កូរ៉េខាងត្បូង គ្រោងនឹងសាងសង់ ព្រលានយន្ដហោះទីពីរ នៅរមណីយដ្ឋាន កោះ ចេជូ

សេអ៊ូល ៖ អគ្គនាយកដ្ឋាន សាធារណការ និងដឹកជញ្ជូនកូរ៉េខាងត្បូង នៅព្រឹកថ្ងៃអង្គារ នេះបានប្រកាស ពីគម្រោង មួយថា នឹងសាងសង់ព្រលានយន្ដហោះថ្មីមួយទៀត នៅរមណីយដ្ឋានកោះចេជូ ស្ថិតនៅតំបន់ ភាគខាងត្បូង ប្រទេស នៅត្រឹមឆ្នាំ២០២៥ ដើម្បីបំពេញតម្រូវការកើនឡើង នៃការធ្វើដំណើរផ្លូវអាកាស ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ ដោយដកស្រង់ពីប្រភព ខាង លើបន្ដទៀតថា ព្រលានយន្ដហោះថ្មីនេះ នឹងមានទីតាំងនៅ ស៊ីនសាន្ដរី ជាទីក្រុងមួយនៅជិតតំបន់ ភាគខាងត្បូង នៃកោះចេជូ។ ហើយវានឹងត្រូវចំណាយ ទឹកប្រាក់ ប្រមាណជា ៤,១ពាន់ពាន់លានវ៉ុន ស្មើនឹង ៣,៥ពាន់លាន ដុល្លារអាមេរិក ។

គួរបញ្ជាក់ផងដែរថា ព្រលានយន្ដហោះថ្មីនេះ គ្រោងនឹងសាងសង់ឡើង ស្របពេល ដែល មានការកើនឡើង យ៉ាង គំហុគនូវការធ្វើដំណើរផ្លូវអាកាស ដោយសារតែចំនួនប្រជាជន នៅកោះចេជូ នេះ ជាពិសេស គឺភ្ញៀវទេសចរចិន រួមជាមួយនឹងតម្លៃនៃជើងហោះហើរទាប ។

ដោយឡែកចំនួនអ្នកធ្វើដំណើរ តាមព្រលានយន្ដហោះអន្ដរជាតិ ចេជូ បានការកើនឡើងយ៉ាងលឿនពោល គឺ ១១,៣៥លាននាក់ក្នុងឆ្នាំ២០០៥ ដល់ទៅ ១៥,៧២លាននាក់ក្នុង ឆ្នាំ២០១០ និងបានឈានដល់ ២៣,២០លាន នាក់កាលពីឆ្នាំមុននេះ ។ ហើយចំនួនខាងលើនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៣៩,៣៩លាននាក់ នៅ ឆ្នាំ២០២៥ និង ៤៥,៤៩លាននាក់ នៅឆ្នាំ២០៣៥ ៕