មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល បានចាត់ទុក​លោក​សម​រង្ស៊ី ថា​ប្លន់​ជ័យជម្នះ​របស់លោក​ស្រី អ៊ុង​សាន​ស៊ូ​ជី

ភ្នំពេញ: ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន បានចាត់ទុក​ការលើកឡើង​របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​ករណី​ជ័យជម្នះ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី នៅ​ប្រទេស​មី​យ៉ាម៉ា (​ភូមា​) ដែល​លោក​សមរង្ស៊ី​ថា ជា​សញ្ញា​ល្អ​មួយ​មកដល់​កម្ពុជា​នោះ គឺ​ត្រូវបាន​លោក​ផៃ​ស៊ី​ផាន ចាត់ទុកថា ការលើកឡើង​នេះ ជាការ​ប្លន់​យកជ័យ​ជម្នះ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ដើម្បី​មក​ធ្វើ​អាជីវកម្ម​នយោបាយ​ភូតភរ នៅ​កម្ពុជា​។​

​ក្នុង​ហ្វេ​ស​ប៊ុ​កនៅ​រសៀល​ថ្ងៃទី​១០​វិ​ចិ្ឆ​កា​នេះ លោក​ផៃ​ស៊ី​ផាន បាន​លើកឡើងថា "​ជា​សារ​នយោបាយ​របស់លោក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្លន់​យក​ភាពជោគជ័យ​របស់លោក​ស្រី​ប្រធាន​គណបក្សប្រឆាំង​មី​យ៉ាម៉ា (​ភូមា​) យកមក​ធ្វើជា​អាជីវកម្ម​នយោបាយ​ប្រឌិត​ភូតភរ​មហាជន​កម្ពុជា​។ ប្រទេស​កម្ពុជា បានរៀបចំ​បោះឆ្នោត​ចំនួន​ប្រាំ​អាណត្តិ​មកហើយ ដែល​ប្រទេស​មី​យ៉ាម៉ា​(​ភូមា​) គ្មាន​។ ហើយ​ទើបតែ​បោះឆ្នោត​លើកទីមួយ​។ ប្រទេស​កម្ពុជា ទទួល​អនុវត្ត​នូវ​គោលការណ៍ ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ជា​របប​នយោបាយ​សេរី​ពហុបក្ស ដែល​មី​យ៉ាម៉ា គ្មាន​"​។

​លោក​ផៃ​ស៊ី​ផាន បន្តថា "​រង្ស៊ី បាន​ចោទប្រកាន់​លាប​ពណ៌​ក្នុងការ​ប្រើពាក្យ “​ផ្តាច់ការ​” ឈរ​ទៅលើ​ការបោះឆ្នោត​ចំនួន​ប្រាំ​អាណត្តិ​មកហើយ​នៅ​កម្ពុជា សម រង្ស៊ី បាន​ចូលរួម​គោលការណ៍​សេរី​ពហុបក្ស និង​ការបោះឆ្នោត​ជា​សាកល ក៏ប៉ុន្តែ​រាស្ត្រ​ខ្មែរ​ភាគច្រើន អត់​មាន​ជំនឿ​លើ​ភាព​ដឹកនាំ ឯកឧត្តម សម រង្ស៊ី ហេតុ​ដូចនេះហើយ ប្រធាន​គណបក្សប្រឆាំង​រូបនេះ​ចាញ់​រហូត​។ ការ​ចាញ់​រហូត​នេះ ធ្វើអោយ​ប្រធាន​គណបក្សប្រឆាំង​នេះ ប្រើ​គ្រប់​រូបភាព និង​ល្បិច​ក្នុងការ​លាប​ពណ៌ និង​បន្ទោស​ប្រជាពលរដ្ឋ ក៏ដូចជា​ការប្រើ​ពាក្យ “​ផ្តាច់ការ​” ក្នុងទិសដៅ​ញុះញង់​អោយមាន​អំពើ​ហឹ​ង្សា ក៏ប៉ុន្តែ​នៅតែ​ចាញ់​រហូត​"​។

​លោក​ផៃ ស៊ី​ផាន បន្តថា "​របប​នយោបាយ​របស់​មី​យ៉ាម៉ា ឬ​ភូមា គឺ​ខុស​នឹង​កម្ពុជា​។ មី​យ៉ាម៉ា ឬ​ភូមា ប្រកាន់​របប​ប្រធានាធិបតីនិយម​ខុសពី​កម្ពុជា គឺ​សភានិយម​។ កម្ពុជា ពុំមាន​កូតា​កង​ប្រដាប់អាវុធ​ទេ ខុសពី​សភា​របស់​មី​យ៉ាម៉ា​។ ប៉ុន្តែ​ក្នុងន័យ​អព្យាក្រឹត និង​មិន​ជ្រៀក​ជ្រែក​បញ្ហា​ផ្ទៃក្នុង កម្ពុជា អបអរសាទរ និង​ស្វាគមន៍​លទ្ធផល ឬ​ទិដ្ឋភាព​ផ្លូវការ​នយោបាយ​របស់​មី​យ៉ាម៉ា​។ ការ​លួច ឬ​ប្លន់​ក​តិ្ត​យស និង​ភាពជោគជ័យ​របស់លោក​ស្រី អង់ សាន​សូ​ជី គឺជា​ភាពអាម៉ាស់​នោះ មិន​គិត​អំពី​អ្វីដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ភូតភរ​ប្រជាជន​ខ្លួនឯង​នោះឡើយ​"​។​

​អត្ថាធិប្បាយ​របស់លោក​ផៃ​ស៊ី​ផាន ខាងលើនេះ គឺ​បាន​ធ្វើឡើង​ភ្លាមៗ បន្ទាប់ពី​លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ស្ថិតនៅ​ប្រទេស​ជប៉ុន នា​ថ្ងៃទី​១០​វិច្ឆិកា​នេះ បាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​កថា “​ជ័យជំនះ​ភ្លូកទឹកភ្លូកដី​របស់លោក​ស្រី អ៊ុង សាន ស៊ូ ជី និង​គណបក្ស "​សម្ព័ន្ធភាព​ជាតិ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​" របស់លោក​ស្រី ក្នុងការ​បោះឆ្នោត កាលពី​ថ្ងៃ ៨ វិច្ឆិកា ២០១៥ នៅ​ប្រទេស​ភូមា គឺជា​ដំណឹង​ល្អ សម្រាប់​លទ្ធិប្រជាធិបតេយ្យ ទូទាំង​ពិភពលោក ជាពិសេស​សម្រាប់​ប្រទេស​កម្ពុជា​”៕​