏​បាន​ឲ្យ​ដឹងផង​ដែរ​អំពី​ស្ថានភាព​ទូទៅ​នៃ​មន្ត្រីរាជការ​រដ្ឋបាល​ខេត្តសៀមរាប គិត​ត្រឹម​បំណាច់​ត្រីមាស​ទី​៣ ឆ្នាំ​២០១៥ មាន​ចំនួន​៨៨៧២​នាក់​(​ស្រី​៤៣៥៥​នាក់​) មន្ត្រី​ជាប់កិច្ចសន្យា​ចំនួន​១០៨៧​នាក់ បុគ្គលិក​បណ្តែត​៣៨០​នាក់ សហ​ព័ន្ធ​​មន្ត្រីរាជការ​២១៤៦​នាក់ កូន​ក្នុង​បន្ទុក​៦៥៦៦​នាក់ និយាយ​ដោយឡែក​មន្ត្រី​អប់រំ សរុប​៦៤៤៦​នាក់​(​ស្រី​៤០៧៣​នាក់​) ។

មាន​ប្រសាសន៍​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នោះ លោក ជុក មុ​នី្ន បាន​លើក​ឡើង​ពី​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​កសាង​រដ្ឋបាល​សាធារណៈ​ឲ្យ​កាន់តែ​ឆ្លើយ​តប និង​មាន​ប្រសិទ្ធភាព ប្រសិទ្ធ​ផល ជំនឿ​ទុកចិត្ត​ក្នុង​ការ​លើកកម្ពស់​សេវា​សាធារណៈ ឆន្ទៈ​ម្ចាស់​ការ ភក្តីភាព និង​មនសិការ​វិជ្ជាជីវៈ របស់​មន្ត្រី​រាជ​ការ ដើម្បី​ឲ្យ​ប្រែក្លាយ​រដ្ឋបាល​សាធារណៈ​ឲ្យ​ទៅ​ជា​អ្នក​ផ្តល់​សេវា​សាធារណៈ​ដ៏​មាន​ប្រសិទ្ធភាព បម្រើ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង ។ ក្នុង​នោះ​​ដែរ​លោក​ក៏​លើក​ពី​ការ​កែ​លម្អ​ប្រព័ន្ធ​គ្រប់គ្រង​មនុស្ស​តាម​រយៈ​ការ​ជម្រុញ​អនុវត្ត​គោលនយោបាយ​ធនធានមនុស្ស​ក្នុង​រដ្ឋបាល​សាធារណៈ សំខាន់​លើ​ការ​ពង្រឹង​ការ​គ្រប់គ្រង​ទំហំ​មន្ត្រីរាជការ ការ​ចាត់ចែង​ការងារ និង​ការ​កែ​លម្អ​ការ​គ្រប់គ្រង​ជំនាញ ការ​អនុវត្ត​ប្រព័ន្ធ​គ្រប់គ្រង​គុល​ផល និង​ទទួលខុសត្រូវ​របស់​មន្ត្រីរាជការ ការ​ពង្រឹងសមត្ថភាព​ការងារ សីលធម៌ និង​វិន័យ​របស់​មន្ត្រីរាជការ ព្រមទាំង​ការ​រៀបចំ​ធនធានមនុស្ស និង​ការ​បន្តវេន ។

លោក ជុក មុ​នី្ន បាន​បន្ត​ទៀត​ថា សម្រាប់​វិស័យ​អប់រំ ជា​គោលដៅ​យុទ្ធសាស្ត្រ​ក្នុង​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ដោយ​ផ្តោត​លើ​ការ​ផ្តល់​ឱកាស​ស្មើ​ៗ​គ្នា​ដល់​កុមារ និង​យុវជន​កម្ពុជា ព្រមទាំង​បន្ត​យកចិត្តទុកដាក់​កែ​លម្អ​គុណភាព​អប់រំ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវការ​អភិវឌ្ឍន៍​ប្រទេស​​ជាតិ ។

លោក​បាន​គូសបញ្ជាក់​ថា កិច្ចប្រជុំ​ផ្សព្វផ្សាយ​ដល់​មន្ត្រី​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​បាន​យល់​ដឹង​ពី​គោលបំណង និង​នីតិវិធី​នៃ​ការ​ចុះ​ត្រួតពិនិត្យ​លើ​ការ​ប្រើប្រាស់​មន្ត្រីរាជការ ជា​គ្រូបង្រៀន និង​ផ្នែក​រដ្ឋបាល គ្រូ​ជាប់កិច្ចសន្យា នៅ​តាម​បណ្តា​ក្រុង​/​ស្រុក​ទាំង​១២​របស់​ខេត្តសៀមរាប ដើម្បី​យក​ទៅ​អនុវត្ត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ទាំង​ការ​គ្រប់គ្រង​មន្ត្រីរាជការ​ជា​គ្រូបង្រៀន ទាំង​ផ្តល់​សេវា​អប់រំ​ជូន​ដល់​សិស្សានុសិស្ស​ឲ្យ​សម្រេច​បាន​គោលដៅ​យុទ្ធសាស្ត្រ​របស់​រាជ​ភិ​បាល ក្នុង​ការ​រៀបចំ​នូវ​ប្រាក់បៀវត្ស​ជូន​មន្ត្រីរាជការ​ឲ្យ​បាន​១​លាន​រៀល​ក្នុង​មួយ​ខែ​នា​ឆ្នាំ​២០១៨ ដោយ​ពឹងផ្អែក​ទៅ​លើ​វិស័យសេដ្ឋកិច្ច​ផង​ដែរ ៕