គយ​ចល័ត​ចាប់​រថយន្ត​ទំនើប​អត់​ពន្ធ​២​គ្រឿង​នៅ​លំ​នៅឋាន​មួយកន្លែង​នៅ​ទួល​ទំពូង​២

​រាជធានី​ភ្នំពេញ​៖​រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង ដែល​គេ​ដឹងថា ជា​រថយន្ត​របស់លោក​មានអំណាច​ដែល​ជិះ​រថយន្ត​អត់​បង់ពន្ធ​ត្រូវបាន​កម្លាំង គយ​ចល័ត​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក ព្រាប គា​រ៉ាត់ ប្រធានការិយាល័យ​គយ​ចល័ត និង​មានការ​ចូលរួម​ដោយ​លោក មាស ចាន់​ពិសិដ្ឋ ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស ចាប់​ដកហូត​បន្ទាប់ពី​ចុះ​ឆែកឆេរ និង​ត្រួតពិនិត្យ​នៅ​លំនៅឋាន​មួយ កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃទី​១០ វិច្ឆិកា ឆ្នាំ​២០១៥​។ 

​    ​រថយន្ត​គេចពន្ធ​ទាំងពីរ​គ្រឿង​នេះ បាន​លាក់ខ្លួន​នៅក្នុង​ផ្ទះ​លេខ​៦២ ផ្លូវ​៤៤០ ក្រោយ​ផ្សារ​ទួល​ទំពូង ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ។ ទី​១-​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX350 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​នគរបាល 2-8171 និង​រថយន្ត​ស៊េរី​ទំនើប​ទី​២ ម៉ាក​អូ​ឌី ពណ៌​ស ពាក់​ស្លាក​លេខ​នគរបាល 2-7181 ។ 

​    ​យ៉ាងណាក៏ដោយ​គ្រា​ដែល​ចុះ​ប្រតិបត្តិការ​ខាងលើនេះ​គេ​សង្កេតឃើញ​វត្តមាន​ស្ត្រី​ម្នាក់ ដែល​អះអាងថា ជា​ភរិយា​នៃ​មន្ត្រី​នោះ បានចេញ​មុខការ​ពារ​ភ្លាម​ដោយ​ប្រកាសថា ប្តី​គាត់​ជា​អនុរដ្ឋលេខាធិការ​នៅ​ក្រសួងមហាផ្ទៃ​ទទួលបន្ទុក​ផ្នែក សណ្តាប់ធ្នាប់​សាធារណៈ​។ ប៉ុន្តែ​ក្រុម​សមត្ថកិច្ច​មិន​រាថយ​នោះឡើយ ហើយ​បាន នាំយក​រថយន្ត​សង្ស័យ​ទាំង​២​គ្រឿង​នោះ​ទៅ​រក្សាទុក នៅ​មណ្ឌល​ឃ្លាំង​របស់​គយ​ផ្នែក​បង្ការ​និង​បង្ក្រាប​បទល្មើស​គេចពន្ធ​ដើម្បី ដោះស្រាយ​តាមច្បាប់​៕

គយ​ចល័ត​ចាប់​រថយន្ត​ទំនើប​អត់​ពន្ធ​២​គ្រឿង​នៅ​លំ​នៅឋាន​មួយកន្លែង​នៅ​ទួល​ទំពូង​២