លោក ហោ ណាំហុង ដឹកនាំ​គណៈប្រតិភូ ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស មេគង្គ​-​ឡាន​ឆាង នៅ​ចិន​

ភ្នំពេញ: ​នៅ​រសៀល​ថ្ងៃទី​១០ ខែវិច្ឆិកា​នេះ ​លោក​ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង រដ្ឋមន្ដ្រី​ក្រសួងការបរទេស និង​សហ​ប្រតិ​ប​ត្ដិ​ការ​អន្ដរជាតិ បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ដ្រីការបរទេស នៃ​កិច្ចសហប្រតិបត្ដិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​១ ដែល​នឹង​ប្រ​ព្រឹ​ត្ដទៅ ពីថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ទីក្រុង​ជី​ង​ហុង ខេត្ដ​យូ​ណាន សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ដំណើរ​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​នោះ គឺ​តាម​ការអញ្ជើញ​របស់លោក វ៉ាង យី រដ្ឋមន្ដ្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត ចិន​។ កិច្ចប្រជុំ​នេះ នឹង​ពិភាក្សា​លើ​ការបង្កើត​រចនាសម្ព័ន្ធ​របស់​កិច្ចសហប្រតិបត្ដិការ​មេគង្គ​-​ឡាន​ឆាង ហើយនឹង​ផ្លាស់ប្ដូរ​យោបល់ លើ​បញ្ជី​គម្រោង ដែល​ឆាប់​ទទួលបាន​ផល ក្នុង​កិច្ចសហប្រតិបត្ដិការ​លើ​ការគ្រប់គ្រង​ធនធានទឹក សុខភាព សាធារណៈ វិទ្យាសាស្ដ្រ និង​បច្ចេកវិទ្យា និង​វប្បធម៌​។​

​កិច្ចប្រជុំ​នេះ ក៏​នឹង​ពិនិត្យ​អំពី​ទំនាក់​ទំនង​របស់​កិច្ចសហប្រតិបត្ដិការ​មេគង្គ​-​ឡាន​ឆាង ជាមួយនឹង​ក្រប​​ខ័​ណ្ឌ​អនុតំបន់​ដទៃទៀត ដូចជា កម្ម​​វិធី​កិច្ចសហប្រតិបត្ដិការ​សេដ្ឋកិច្ច នៃ​មហា​អនុតំបន់​មេគង្គ និង​កិច្ចសហប្រតិបត្ដិការ​អភិវឌ្ឍ​អាស៊ាន​អាង​ទន្លេមេគង្គ​ផងដែរ​។​

​ក្រសួងការបរទេស បានប្រកាសថា កិច្ចប្រជុំ ក៏​នឹង​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​រួមមួយ នឹងត្រូវ​ចេញផ្សាយ​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​៕​